ដោយ៖ ប៊ី
ភ្នំពេញ៖ អ្នកជំនាញបានអះអាងថា សម្រាប់ដើមឆ្នាំ២០២១ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗជាច្រើន និងសកម្មភាពទិញលក់លំនៅដ្ឋាននៅតំបន់ជ្រោយចង្វារ មានការកើនឡើង បើទោះបីជាវិបត្តិកូវីដ១៩ មិនទាន់ផុតរលត់ក៏ដោយ។
លោកឌឹត ចណ្ណានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានថ្លែងប្រាប់គេទំព័រ Propertyarea.asia នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះថា សកម្មភាពទិញលក់អចលនទ្រព្យនៅខណ្ឌជ្រោយចង្វារមានកើនឡើងគួរសម ពិសេសសកម្មភាពទិញលំនៅដ្ឋានបូរី និងដីធ្លី។
លោកបានថ្លែងថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានភាគនៅតំបន់ជ្រោយចង្វារភាគច្រើផ្តោតលើលំនៅដ្ឋានកម្រិតមធ្យម និងលំដាប់ប្រណីត ហើយលំនៅដ្ឋានកម្រិតមធ្យមយើងអាចរកបានក្នុងតម្លៃមធ្យមចាប់ពី៨ម៉ឺន ទៅដល់១២ម៉ឺនដុល្លារ វីឡាភ្លោះមានតម្លៃរង្វង់២០ម៉ឺនដុល្លារ ហើយតវីឡាប្រណីតៗមានតម្លៃចាប់ពី៥០ម៉ឺនដុល្លារ។
លោកបានឱ្យដឹងទៀតថា “សម្រាប់ដើមឆ្នាំ២០២១ សកម្មភាពទិញលក់លំនៅដ្ឋាននៅតំបន់ជ្រោយចង្វារ មានការកើនឡើង ដោយសារវិនិយោគចាប់ផ្តើមមានទំនុកចិត្តឡើងវិញ និងកំណើនប្រជាជននៅតំបន់នេះក៏មានការកើនឡើង ខណៈតំបន់នេះគឺតំបន់បណ្តុំដោយការអភិវឌ្ឍចម្រុះ ដូច្នេះអ្នកទៅរស់នៅទីនោះអាចទទួលបានការបម្រើសេវាកម្មសេវាកម្មស្ទើតែគ្រប់ប្រភេទ”។
នៅក្នុងទីក្រុងភ្នំពេញ អំឡុងវិបត្តិកូវីដ១៩ តម្លៃដីធ្លីមិនមានការធ្លាក់ចុះនោះទេ ខណៈតម្លៃដីនៅតំបន់ខ្លះនៅទ្រឹង ហើយតម្លៃនៅតំបន់ខ្លះទៀតមានការកើនឡើង ជាពិសេសតម្លៃដីនៅតំបន់នៅជាយក្រុងមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយតម្លៃដីនៅតំបន់ជ្រោយចង្វារក៏មានការកើនឡើងផងដែរ។
លោកឌឹត ចណ្ណាបានឱ្យដឹងថា តម្លៃដីចាប់ស្ពានជ្រោយចង្វារទៅដល់ស្ពានលេខពីរ មានតម្លៃចាប់ពី១០០០ ទៅ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចាប់លេខពីរ ដល់ផ្លូវលោកឧកញ៉ាលី យ៉ុងផាត់មានតម្លៃចណ្លោះពី៧០០ ទៅ១០០០ដុល្លារ ហើយចាប់ផ្លុវលោកឧកញ៉ាលី យ៉ុងផាត់ ទៅដល់ព្រែកអញ្ចាញមានតម្លៃប្រហាក់ប្រហែលពី៣០០ ទៅ៥០០ដុល្លារ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍កាលពីថ្មីៗនេះថា បច្ចុប្បន្ននេះតំបន់ជ្រោយចង្វារ បានក្លាយជាតំបន់អភិវឌ្ឍចម្រុះ ដោយសារតែវាមានកត្តាភូមិសាស្ត្រល្អ និងអំណោយផលពីធម្មជាតិ ដែលព័ទ្ធជុំវិញទៅទន្លេមេគង្គ និងទន្លេសាប ។
លោកបានបន្តទៀតថា “ក្រៅពីមានភាពអំណោយផលពីធម្មជាតិ សមស្របទៅនឹងលំនៅដ្ឋានរស់នៅ ថែមទាំងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដែលរាជរដ្ឋាភិបាល ក៏ដូចជា វិស័យឯកជនបានអភិវឌ្ឍន៍ ជាពិសេសផ្លូវជាតិលេខ ៦A តែម្ដង ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូន”៕