ក្រុមហ៊ុនPrince Real Estate Group បើកសាលាផលិតនាឡិកាស្វ‍៊ីសនៅកម្ពុជា

0

ដោយៈសុខុម

ភ្នំពេញ:  ពិភពលោកមានសុទិដ្ឋិយមច្រើនថា នៅឆ្នាំ២០២១ នេះអ្វីៗនឹងល្អប្រសើរឡើង ជាពិសេសការងើបឡើងនៃសេដ្ឋកិច្ច ពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក្រោយពីក្រុមអ្នកវិទ្យាសាស្ត្រផលិតបានវ៉ាក់សាំងកូវីដ-១៩ ដែលមានប្រសិទ្ធភាពបានជាបន្តបន្ទាប់។ ក្នុងឆ្នាំថ្មីនេះ ក៏មានដំណឹងល្អគួរឱ្យអបអរសាទរសម្រាប់កម្ពុជាយើងផងដែរ។

យោងតាមគេហទំព័រ taiwannews.com ចុះផ្សាយកាលពីថ្ងៃទី២០ មករា ឱ្យដឹងថា ក្រុមហ៊ុន Prince Group របស់អ្នកឧកញ៉ាចេន ហ្ស៊ី (Chen Zhi) ម្ចាស់ធនាគារ ព្រីនស៍ ម.ក (Prince Bank Plc.) ដែលកំពុងដំណើរការនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បានសហការជាមួយក្រុមហ៊ុនស្វ‍៊ីស នៅក្នុងការបើកដំណើរការមជ្ឈមណ្ឌលបណ្ដុះបណ្ដា​លផលិត និងជួសជុលនាឡិកាស្វ‍៊ីស ដោយដាក់ឈ្មោះថា Prince Horology Vocational Training Center។

- Video Advertisement -

ការបើកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈជាន់ខ្ពស់នេះ នឹងផ្ដល់ឱកាសឱ្យយុវជនកម្ពុជា បានសិក្សាជំនាញផលិត និងជួសជុលនាឡិកាស្វ‍៊ីស ដ៏ល្បីល្បាញទូទាំងពិភពលោក ដែលនឹងជួយឱ្យពួកគេមានឱកាសកាន់តែច្រើន ក្នុងផ្សារការងារទាំងនៅកម្ពុជា និងនៅបរទេស ក្រោយបញ្ចប់ការសិក្សា។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះនិយាយថា ខ្លួននឹងគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍នៃការផលិត និងជួសជុលនាឡិកាស្វ‍៊ីស ដាក់ចេញដោយស្ថាប័នត្រួតពិនិត្យគុណភាពនាឡិកាក្នុងប្រទេសស្វ‍៊ីស។

មជ្ឈមណ្ឌលនេះ នឹងផ្ដល់វគ្គបណ្ដុះបណ្ដាលពេញម៉ោង រយៈពេល២ឆ្នាំ ហើយសិក្ខាកាម ដែលបញ្ចប់ការសិក្សាដោយជោគជ័យ នឹងទទួលបានវិញ្ញាបនបត្រ certificate fédéral de capacité (CFC) ដែលទទួលស្គាល់ដោយរដ្ឋាភិបាលស្វ‍៊ីស។ ក្រៅពីយកថ្លៃសិក្សា មជ្ឈមណ្ឌលក៏មានផ្ដល់អាហារូបករណ៍ សម្រាប់សិក្ខាកាមក្នុងស្រុកផងដែរ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីតម្លៃសិក្សា និងអាហារូបករណ៍នេះឡើយ។

ក្រុមហ៊ុន Prince Group បានគូសបញ្ជាក់ថា ខ្លួនបានជួលអ្នកជំនាញខាងផលិតនាឡិការល្បីៗកម្រិតពិភពលោក រួមទាំងលោក Maarten Pieters ដែលជាអតីតនាយកសាលាបង្រៀន ផលិតនាឡិកាឈានមុខគេរបស់ស្វ‍៊ីស Watchmakers of Switzerland Training and Educational Program (WOSTEP) ផងដែរ។

សាលានេះបានឲ្យដឹងថា សិក្ខាកាមដែលចាប់អារម្មណ៍ លើជំនាញនេះអាចដាក់ពាក្យឥឡូវនេះ បានសម្រាប់ឆ្នាំសិក្សាដំបូង ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ ទោះជាយ៉ាងណា សាលាទទួលតែសិស្ស៨នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយក្នុងចំណោមសិស្សទាំង៨នាក់នោះ ត្រូវមានសិស្សកម្ពុជាយ៉ាងតិច៥នាក់ឡើងទៅ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here