ដោយ: គង់ សូរិយា
ភ្នំពេញ: ក្រុមហ៊ុន Khmer Holding Group ដឹកនាំដោយលោក ឆាវ អ៊ីនទ័រ បានប្រកាសពីគំរោងវិនិយោគលើផ្នែកជាច្រើននៃវិស័យកសិឧស្សាហកម្ម ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ។
ក្នុងជំនួបជាមួយលោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ លោក ឆាវ អ៊ីនទ័រអគ្គនាយកក្រុមហ៊ុនKhmer Holding Groupបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនរបស់លោកគ្រោងនឹងដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឲ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។
លោកបន្តទៀតថា បន្ទាប់ពីបានទទួលអនុសាសន៍របស់លោករដ្ឋមន្រ្តី កាលពីខែសីហា ឆ្នាំ២០២០កន្លងទៅ ក្រុមការងារបានចុះសិក្សាស្រាវជ្រាវលើគុណភាពដី ប្រភពទឹក ស្ថានភាពក្សេត្របរិស្ថាន ផ្លូវគមនាគមន៍នៅតាមបណ្តាខេត្តគោលដៅសំខាន់ៗ រួមមានខេត្តមណ្ឌលគីរី ឧត្តរមានជ័យ ស្ទឹងត្រែង និងខេត្តកោះកុងដើម្បីជ្រើសយកជាកន្លែងបង្កើតវិទ្យាស្ថានដាំដុះ និងស្រាវជ្រាវរុក្ខជាតិឱសថ និងរោងចក្រចំរាញ់ កែច្នៃ វេចខ្ចប់ សម្រាប់នាំចេញ។ ដោយឡែក ខេត្តកំពង់ស្ពឺ ជ្រើសរើសរកទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ប្រើឲ្យវិស័យកសិ-ឧស្សាហកម្ម។
លោកឆាវ អ៊ីងទ័របានបន្តថា បច្ចុប្បន្នទីតាំងមួយចំនួនត្រូវបានជ្រើសរើសជាអាទិភាពរួច រង់ចាំវាយតម្លៃចុងក្រោយ ហើយក៏កំពុងរៀបចំឯកសារគតិយុត្ត ដើម្បីដាក់ជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យសម្រេច។ លោកបញ្ជាក់ទៀតថា អ្វីដែលសំខាន់ចង់ជម្រាបជូននាពេលនេះ គឺគម្រោងនេះទទួលបានកិច្ចសហការពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ផ្លូវ និងខ្សែក្រវាត់មួយដោយមានតំណាងអញ្ជើញមកចូលរួមផងដែរ។
លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងការស្វាគមន៍ចំពោះការរាយការណ៍ពីវឌ្ឍនភាពសំខាន់ៗរបស់គម្រោងទាំងនេះ ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងតែប្រឈមនឹងការរីករាលដាលជំងឺឆ្លងកូវីដ១៩ និងបានវាយតម្លៃខ្ពស់ចំពោះភាគីជំនួបដែលបានខិតខំប្រឹងប្រែងរៀបចំគម្រោងវិនិយោគទាំងអស់នេះ។
លោកបានមានប្រសាសន៍ថា “គម្រោងវិនិយោគដែលជាជំនួយរបស់រដ្ឋាភិបាលចិន ពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឲ្យកាន់តែស៊ីជម្រៅ រឹងមាំ គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែងថែមទៀត”។ លោកលើកឡើងបន្តថា “រដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម សូមស្វាគមន៍ គាំទ្រ និងសហការពេញទំហឹង ដើម្បីរួមចំណែកអភិវឌ្ឍន៍រុក្ខជាតិឱសថ និងវិស័យកសិកម្មនាពេលអនាគត”។
វិស័យកសិកម្មកម្ពុជាពិតជាមានសក្តានុពល តែនៅខ្វះវិនិយោគិនក្នុង និងក្រៅប្រទេស ដើម្បីប្រើប្រាស់សក្តានុពល ដែលយើងមានឲ្យអស់លទ្ធភាព សំដៅលើកស្ទួយផលិតភាពផលិតកម្ម ប្រកួតប្រជែក កែច្នៃ និងនាំចេញឆ្លើយតបតាមតម្រូវការទីផ្សារគឺស្តង់ដារផលិត ធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងការប្រកួតប្រជែងតម្លៃ។
លោករដ្ឋមន្រ្តីបន្ថែមថា “ដើម្បីឲ្យគម្រោងនេះអនុវត្តទៅរលូន និងជោគជ័យ លោកបានជូនយោបល់ថា តារយ:លោកស្រីប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ខ្សែក្រវាត់ និងផ្លូវគួររៀបចំសំណើផែនការអភិវឌ្ឍន៍គម្រោងឲ្យបានត្រឹមត្រូវ និងជាផ្លូវការ បន្ទាប់រៀបចំឯកសារចុះហត្ថលេខា (MOU) បង្កើតក្រុមការងារ រួចចាប់ផ្តើមអនុវត្តគម្រោងទៅតាមផែនការ”។
ជំហានដំបូងគឺទីតាំងដី ទាំងដីរបស់ឯកជន និងដីសម្បទានរបស់រដ្ឋ និងស្វែងរកដៃគូសហការ។ ចំពោះការបង្កើតវិទ្យាស្ថានស្រាវជ្រាវ គួរជ្រើសរើសយកសកលវិទ្យាល័យភូមិន្ទកសិកម្មជាជម្រើសទី១ ឬនៅខេត្តស្ទឹងត្រែងដែលជាដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាជម្រើសទី២។ ដោយឡែក តំបន់សេដ្ឋកិច្ចពិសេស គួរពិនិត្យមើលទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ គឺជាជម្រើសដ៏ល្អ៕