ដោយគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានឯកភាពជាមួយភាគីឥណ្ឌាថា នឹងរៀបចំដំណើរការតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ត្រូវបានបញ្ចប់ ដើម្បីជំរុញសកម្មភាពទេសចរណ៍ឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។
ក្នុងជំនួបពិភាក្សាការងាររវាង លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយលោកជំទាវ ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាកាលពីថ្ងៃទី២០ មករាកន្លងមកនេះ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើងអំពី ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ឥណ្ឌា និងបានពង្រឹងវិស័យការទូតកាន់តែជិតស្និទ្ធជាមួយគ្នា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក នរិន្ទ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា។
កម្ពុជា-ឥណ្ឌាមានទំនាក់ទំនងវប្បធម៌ និងសាសនាជាមួយគ្នាដ៏យូរលង់ ហើយកាលពីមុនកើតមានវិបត្តិជំងឺកូវីដ-១៩ ប្រជាជនកម្ពុជា ក៏ចូលចិត្តទៅលេងកម្សាន្តនៅឥណ្ឌា តាមរយៈដំណើរទេសចរណ៍បែបសាសនាច្រើនណាស់ដែរ ហេតុនេះហើយទើបលោកបណ្ឌិត ថោង ខុន បានស្នើដល់ស្ថានទូតឥណ្ឌា ក៏ដូចជារដ្ឋាភិបាលឥណ្ឌា ធ្វើយ៉ាងណារៀបចំឱ្យមានខ្សែទស្សនកិច្ច បែបសាសនានេះឡើងវិញ បន្ទាប់ពីចប់វិបត្តិជំងឺកូវីដ-១៩។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីសំណើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ក្រោយពន្យារពេលអស់មួយរយៈ ដោយសារការរំខានពីការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកជំទាវទេវ្យានីក៏បានអះអាងផងដែរថា ការងារនេះក៏ជាការងារអាទិភាពក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតរបស់លោកស្រីផងដែរ។
បើតាមលោកជំទាវ ទេវ្យានី ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នឹងរួមសហការជាមួយក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងការបន្តរៀបចំទិវាយោគៈអន្តរជាតិ (International Yuga Day) នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបងជាដើម។
លោកបណ្ឌិត ថោង ខុន បានស្នើសុំឱ្យឥណ្ឌាបន្តរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តអាស៊ាន-ឥណ្ឌា និងចលនាទេសចរបើកបរដោយខ្លួនឯង ដែលនឹងក្លាយជាព្រឹត្តិការណ៍រឹតចំណងមិត្តភាព ក៏ដូចជាជំរុញចលនាទេសចរតាមផ្លូវគោក រវាងឥណ្ឌា និងអាស៊ាន។
លោកជំទាវឯកអគ្គរដ្ឋទូតក៏បានទទួលយល់ព្រម និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមនេះ ពីព្រោះវានឹងផ្ដល់ប្រយោជន៍ច្រើន ដល់វិស័យទេសចរណ៍ ស្របពេលបច្ចុប្បន្នយុវជនឥណ្ឌា ពិតជាចូលចិត្តខ្លាំងណាស់ ចំពោះដំណើរទេសចរណ៍បែបនេះ។
ស្ថានទូតឥណ្ឌាក៏បានគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបន្តទៀត ព្រមទាំងអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ដោយលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាសន្យាថា នឹងសម្របសម្រួលដល់ការបណ្ដុះបណ្ដាល អ្នកជំនាញទេសចរណ៍ តាមរយៈប្រព័ន្ធវីដេអូអនឡាញ៕