ដោយ ៖ លក្ខិណា
ភ្នំពេញ ៖ ក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំ PRINCE Real Estate បានបង្ហាញពីគម្រោងជំរុញការបង្កើនទុនវិនិយោគរបស់ខ្លួននៅកម្ពុជាឱ្យដល់៦០លានដុល្លារក្នុងរយៈពេល១០ឆ្នាំនៅកម្ពុជាដែលជាចំណុចកណ្តាលនៅក្នុងតំបន់អាស៊ី។
បច្ចុប្បន្ន ក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំ PRINCE Real Estate បានធ្វើការវិនិយោគក្នុងទំហំទឹកប្រាក់ជាង២ពាន់លានដុល្លាររួចមកហើយនៅក្នុងប្រទេសកម្ពុជា ដោយមានបុត្រសម្ព័ន្ធក្រុមហ៊ុនជាង៣០ក្រុមហ៊ុន ជាមួយនឹងទំនុកចិត្តយ៉ាងមុតមាំ និងការប្ដេជ្ញាធ្វើឱ្យប្រទេសកម្ពុជាដែលជាចំណុចកណ្ដាលនៃអាស៊ីជំរុញការបោះទុនវិនិយោគឱ្យបានដល់៦០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល១០ឆ្នាំខាងមុខ ។
លោក Stevn Wang នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេតគ្រុប បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីពេលថ្មីៗនេះឱ្យដឹងថា ក្រុមហ៊ុនខ្លួននឹងជ្រើសរើសយកភ្នំពេញជាទីតាំងស្នូល ហើយខេត្តព្រះសីហនុ និងខេត្តសៀមរាបគឺជាស្លាបទាំងពីរនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន ។
លោកបន្តចាប់តាំងពីខ្លួនបានចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបង្កើតជាក្រុមហ៊ុននេះឡើងក្នុងឆ្នាំ២០១៥ គឺបានអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ និងបានចំណាយទុនរាប់ពាន់លានដុល្លារអាមេរិក លើការសាងសង់គម្រោងអគារខ្ពស់ មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលកម្សាន្ត និង អគារស្នាក់នៅរួម ( ខុនដូ )ទំនើបនៅតាមបណ្ដោយមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ ។លោកថា៖« រយៈពេលជាង៥ឆ្នាំមកនេះ យើងបានបង្កើតរចនាសម្ព័ន្ធអាជីវកម្ម ដែលមានធាតុផ្សំជាច្រើន ដូចជាសណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារទំនើប រមណីយដ្ឋាន អាហារដ្ឋាន ដែលរួមបញ្ចូលទៅក្នុងវិស័យអចលនទ្រព្យ ដើម្បីលើកកម្ពស់ឱ្យគ្នាទៅវិញទៅមក »។
លោកបន្ថែមថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ជាង២ពាន់លានដុល្លាររួចមកហើយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងបុត្រសម្ព័ន្ធក្រុមហ៊ុនជាង៣០ក្រុមហ៊ុន ។ ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត មានទំនុកចិត្តយ៉ាងមុតមាំ និងប្ដេជ្ញា នឹងធ្វើឱ្យប្រទេសកម្ពុជា ជាចំណុចកណ្ដាលនៃអាស៊ី ជំរុញការបោះទុនវិនិយោគឱ្យបានដល់៦០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល១០ឆ្នាំ ខាងមុខ ។
លោកបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្ននេះ កម្ពុជាទទួលរងឥទ្ធិពលពីមេរោគកូវីដ១៩ តែ ក្នុងនាមជាវិនិយោគិននៅតែមើលឃើញពីឱកាសនៃការវិនិយោគដដែល ហើយសូមចែករំលែកបទពិសោធន៍ដល់ដៃគូវិនិយោគ ដទៃទៀតក្នុងការដាក់ទុននៅក្នុងប្រទេសកម្ពុជា ។ លោកថា ឆ្នាំ ២០២០ ថ្វីត្បិតតែកម្ពុជាជួបវិបត្តិ តែកម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀងសំខាន់ពីររួចហើយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ដែលអាចទាញវិនិយោគិនមកបន្ថែមទៀតដាក់ទុននៅកម្ពុជា៕