ស្ថានភាពទីផ្សារដីធ្លីក្នុងខេត្តកែបក្រោយរដ្ឋាភិបាលប្រកាសកំណត់បង្កើតប៉ូលទេសចរណ៍ធំៗចំនួន៤

0

ដោយ ៖ រ៉ាណេត

កែប ៖ ទីផ្សារដីធ្លីនៅក្នុងខេត្តកែបត្រូវបានគេដឹងរួចមកហើយថាមានភាពស្ថានភាពល្អប្រសើរជាងបណ្តាខេត្តផ្សេងៗដែលហាក់មិនទទួលរងនូវសម្ពាធពីវិបត្តិសាកលខ្លាំងក្លានោះទេ ផ្ទុយទៅវិញទាំងការទិញលក់ និងសកម្មភាពអភិវឌ្ឍន៍គម្រោងនានានៅតែបន្តមានដើម្បីបម្រើដល់វិស័យទេសចរណ៍ ដែលស្ថិតនៅក្នុងផែនការនៃការបង្កើតតំបន់ប៉ូលទេសចរណ៍ធំៗចំនួន៤ក្នុងខេត្តរបស់រដ្ឋាភិបាល។

អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រីតាំង ហួរបានមានប្រសាសន៍នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះថា ទីផ្សារអចលនទ្រព្យខេត្តកែបគឺមានភាពល្អប្រសើរជាងបណ្តាខេត្តមួយចំនួនដោយសារតែខេត្តនេះមិនសូវមានតំបន់ពាណិជ្ជកម្មដូចជាខេត្តព្រះសីហនុ និងសៀមរាបនោះទេ។

- Video Advertisement -

លោកស្រីបានបន្តថា “នៅក្នុងខេត្តនេះមានភាពទាក់ទាញផ្នែកទេសចរធម្មជាតិ ជាពិសេសតំបន់ឆ្នេរ និងតំបន់ជាប់មាត់ព្រែកដែលកំពុងត្រូវបានក្រុមហ៊ុនក្នុងស្រុកមួួយចំនួនកំពុងបោះទុនធ្វើការអភិវឌ្ឍបន្ថែមយ៉ាងសកម្មដើម្បីបង្កើនភាពទាក់ទាញពីលើអ្វីដែលមានស្រាប់ដែលក្នុងនោះរួមមានដូចជាការបង្កើតជាតំបន់កម្សាន្ត ការអភិវឌ្ឍជាសំណង់លំនៅដ្ឋានបែបលំហែរ ក៏ដូចជាការកែច្នៃបឹងហ្គាឡូជាដើម ហើយទាំងអស់នេះភាគច្រើនគឺជាគម្រោងដែលបានបង្កើតឡើងតាំងពីឆ្នាំចាស់ ឬមុនឆ្នាំ២០២០ម្លេះ”។

លោកស្រីបានបន្តថា “ជាការអបអរសាទរជាមួយនឹងការប្រកាសជាផ្លូវការណ៍របស់រាជរដ្ឋាភិបាលក្នុងការកំណត់ និងបង្កើតប៉ូលទេសចរណ៍សំខាន់ប្រចាំខេត្តកែប ប៉ុន្តែសម្រាប់ពេលនេះតម្លៃដីធ្លីហាក់មិនទាន់មានការប្រែប្រួល ឬកើនឡើងនោះទេ ពោលគឺនៅក្នុងកម្រិតដូចគ្នាទៅនឹងចុងឆ្នាំ២០២០កន្លងទៅដូចគ្នា ហើយដីទីតាំងដែលល្អ និងមានសក្ដានុពលក្នុងការអភិវឌ្ឍក៏មិនសូវមានទំនេរច្រើននោះដែរ ព្រោះភាគច្រើនត្រូវបានគេទិញទុកសម្រាប់អភិវឌ្ឍន៍រួចរាល់”។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍កបានរៀបចំផែនការមេ ដើម្បីប្រែក្លាយខេត្តកែបទៅជាតំបន់វិស្សមកាលកម្រិតខ្ពស់នៅកម្ពុជា។ ជាមួយគ្នានេះលោកបានជំរុញ និងលើកទឹកចិត្តដល់អ្នកវិនិយោគលើវិស័យទេសចរណ៍ សណ្ឋាគារ និងអចលនទ្រព្យ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តកែបកាន់តែរីកចម្រើនបន្ថែមទៀត ខណៈខេត្តជាប់មាត់សមុទ្រមួយនេះ បាននឹងកំពុងមានភាពទាក់ទាញលើវិស័យទេសចរណ៍។

លោកបានបន្តថា ក្រសួងទេសចរណ៍ប្រកាសហើយអំពីគម្រោងសម្រេចបង្កើតប៉ូលទេសចរណ៍ធំៗចំនួន៤ និងគម្រោងអភិវឌ្ឍន៍ចំនួន២៥១គម្រោងទៀតត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែប ដោយប៉ូលអភិវឌ្ឍន៍ទេសចរណ៍ធំៗទាំង៤នោះ រួមមានទីក្រុងកែបបច្ចុប្បន្ន តំបន់អង្កោល តំបន់ភ្នំវល្លិ និងតំបន់ប្រជុំកោះ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here