ចិន បញ្ចេញរថភ្លើងម៉ូតគំរូដែលអាចរត់លឿនដូចហោះរហូតដល់ទៅជាង ៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង

0

សុខុម

CNN: យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី១៨ មករា ឱ្យដឹងថា ប្រទេសចិន បានបញ្ចេញម៉ូតគំរូ (prototype) សម្រាប់រថភ្លើងល្បឿនលឿន Maglev Train ដែលអាចរត់លឿនដូចហោះក្នុងល្បឿនរហូតដល់ទៅ ៦២០ គីឡូម៉ែត្រក្នុងមួយម៉ោងស្ទើរមិនគួរឱ្យជឿ។

រថភ្លើងនេះនឹងដំណើរការដោយថាមពលមានសីតុណ្ហភាពខ្ពស់ (High-Temperature Superconducting (HTS)) ដែលយើងមើលទៅឃើញដូចវាហោះស្ទុយតាមផ្លូវដែកដែលមានដែនម៉ាញេទិចខ្លាំង។

យោងតាមសារព័ត៌មាន Xinhua News ដែលគ្រប់គ្រងដោយរដ្ឋឱ្យដឹងថា ម៉ូតគំរូរថភ្លើងដ៏គួរឱ្យទាក់ទាញប្រវែង ២១ ម៉ែត្រនេះត្រូវបានបញ្ចេញឱ្យក្រុមអ្នកសារព័ត៌មានបានឃើញនៅក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ លើសពីនេះ ក្រុមអ្នកសិក្សាស្រាវជ្រាវថែមទាំងបានសាងសង់ផ្លូវដែកប្រវែង ១៦៥ ម៉ែត្រដើម្បីបង្ហាញថាតើរថភ្លើងនេះមានសភាពបែបណាពេលនៅលើផ្លូវដែកជាក់ស្ដែងទៀតផង។

សាស្ត្រាចារ្យ He Chuan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Southwest Jiaotong University ដែលជាអ្នកបង្កើតម៉ូតគំរូនេះឡើងបានប្រាប់ក្រុមអ្នកយកព័ត៌មានថា រថភ្លើងនេះអាចនឹង “ដាក់ឱ្យដំណើរការ” ក្នុងរយៈពេល ៣ ទៅ ១០ ឆ្នាំខាងមុខ។

លោកបានបន្ថែមថា “ខេត្ត Sichuan មានធនធានផែនដីដ៏កម្រដែលផ្ដល់អត្ថប្រយោជន៍ខ្លាំងដល់ការសាងសង់ផ្លូវដែកដែនម៉ាញេទិកអចិន្ត្រៃយ៍របស់យើង ដូចនេះវានឹងជួយពន្លឿនការបង្កើតការពិសោធរបស់យើង”។

ប្រទេសចិន ជាកន្លែងដែលមានបណ្ដាញផ្លូវដែកល្បឿនលឿនធំបំផុតរបស់ពិភពលោក ដែលលាតសន្ធឹងប្រវែងរហូតដល់ទៅជាង ៣៧.០០០ គីឡូម៉ែត្រ និងរថភ្លើងដឹកអ្នកដំណើរលឿនបំផុត នោះគឺរថភ្លើង Shanghai Maglev៕

LEAVE A REPLY

Please enter your comment!
Please enter your name here