ដោយ ៖ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា វិស័យអចលនទ្រព្យកំពុងចាប់ផ្តើម មានសញ្ញាល្អប្រសើរឡើងវិញហើយ ខណៈដែលប្រមុខរដ្ឋាភិបាលបានប្រកាសថាវ៉ាក់សាំងការពារជំងឺកូវីដ១៩ នឹងមកដល់កម្ពុជានៅតែកុម្ភៈមុខនេះ។
លោកគាម សៀកឡុងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនCentury21 Dream Propertyបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ មករានេះថា ប្រមុខរដ្ឋាភិបាលបានប្រកាសថា នឹងចាក់វ៉ាក់សសាំងដល់ប្រជាពលរដ្ឋខ្មែរឲ្យបាន៥០ម៉ឺននាក់ មុនចូលឆ្នាំខ្មែរខាងមុខ ដែលវាជាសញ្ញាល្អ ដែលកាត់បន្ថយការភ័យខ្លាចលើជំងឺនេះ និងបង្ហាញពីកម្ពុជា ជាប្រទេសមានសុវត្ថិភាពដែលជនបរទេស និងអ្នកវិនិយោគបរទេសនឹងចូលមកកាន់កម្ពុជា ព្រោះមូលដ្ឋានគ្រឹះរបស់កម្ពុជា មិនបានរងការខូចខាតដោយសារជំងឺកូវីដ១៩នោះទេ។
លោកបន្តថា “ផ្នែកសំខាន់ៗចំនួន៣ នឹងលេចធ្លោជាងគេនៅឆ្នាំនេះ គឺផ្នែកខុនដូ ដីធ្លី និងលំនៅដ្ឋាន ដោយសារនៅពេលមានលំហូរវិនិយោគិនបរទេសចូលមក ចរន្តសាច់ប្រាក់នឹងសាយភាយទៅគ្រប់ផ្នែក ដែលនឹងវានឹងធ្វើឲ្យសកម្មភាពទិញលក់កើនឡើង”។ លោកបន្តថា “នៅកម្ពុជាវិស័យលំនៅដ្ឋាន ខុនដូ មិនរងការខូចខាតខ្លាំងនោះទេ ដោយសារធនាគារនៅតែផ្តល់ឥណទានជូនអតិថិជន ហើយកាលណាធនាគារនៅតែផ្តល់កម្ចីវិស័យនេះនៅតែរីកចម្រើន”។
លោកគាម សៀកឡុងបានបន្តថា បណ្តារាជធានីខេត្តជាច្រើននឹងបន្តមានសកម្មភាពទិញលក់ និងអភិវឌ្ឍន៍ច្រើនដូចជា ក្រុងភ្នំពេញ វានឹងបន្តរីកចម្រើនដោយសារជាតំបន់ប្រមូលផ្តុំសកម្មភាពពាណិជ្ជកម្ម ខេត្តព្រះសីហនុនឹងងើបឡើងវិញ ដោយវិនិយោគិនចិននឹងមកកាន់ខេត្តនេះជាថ្មី ខណៈសេដ្ឋកិច្ចចិននៅតែមានភាពល្អប្រសើរ ទោះបីប្រទេសដទៃមានបញ្ហាក្តី។
លោកបន្តថា ខេត្តកំពង់ស្ពឺ នៅតែរក្សាល្បឿននៃការរីកចម្រើនរបស់ខ្លួន ដោយសារសកម្មភាពទិញលក់ដីធ្លី តម្លៃដីធ្លីកើនឡើង ទោះខេត្តដទៃស្ងប់ស្ងាត់កំឡុងវិបត្តិ កូវីដ១៩ក្តី ហើយខេត្តមណ្ឌលគិរីនឹងបន្តរីកចម្រើន បន្ទាប់ពីរដ្ឋាភិបាលប្រកាសសាងសង់ព្រលានយន្តហោះក្នុងតំបន់ ដែលកំពុងសិក្សា និងវិនិយោគដោយក្រុមហ៊ុនPowerchina Group។
ក្រៅពីនេះ នៅមានខេត្តចំនួន២ទៀតដែលមានសក្ដានុពល រួមមានខេត្តកណ្តាល និងខេត្តសៀមរាប។ ខេត្តកណ្តាលដែលកំពុងបង្កើនភាពទាក់ទាញជាមួយនឹងគម្រោអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន ជាពិសេសគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ ដោយឡែកសម្រាប់ខេត្តសៀមរាបក៏មានកំពុងបង្ហាញពីភាពទាក់ទាញផងដែរដោយមានគម្រោងបង្កើតក្រុងរណបរបស់ចិន គម្រោងបង្កើតមណ្ឌលកម្សាន្តរបស់ក្រុម NAGA Corp រួមជាមួយនឹងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៣៨ខ្សែនៅក្នុងក្រុង ខណៈដែលគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរកំពុងបន្តដំណើរការយ៉ាងសកម្ម៕