ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌាបានបង្ហាញពីគម្រោងនៃការផ្តល់ជំនួយ និងការកៀងគរនាំយកវិនិយោគិនឥណ្ឌាមកកាន់កម្ពុជា រួមជាមួយនឹងការប្ដេជ្ញារចិត្តក្នុងពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំង២ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា
ឯកអគ្គរដ្ឋទូតនៃសាធារៈរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រីបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) នៅក្នុងជំនួបជាផ្លូវការជាមួយសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះបានលើកឡើងថា ឥណ្ឌាបានប្តេជ្ញាថា នឹងខិតខំជំរុញដល់អ្នកវិនិយោគិនពីប្រទេសឥណ្ឌា មកបណ្ដាក់ទុននៅកម្ពុជា ក្នុងវិស័យសុខាភិបាល ជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ។
លោកស្រីបានបញ្ជាក់ថា “ឥណ្ឌានឹងលើកកម្ពស់ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមបែបឌីជីថល នៅក្នុងនោះមាន ប្រជាជនកម្ពុជានិងប្រជាជនឥណ្ឌា ប្រជាជនឥណ្ឌានិងប្រជាជនក្នុងតំបន់អាស៊ាន ហើយឥណ្ឌានឹងកសាងផ្លូវគមនាគមន៍ដ៏ធំមកកាន់បណ្តាប្រទេសសមាជិកអាស៊ានផងដែរ។ នៅក្នុងនោះ នៅមានគោលបំណងចូលរួមជួយជួសជុលអភិរក្សប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ចូលរួមជំរុញលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនៅជនបទ និងជួយដល់វិស័យសុខាភិបាល ការប្រយុទ្ធប្រឆំាងជំងឺគ្រុនចាញ់ និងការកសាងសមត្ថភាពសមាជិកសមាជិកាសភានិងមន្រ្តីរាជការថែមទៀតផង”។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រទៅលើគោលបំណងដូចដែលបានលើកឡើង ដោយសម្ដេចបានមានប្រសាសន៍ថា កម្ពុជា-ឥណ្ឌា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតនេះជាមួយគ្នាជាយូរយារណាស់មកហើយ ទាំងផ្នែកសិល្បៈ វប្បធម៌ និងជំនឿសាសនា។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ឥណ្ឌាជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនច្រើនទេ ដែលបានគាំទ្រដល់រដ្ឋាភិបាលកម្ពុជា នៅក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ខណៈប្រទេសជាច្រើន ពិសេសប្រទេសលោកខាងលិច បានហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជា។
សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជាមានការពេញចិត្ត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសយើងទំាងពីរ កម្ពុជា-ឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ទំាងវិស័យ នយោបាយ ការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា ដែលរយៈពេលកន្លងមកនេះ បានជួយបណ្តុះបណ្តាលធនធានមនុស្សរយៈពេលខ្លី និងវែង ដល់និស្សិត និងមន្រ្តីកម្ពុជា ជាងមួយពាន់នាក់ និងសូមស្នើឥណ្ឌាបន្តជួយបណ្តុះបណ្តាលជំនាញផ្សេងៗបន្ថែមទៀត។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាសូមអបអរសាទរ រដ្ឋាភិបាលប្រទេសទាំងពីរដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈ ជាមួយគ្នា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន និងបានត្រៀមចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើនទៀត៕