ឈរលើមូលដ្ឋានអ្វីខ្លះបានជាគ្រប់អ្នកជំនាញសុទ្ឋតែមើលឃើញសក្តានុពលលើបណ្តាខេត្តទាំងនេះ

0

ដោយ ៖ ស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជាច្រើន សុទ្ឋតែលើកឡើងពីសក្តានុពលលើបណ្តាខេត្តទាំងនេះ នៅឆ្នាំ២០២១ ដែលវាមិនមែនជាការព្យាករណ៍ ឬចេះតែលើកឡើង ដោយគ្មានមូលដ្ឋាននោះទេ។

ខេត្តកំពត ព្រះសីហនុ សៀមរាប កណ្តាល កំពង់ស្ពឺ មណ្ឌលគិរី សុទ្ឋតែជាតំបន់ដែលមានសក្តានុពល ដែលបាននិងកំពុងលេចឡើងអ្នកជំនាញ ក្នុងស្រុកជាច្រើនបានអះអាងថា នឹងមានការរីកចម្រើនលើវិស័យអចលនទ្រព្យ។ មូលដ្ឋាននៃការអះអាងទាំងនេះ ជាមូលដ្ឋានបែបវិទ្យាសាស្រ្ត ដោយសារតែការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងការវិនិយោគពីវិស័យឯកជនជាតិ និងអន្តរជាតិ។

ខេត្តកណ្តាល ៖ រដ្ឋាភិបាលកំពុងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋយ៉ាងខ្វាត់ខ្វែង ដូចជាផ្លូវជាតិលេខ២កំពុងត្រូវពង្រីក ផ្លូវជាតិលេខ៣កំពុងពង្រីក ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ ស្ពានឆ្លងកាត់តំបន់កោះអន្លង់ចិន មកកាន់ស្រុកកៀនស្វាយ ខេត្តកណ្តាល ពិសេសព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលបាននិងកំពុងសាងសង់ និងគ្រោងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៣ខាងមុខនេះ។

ខេត្តព្រះសីហនុ ៖ ខេត្តព្រះសីហនុ ត្រូវបានប្រមុខរាជរដ្ឋាភិបាលចាត់ទុកជាតំបន់ក្បាលនាគ ហើយក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល បានរៀបចំខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលធ្វើឲ្យខេត្តនេះមានការរីកចម្រើនស្ទើរមិនគួរឲ្យជឿ។ ជាក់ស្តែងគ្រាន់តែទុនវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ ខេត្តនេះទាក់ទាញបានលំហូរទុនវិនិយោគ៨០០០លានដុល្លារអាមេរិក ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។

ខេត្តព្រះសីហនុ ក៏ជាតំបន់ស្ថិតនៅក្នុងគោលនយោបាយផ្លូវសូត្រ ឬខ្សែក្រវ៉ាត់១ ផ្លូវ១របស់ប្រទេសចិន។ អ្វីកាន់តែពិសេសរដ្ឋាភិបាលបាន និងកំពុងត្រៀមបញ្ចប់ការសាងសង់ផ្លូវចំនួន៤៦ខ្សែ នៅក្នុងក្រុងព្រះសីហនុ ដែលវានឹងលើកមុខមាត់ទីក្រុងនេះ ទៅកាន់លំដាប់អន្តរជាតិ ដែលនឹងទាក់ទាញការវិនិយោគ កាន់តែច្រើនថែមទៀតនាពេលអនាគត បន្ទាប់ពីជំងឺកូវីតបញ្ចប់ជាមួយនឹងវត្តមានវ៉ាក់សាំងបង្ការជំងឺនេះ ដែលនឹងមកដល់នៅខែកុម្ភៈខាងមុខ។

ខេត្តកំពត ៖ មានចម្ងាយ១៤៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តកំពតក៏មានសក្តានុពលសម្បើមផងដែរ ដែលវានឹងជម្រុញល្បឿននៃការអភិវឌ្ឍនៅខេត្តជាប់តំបន់ឆ្នេរនេះ ជាមួយនឹងការ​បញ្ចប់ការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៣ ការបញ្ចប់កំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេ​សលើកដំបូងរបស់ខេត្ត ពិសេសកំពង់ផែទេសចរណ៍ដ៏ស្រស់ស្អាត ដែលអាចទាក់ទាញភ្ញៀបវទេសចរណ៍ពីក្នុងតំបន់ នឹងលើកកំពស់សក្តានុពលទេសចរណ៍ នៅក្នុងខេត្តនេះកាន់តែច្រើននាពេលអនាគត។

ជាមួយនឹងសក្តានុពលភ្នំបូកគោ ដែលទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ រដ្ឋាភិបាលក៏បាននិងកំពុងរៀបចំទីក្រុងឆ្លាតវៃថ្មី នៅជើងភ្នំបូកគោ ដែលវិនិយោគដោយក្រុមហ៊ុនSokha Groupផងដែរ។

ធនធានធម្មជាតិនៅជាប់មាត់ព្រែកកំពត កំពុងធ្វើឲ្យខេត្តនេះមានភាពរសរវើករួចទៅហើយ ខណៈអាគារពាណិជ្ជកម្មភ្លោះកំពស់៤៥ជាន់ថ្មីមួយ ដែលវិនិយោគដោយក្រុមហ៊ុនថៃ ប៊ុនរ៉ុងគ្រុបកំពុងសាងសង់។ វានឹងក្លាយជាLandmarkថ្មីមួយសម្រាប់ផ្លាស់ប្តូរមុខមាត់របស់ខេត្តនេះនាពេលខាងមុខ។

ខេត្តមណ្ឌលគិរី ៖ មណ្ឌលគិរី ដែលមានចម្ងាយផ្លូវគោកជិត៥០០គីឡូម៉ែត្រ នឹងលែងជាបញ្ហាលើការធ្វើដំណើរទៀតហើយ ដោយសាររដ្ឋាភិបាលបានអនុញ្ញាត្ត ឲ្យក្រុមហ៊ុនPowerchina Groupវិនិយោគនៅក្នុងខេត្តនេះ ដែលបច្ចុប្បន្នខេត្តនេះកំពុងមានភាពរីកចម្រើន និងទាក់ទាញលំហូរទុនវិនិយោគយ៉ាងសម្បើម ពិសេសអ្នកវិនិយោគក្នុងស្រុក ដែលមើលឃើញផលចំណេញពីការកើនឡើងតម្លៃដីធ្លី និងកំនើនទេសចរណ៍នាពេលអនាគត។

ខេត្តនេះត្រូវបានក្រសួងទេសចរណ៍ ឬរាជរដ្ឋាភិបាលកម្ពុជារៀបចំអភិវឌ្ឍន៍ជាតំប​ន់ឧស្សាហកម្ម និងសេដ្ឋកិច្ចបែបពហុបំណងផងដែរ ពិសេសក្រសួងទេសចរណ៍រៀបចំផែនការមេដាំផ្កា ដើម្បីទាក់ទាញទេសចរណ៍ និងដាំបន្លែដើម្បីផ្គត់ផ្គង់មូលដ្ឋានទេសច​រណ៍នានានៅទូទាំងប្រទេស។

សៀមរាប ៖ ជាគ្រាប់គុជទេសចរណ៍ និងរតនៈសម្បត្តិរបស់ពិភពលោក ខេត្តសៀមរាបកំពុងត្រៀមបញ្ចេញពន្លឺចែងចាំងជាថ្មី ក្រោយវិបត្តិកូវីត១៩ ដែលបច្ចុប្បន្នរដ្ឋាភិបាលកំពុងរៀបចំស្ថាបនាឡើងវិញនូវផ្លូវចំនួន៣៤ខ្សែទូទាំងខេត្ត ការកែលំអរដងស្ទឹងសៀមរាប ក៏បាននិងកំពុងលើកកំពស់មុខមាត់ និងកិត្យានុភាពខេត្តនេះកាន់តែមានភាពស្រស់បំព្រង និងចាមូលដ្ឋានសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មួយផ្នែកផងដែរ។

ក្រុមហ៊ុ​នលំដាប់យក្សNaga Corpកំពុងរៀបចំបោះទុនវិនិយោគ៣៥០លានដុល្លារ ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍ក្នុងខេត្តនេះកាន់តែសម្បូរបែប ដូចជាទីក្រុងចិនឬChina Town តំបន់ជិះទូកកំសាន្ត និងសេវាកម្មបដិសណ្ឋារកិច្ចជាច្រើនទៀត។

ក្រុមហ៊ុនចិនដ៏ធំ ក៏បាននិងកំពុងវិនិយោគ ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ដែលព្រលាននេះ នឹងបញ្ចប់ការសាសងសង់នាឆ្នាំ២០២៣ខាងមុខ ដើម្បីទទួលភ្ញៀវទេសចរណ៍ និងអាកាសចរណ៍ដែលហោះឆ្លងទ្វីបបាន។

ខេត្តកំពង់ស្ពឺ ៖ ដោយសារមានភូមិសាស្រ្តកៀកនឹងរាជធានីភ្នំពេញ ពិសេសជាតំបន់ដែលរដ្ឋាភិបាលបានដាក់ទិសដៅរៀបចំជាតំបន់ឧស្សាហកម្ម ខេត្តនេះកំពុងទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិអន្តរជាតិ លើរោងចក្រ ឧស្សាហកម្ម លំនៅដ្ឋាន និងសកម្មភាពពុះដីឡូត៍យ៉ាងគគ្រឹកគគ្រេង។

ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ដែលកំពុងពង្រីកនិងកែលំអរ​ដោយរដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យខេត្តនេះកាន់តែពង្រីកមូលដ្ឋាននៃការរីកចម្រើនរបស់ខ្លួនកាន់តែច្រើនថែមទៀតនាពេលអនាគត៕

រៀបរៀងដោយ Propertyarea.asia

LEAVE A REPLY

Please enter your comment!
Please enter your name here