សម្ដេចតេជោ ហ៊ុន សែន នឹងទៅទទួលវ៉ាក់សាំងរបស់ចិនដោយផ្ទាល់ និងចាក់មុនគេដើម្បីសុវត្ថិភាពពលរដ្ឋកម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ យ៉ាងយូរនៅត្រឹមអំឡុងពេលខែកុម្ភៈខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទៅទទួលវ៉ាក់សាំងដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន៦០ម៉ឺនដុសក្នុងជំហានដំបូងនៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ហើយសម្ដេចនឹងធ្វើការចាក់វ៉ាក់សាំងមុនគេ ដើម្បីបញ្ជាក់ពីការធានាដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារក្រសួងសាធារណៈការ និងដឹងជញ្ជូនថ្មីនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះថា សម្ដេចនឹងទៅរង់ចាំទទួលវ៉ាក់សាំងដែលជាជំនួយរស់រដ្ឋាភិបាលចិនក្នុងជំហានដំបូងចំនួន៦០ម៉ឺនដុសក្នុងចំណោម១លានដុស ដែលនឹងនាំមកដល់កម្ពុជានៅត្រឹមអំឡុងខែកុម្ភៈខាងមុខនេះ។

សម្ដេចតេជោបានបញ្ជាក់ថា ជាមួយនឹងការទទួលវ៉ាក់សាំងដែលជាជំនួយរបស់រដ្ឋាភិបាលចិនក្នុងជំហានដំបូងនេះនឹងត្រូវចាក់ជូនអ្នកប្រឈមជួរមុខ រួមមានមន្ត្រីថ្នាក់ដឹកនាំ និងគ្រូពេទ្យ ហើយនឹងបន្តដល់ការចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្រោមគោលការណ៍ស្ម័គ្រចិត្ត។

សម្ដេចតេជោក៏បានបញ្ជាក់ផងដែរថា ក្រៅពីការទទួលបានវ៉ាក់សាំងពីរដ្ឋាភិបាលចិន កម្ពុជាក៏កំពុងស្នើសុំវ៉ាក់សាំងពីរដ្ឋាភិបាលឥណ្ឌាផងដែរ ខណៈដែលរដ្ឋាភិបាលនៃប្រទេសរុស្ស៊ីក៏បានសន្យាថានឹងជួយផ្តល់វ៉ាក់សាំងដល់កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here