ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាមួយនឹងសុទិដ្ឋិនិយមពីសំណាក់បណ្តាអ្នកជំនាញ ក៏ដូចជាអ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ នៅត្រឹមចុងឆ្នាំ២០២១ខាងមុខនេះទីផ្សារលំនៅដ្ឋានកម្រិតមធ្យមនឹងមានការកើនឡើងខ្ពស់។ នេះបើតាមការអះអាងរបស់អ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលី ហួរគ្រុប។
អ្នកឧកញ៉ាលី ហួរ បានមានប្រសាសន៍ប្រាប់គេហទំព័រ www.propertyarea.asia នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា នៅដើមឆ្នាំ២០២១គឺជាពេលវេលាដ៏ល្អសម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍលំនៅដ្ឋានប្រភេទកម្រិតមធ្យមសម្រាប់ដាក់លក់នៅលើទីផ្សារនាចុងឆ្នាំ២០២១ខាងមុខនេះខណៈពេលដែលតម្រូវការទីផ្សារលំនៅដ្ឋានចាប់ផ្តើមឡើងខ្ពស់វិញ។
អ្នកឧកញ៉ាបានបន្តឱ្យដឹងថា នៅក្នុងឆ្នាំ២០២១នេះកម្ពុជាមានរឿងល្អៗជាច្រើន ដែលក្នុងនោះវិស័យមួយចំនួននឹងវិលត្រឡប់ទៅរកភាពល្អប្រសើរវិញដូចជាវិស័យកសិកម្ម វិស័យសេវាកម្ម វិស័យឧស្សាហកម្ម ជាពិសេសវិស័យអចលនទ្រព្យដែលជាឆ្អឹងខ្នងយ៉ាងសំខាន់នៃសេដ្ឋកិច្ចជាតិក្រោមការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីចក្រភពអង់គ្លេស រួមជាមួយនឹងកិច្ចការឈានទៅរកកិច្ចបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េ ប្រទេសជប៉ុន ក៏ដូចជាប្រទេសឥណ្ឌា ដែលទាំងអស់នេះសុទ្ធតែជាចលករជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើន។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍បញ្ជាក់ថា “នៅពេលមានការចូលមកវិនិយោគពីសំណាក់ក្រុមហ៊ុនអន្តរជាតិដើម្បីផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារតាមបណ្តាប្រទេសដែលមានកិច្ចព្រមព្រៀងដោយការរួចពន្ធនោះ កម្ពុជានឹងអាចចំណេញច្រើន មានកំណើនសេដ្ឋកិច្ចឡើងវិញ ហើយនៅពេលដែលសេដ្ឋកិច្ចមានកំណើនល្អនោះវានឹងជះឥទ្ធិពលមកដល់វិស័យអចលនទ្រព្យ”។
អ្នកឧកញ៉ាបន្តថា “ខ្ញុំគិតថា យ៉ាងយូរនៅត្រឹមចុងឆ្នាំ២០២១ ទីផ្សារលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមនឹងកើនឡើងវិញខ្លាំង ដោយសារតែកំណើននៃចំនួនប្រជាជនកើនឡើងជាបន្តបន្ទាប់ ហើយតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងស្រុកនៅមានច្រើន ដូច្នេះទីផ្សារមួយនេះនឹងងើបឡើងជាក់ជាមិនខាន។ នេះបើតាមការមើលឃើញរបស់ខ្ញុំ”៕