ដោយៈ រ៉ាណេត
ភ្នំពេញៈ ការធនធានអ្នកដទៃ ដើម្បីអាចទទួលបាននូវផលប្រយោជន៍ និងឈានទៅរកការសម្រេចបាននូវភាពជោគជ័យ លើគម្រោងរបស់ខ្លួន ជាសកម្មភាពមួយដែលគួរតែពិចារណា និងយកមកអនុវត្តប្រកបដោយភាពត្រឹមត្រូវ និងមានវិជ្ជាជីវៈខ្ពស់បំផុត។ នេះបើតាមការលើកឡើងរបស់ប្រធាន CVEA កាលពីពេលថ្មីៗកន្លងទៅនេះ។

-->
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីម បានមានប្រសាសន៍កាលពីល្ងាច ថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ការចេះប្រើធនធានអ្នកដទៃ ដើម្បីអាចសម្រេចបានភាពជោគជ័យ ទៅលើគម្រោងរបស់ខ្លួនគឺជាវិធីសាស្ត្រ ដែលអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យ យកមកប្រើជាញឹកញាប់ ហើយជាពិសេសវិនិយោគិនបរទេសដែលជានាយកក្រុមហ៊ុនធំ។
លោកបានបញ្ជាក់ថា “ក្នុងន័យនេះខ្ញុំចង់បញ្ជាក់ ទៅលើការទទួលប្រើសេវារបស់បណ្តាក្រុមហ៊ុនភ្នាក់ងារ ដែលមានជំនាញត្រឹមត្រូវ និងស្របច្បាប់” ។ លោកបន្តថា “ខ្ញុំឧទាហរណ៍ថា ប្រសិនបើអ្នកចង់រកទិញដី សម្រាប់អភិវឌ្ឍន៍អាជីវកម្មអ្វីមួយ ដែលប្រាកដថាជាតំបន់ដែលមានសក្ដានុពល អំណោយផលដល់អាជីវកម្ម នោះគឺត្រូវតែពឹងទៅលើក្រុមហ៊ុនភ្នាក់ងារ ដែលពួកគេមានជំនាញ មានព័ត៌មានជាច្រើននៅក្នុងដៃស្រាប់ងាយស្រួលក្នុងណែនាំ” ។
លោកបានបន្តថា ភ្នាក់ងារជំនាញដែលមានក្រមសីលធម៌ មានវិជ្ជាជីវៈឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ នឹងផ្តល់ប្រឹក្សាជាមួយអ្នកពាក់ព័ន្ធ ទៅនឹងការជ្រើសរើសដីនៅទីតាំងណាមួយ ដែលអាចស្របទៅនឹងប្រភេទអាជីវកម្ម យល់ដឹងពីតម្លៃដីធ្លីនៅលើទីផ្សារក្នុងតំបន់ច្បាស់លាស់ ហើយមានភាពច្បាស់លាស់ ក្នុងការរៀបចំឯកសារច្បាប់ផ្សេងៗដែលអាចជៀសផុតពីហានិភ័យ ឬការខាតបង់ក្រោយសម្រេចចិត្តទិញ។ ផ្ទុយទៅវិញបើអ្នក មិនប្រើសេវាភ្នាក់ងារស្របច្បាប់នោះ អាចនឹងប្រឈមបញ្ហាច្រើន ដូចជាត្រូវចំណាយពេលច្រើនក្នុងការស្វែងរកទីតាំងល្អ ប្រឈមនឹងការចាញ់បោកឈ្មួ្ញញកណ្តាល ឬអ្នកគួកជេរដី ឬអាចជ្រើសរើសទីតាំងខុសពីប្រភេទអាជីវកម្មរបស់ខ្លួនក៏អាចថាបាន” ។
លោកច្រឹក សុខនីមបានបញ្ជាក់ថា អ្នកវិនិយោគ និងអភិវឌ្ឍន៍អន្តរជាតិជាច្រើន ដែលមានក្រុមហ៊ុនធំៗ មានគម្រោងតម្លៃរាប់សិបលានដុល្លារ ពួកគេសុទ្ធតែជ្រើសរើសការប្រើក្រុមហ៊ុនភ្នាក់ងារជាដៃគូ ពួកគេជឿជាក់ថា ការប្រើសេវារបស់ក្រុមហ៊ុនភ្នាក់ងារ ដែលជាការប្រើប្រាស់ធនធានរបស់អ្នកដទៃ សម្រាប់សម្រេចបានភាពជោគជ័យ ទៅលើគម្រោងអភិវឌ្ឍន៍របស់ពួកគេ គឺអាចទទួលបានអត្រាខ្ពស់ ទាំងការស្វែងរកទីតាំងសម្រាប់អភិវឌ្ឍន៍គម្រោង ក៏ដូចជាការលក់គម្រោងទាំងមុនពេល និងក្រោយពេលបញ្ចប់ការសាងសង់ផងដែរ៕