អ្នកជំនាញ ៖ ទីផ្សារអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុដើរយឺតជាងខេត្តកំពត

0

ភ្នំពេញ ៖ កាលពីឆ្នាំ២០២០កន្លងទៅនេះ គេសង្កេតឃើញថា សកម្មភាពវិនិយោគនៅខេត្តព្រះសីហនុ ជាពិសេសនៅកណ្តាលក្រុងមានសភាពស្ងប់ស្ងាត់ និងមិនពុះកញ្ច្រោលដូចប៉ុន្មានឆ្នាំឡើយ តែបែរជាមានកំណើនសកម្មភាពវិនិយោគនៅខេត្តតំបន់មាត់សមុទ្រផ្សេងទៀត ដូចជាខេត្តកំពត និងកែប ។ តើកត្តាអ្វី ដែលធ្វើឱ្យខេត្តតំបន់មាត់សមុទ្រមួយនេះថមថយសកម្មភាពបែបនេះ ?

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ គេសង្កេតឃើញថា សកម្មភាពវិនិយោគនៅក្នុងខេត្តព្រះសីហនុពិតជាមានការថមថយពិតមែន ដោយសារតែខេត្តនេះ វាហាក់ដូចជាឆ្អែតទៅហើយសម្រាប់វិស័យអចលនទ្រព្យ ហើយតម្លៃដីធ្លីក្នុងខេត្តនេះក៏បានឡើងខ្ពស់រួចទៅហើយ ។

លោកបន្តថា ក្នុងឆ្នាំ២០២០ក៏ជាឆ្នាំដែលវិស័យអចលនទ្រព្យជួបបញ្ហា ដូច្នេះវិនិយោគិនបរទេសក៏មិនបានមកកម្ពុជាដើម្បីស្វែងរកការវិនិយោគដែរ ហើយខេត្តព្រះសីហនុពេលនេះ វិនិយោគិនក្នុងស្រុកតិចតួចដែលអាចចូលវិនិយោគ ដោយសារតែតម្លៃអចលនទ្រព្យឡើងខ្ពស់។

សម្រាប់ខេត្តកំពត និងកែបវិញ នៅតែទទួលបានសកម្មភាពវិនិយោគ ហើយភាគច្រើននៃវិនិយោគិន គឺជាអ្នកនៅក្នុងស្រុក ដោយកត្តាតម្លៃដីធ្លីនៅមានកម្រិតបើធៀបនឹងខេត្តព្រះសីហនុ ។ ម្យ៉ាងទៀតសក្ដានុពលនៅក្នុងខេត្តកំពត និងកែប នៅរយៈពេលចុងក្រោយនេះ ក៏ឃើញថាមានឱកាសវិនិយោគពីអ្នកក្នុងស្រុកច្រើនដែរ។

លោកសុខ គែន ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តកំពត បាននិយាយថា ទោះបីជាកម្ពុជាជួបវិបត្តិដោយសារតែកូវីដ១៩ក្តី ក៏ខេត្តកំពតនៅតែទទួលបានការទិញលក់ដីធ្លីជាធម្មតា ជាពិសេសអ្នកមកពីភ្នំពេញ បានស្វែងរកទិញដីធ្លី នៅក្នុងខេត្តនេះ ដើម្បីទុកវិនិយោគ និងទុកដើម្បីអភិវឌ្ឍន៍នៅពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here