ក្រុងព្រះសីហនុចាប់ផ្តើមរៀបចំបង្កើតវិថីអាហារលើកដំបូងនៅកណ្តាលក្រុង

0

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ក្រុងព្រះសីហនុ នឹងមានទីតាំងវិថីអាហារដ៏ធំ និងស្រស់ស្អាតលើកដំបូងនៅកណ្តាលក្រុង ក្រោមការផ្តួចផ្តើមបង្កើតឡើង ដោយក្រសួងទេសចរណ៍ ដោយជ្រើសរើសយកបរិវេណ សួនមហោស្រពចាស់ក្នុងសង្កាត់លេខ២ ជាចំណុចដែលត្រូវសិក្សារៀបចំក្នុងពេលឆាប់ៗខាងមុខនេះ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានគាំទ្រចំពោះគម្រោងបង្កើត Street Food របស់ក្រសួងទេសចរណ៍ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការរៀបចំសេវាកម្មស្តង់ដារ Street Food នេះនឹងអាចទាក់ទាញភ្ញៀវទេសចរបានមួយផ្នែកទៀត។ មួយវិញទៀតវាជាកន្លែងទទួលទានអាហារដែលមានគុណភាព និងសុវត្ថិភាពនៅក្រុងព្រះសីហនុ។

បន្ថែមពីនេះ លោកបានផ្តល់យោបល់ឱ្យគ្រោង រៀបចំខ្លោងទ្វារចូលចំនួន២ រៀបចំបន្ទប់អនាម័យ ទីតាំងចំណត ការតុបតែងលម្អផ្សេងៗ និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម ហើយអ្នកដែលត្រូវបានអនុញ្ញាត ឱ្យលក់ដូរនៅតូបលក់ម្ហូបអាហារនេះ តម្រូវ  ឱ្យអនុវត្តតាមស្តង់ដារ សេវាកម្មវិថីលក់ម្ហូបអាហារ និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ  Street Food ដែលកំណត់ច្បាស់លាស់ ដើម្បីធានាបាននូវគុណភាពសេវាទេសចរណ៍ អាហារមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យអាចទទួលយកបាន។ អ្នកដែលមិនអាចអនុវត្តតាមលក្ខខណ្ឌ ដែលបានតម្រូវនឹងត្រូវពិនិត្យវាយតម្លៃ ណែនាំឱ្យកែលម្អឡើងវិញ ហើយបើនៅតែមិនគោរពតាមអាចនឹងបញ្ឈប់លែងឱ្យលក់។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា តាមរយៈការប្រលងប្រណាំងទីក្រុងស្អាត ក្រសួងទេសចរណ៍បានដាក់ចេញការប្រល​ងប្រណាំងស្តង់សេវាកម្មវិថីម្ហូបអាហារ ដោយបានកំណត់លក្ខណៈវិនិច្ឆ័យចំនួនដូចជា ស្តង់ដារតូប ការតុបតែង ស្លាកយីហោ អនាម័យ ទីតាំងចំណត មានបន្ទប់ទឹកស្អាត ការដាក់ច្រករបាំង បង្ហាញផ្លូវដល់ភ្ញៀវ សញ្ញាសម្រប់ភ្ញៀវចេញចូល  និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម ដោយមានការពិនិត្យវាយតម្លៃយ៉ាងត្រឹមត្រូវ ស្របតាមសូចនាករគោលរបស់ក្រសួងទេសចរណ៍ ដើម្បីលើកកំពស់គុណភាពសេវាទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here