ដោយៈ រ៉ាណេត
កំពតៈ កន្លែងកម្សាន្តសាធារណៈដ៏ធំប្រចាំខេត្តកំពត នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមការរៀបចំ និងកែលម្អរដោយរដ្ឋបាលខេត្ត ស្ថិតនៅជាប់មាត់ព្រែកកំពង់បាយ ក្រុងកំពត ដែលជាសមិទ្ធផលថ្មី សម្រាប់ខេត្តគោលដៅទេសចរណ៍មួយនេះ។
លោកដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះថា គម្រោងកែលម្អ និងពង្រីកសួនច្បារថ្មីមួយកន្លែងនេះគឺស្ថិតនៅតាមដងព្រែកកំពង់បាយ ក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។
លោកបន្តថា គម្រោងនេះមានប្រវែង៦៣៣ម៉ែត្រ ទទឹងសួនមានប្រមាណ៣៤ម៉ែត្រ លាតសន្ធឹងពីខាងត្បូងគល់ស្ពានថ្មី រហូតដល់គល់ស្ពានឥន្ទធនូចាស់ ចែកចេញ៣តំបន់ជាកំណត់សំគាល់ក្នុងនោះរួមមាន រូបសំណាកតំណាងសួនច្បារខេត្តកំពត (បង្ហាញរូបភាពជាលក្ខណៈប្រវត្តិសាស្រ្ត) ស្ពានដើរឆ្លងចូលទៅក្នុងព្រែក ទីកន្លែងសម្រាប់ថតអនុស្សាវរីយ៍ សួនកុមារ និងកន្លែងហាត់ប្រាណ ចំណតរថយន្តនិងម៉ូតូ ផ្លូវសម្រាប់ដើរ និងរត់ហាត់ប្រាណ ផ្លូវសម្រាប់ជិះកង់ និងមានសួនច្បារដាក់បង់សម្រាប់អង្គុយលេង រួមនឹងការដាំដើមឈើលម្អសោភ័ណភាពផងដែរ។
លោកបន្តទៀតថា “គម្រោងសាសង់ និងស្ថាបនាទីកន្លែងកម្សាន្តសាធារណៈដ៏ធំប្រចាំខេត្ត និងក្រុងកំពតនេះ កំពុងស្ថិតនៅក្នុងការសិក្សាលម្អិតទៅលើតម្លៃ និងផលប៉ះពាលនៃគម្រោងទាំងមូល រួមជាមួយនឹងការគូរប្លងគោលនៃគម្រោងនៅឡើយ”។
អភិបាលខេត្តកំពត លោកជាវ តាយ បានស្នើឱ្យមន្ត្រីពាក់ព័ន្ធរួមមានអាជ្ញាធរ និងជំនាញពាក់ព័ន្ធត្រូវសហការគ្នាសិក្សា និងវាយតម្លៃឱ្យបានជាក់លាក់ លើគម្រោងកែលំអរ និងពង្រីកសួនច្បារថ្មី តាមមាត់ព្រែកកំពង់បាយកំពត ដ៏ធំមួយនេះឱ្យបានឆាប់ ព្រមទាំងសិក្សាធ្វើយ៉ាងណា កាត់បន្ថយបាននូវផលប៉ះពាល់តិចតួចបំផុត ដោយមានដាក់ផ្ទាំងប៉ាន់ណូបង្ហាញការផ្សព្វផ្សាយ ពីគម្រោងរួមនឹងការបន្តនីតិវិធី ដាក់សំណើទៅរាជរដ្ឋាភិបាល ដើម្បីបានដំណើរការអភិវឌ្ឍន៍សួនច្បារនេះ ឱ្យបានឆាប់រហ័សបំផុត ដើម្បីក្លាយជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់ខេត្តកំពត។
លោកបន្តថា “ការបង្កើតសួនច្បារថ្មី ប្រកបដោយសោភ័ណភាពមួយនេះឡើង គឺសំដៅទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យមកកំសាន្ដលេងកាន់តែច្រើនឡើងថែមទៀត ខណៈដែលខេត្តកំពត គឺជាខេត្តគោលដៅទេសចរណ៍មួយ ក្នុងចំណោមខេត្តជាប់តំបន់មាត់សមុទ្រ”។
លោកបញ្ជាក់ថា ទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ មានភ្ញៀវទេសចរមកកំសាន្តកាន់តែកើនឡើងជាបន្តបន្ទាប់ ក៏រដ្ឋបាលខេត្តកំពតនៅតែបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអភិវឌ្ឍន៍ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងកំពត ពិសេសតាមដងផ្លូវ និងសួនច្បារសាធារណៈ ធ្វើយ៉ាងណាឱ្យក្រុងកំពតមានភាពទាក់ទាញ និងរក្សាបានតំណែងជាទីក្រុងទេសចរណ៍ស្អាតអាស៊ានបន្តទៀត៕