ដោយស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុន Newrest Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មសេវា
អាហារដ្ឋានបានឈាននជើងចូលទីផ្សារកម្ពុជា ដោយមានការចូលរួមបើកពិធីសម្ភោធដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ពិធីនេះក៏មានការចូលរួមពីលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជាផងដែរ។
លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីសម្ភោធក្រុមហ៊ុនខាងលើកាលពីល្ងាចថ្ងៃទី២០ មករាកន្លងមកថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាមានសុខសន្តិភាពពេញលេញទូទាំងប្រទេស ដែលជាកត្តាសំខាន់មួយ ទាក់ទាញវិនិយោគិនពីបរទេសឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនឡើងៗ មានដូចជាក្រុមហ៊ុន Newrest នៅពេលនេះជាភស្តុតាងស្រាប់។
លោករដ្ឋមន្ត្រីបានបន្ថែមថា “វត្តមានក្រុមហ៊ុនដ៏ធំបម្រើផ្នែកអាហារ របស់បារាំងនេះ នឹងរួមចំណែកបង្កើតការងារក្នុងស្រុក ក៏ដូចការ គាំទ្រដ៏កំណើនវិស័យទេសចរណ៍នាពេលខាងមុខ”។
លោកប៉ាន សូរស័ក្តិ ក៏បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់វិនិយោគិនបារាំង ដែលបានជ្រើសរើសយកកម្ពុជា ជាទីផ្សារសេវាកម្មរបស់ខ្លួន ស្របតាមគោលនយោបាយលើកទឹកចិត្តវិនិយោគរបស់កម្ពុជា។
ក្រុមហ៊ុន Newrest ជាក្រុមហ៊ុនសេវាកម្ម ម្ហូបអាហារលំដាប់ពិភពលោកដ៏ធំមួយរបស់ប្រទេសបារាំង ដែលប្រតិបត្តិការនៅក្នុង៥៨ប្រទេសលើពិភពលោក មានបុគ្គលិកបម្រើការងារចំនួន៣៤.៩០០នាក់ ដែលអាចរកចំណូលរួមបានចំនួន១.៥២៦,៧០ លានអឺរ៉ូ ក្នុងឆ្នាំ២០១៨-២០១៩។
ក្រុមហ៊ុន Newrest បម្រើសេវាផ្គត់ផ្គង់ម្ហូបអាហារយ៉ាងសំបូរបែប រួមមាន សេវាម្ហូបអាហារលើយន្តហោះ សេវាម្ហូបអាហារតាមកម្មវិធី និងតំបន់ដាច់ស្រយាល សេវាម្ហូបអាហារលើរថភ្លើង និងសេវាម្ហូបអាហារនៅតាមភោជនីយដ្ឋាន៕