វឌ្ឍនភាពនៃការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតសម្រេចបានប្រមាណ៥០ភាគរយ

0

ដោយ ៖ រ៉ាណេត

កំពត ៖ គិតត្រឹមសប្ដាហ៍ទី៣នៃខែមករា ឆ្នាំ២០២១នេះ វឌ្ឍនភាពនៃការសាងសង់គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិដ៏ធំប្រចាំនៅក្នុងខេត្តកំពតបានសម្រេចប្រមាណ៥០ភាគរយ ដោយគ្រោយនឹងបញ្ចប់ទាំងស្រុងនៅត្រឹមខែមិថុនា ឆ្នាំ២០២១ និងអាចដាក់ឱ្យដំណើរការសម្រាប់ទទួលទេសចរជាតិ និងអន្តរជាតិនៅដំណាច់ចុងឆ្នាំនេះ។

វឌ្ឍនភាពការងារនេះត្រូវបានបង្ហាញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) និង (GMS TIIG II No. 3701-CAM(COL) នៅខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា។

- Video Advertisement -

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុន បានមានប្រសាសន៍ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិលើកដំបូងប្រចាំនៅក្នុងខេត្តកំពតនេះ ទទួលបានការគាំទ្រហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានតម្លៃជិត១០លានដុល្លារអាមេរិក។ គម្រោងនេះមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ដែលក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ នឹងក្លាយជាច្រកទ្វារដ៏សំខាន់សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំរុះជាតិសាសន៍ ធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរមកពីប្រទេសថៃ និងប្រទេសវៀតណាមចូលមកកាន់កម្ពុជា។

គម្រោងនេះផ្តោតសំខាន់លើការអភិវឌ្ឍវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍រួមមាន៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ប្រព័ន្ធសម្អាតទឹកកខ្វក់ផ្សារក្តាម ផ្លូវតាមបណ្តោយឆ្នេរ និងទីលានសំណល់រឹង (ខេត្តកែប) ដែលត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដោយអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងដឹកនាំគ្រប់គ្រងដោយក្រសួងទេសចរណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង។

នៅពេលដែលទីតាំងកំពង់ផែបានបញ្ចប់ និងដាក់ឱ្យដំណើរការសេវាកម្ម វានឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសតាមរយៈកញ្ចប់ទេសចរណ៍ ដែលភ្ជាប់ខេត្តកំពត ជាមួយគោលដៅនៅប្រទេសវៀតណាម និងថៃ ដោយរំពឹងថានឹងផ្តល់សេវាទេសចរណ៍អន្តរជាតិ និងក្នុងស្រុកចំនួន៣,៦០0,០០០នាក់ក្នុងមួយឆ្នាំ។

កំពង់ផែទេសចរណ៍អន្តរជាតិមួយនេះ មានបណ្តោយ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវា ដឹកអ្នកដំណើរបានពី៣០០-៤០០នាក់។ កំពង់ផែនេះក៏ផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ហើយបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here