ដោយ ៖ ម៉ាណេត
ភ្នំពេញៈ អ្នកអភិវឌ្ឍន៍លំនៅឋាននៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ តម្លៃលំនៅឋានចន្លោះពី៤ម៉ឺន ទៅ៨ ម៉ឺនដុល្លារអាមេរិកំពុងពេញនិយមខ្លាំង ពីអតិថិនដែលភាគច្រើននៅតាមជាយក្រុងរាជធានីភ្នំពេញ។
អគ្គនាយកក្រុមអភិវឌ្ឍន៍លំនៅឋាន Premier Groupលោកម៉ាន់ ច័ន្ទឌីបានប្រាប់គេហទំព័រProperyarea.asia កាលពីពេលថ្មីៗនេះថា ក្នុងចំណោមគម្រោងអភិវឌ្ឍន៍លំនៅឋានទាំងអស់ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានគម្រោងលំនៅឋានតម្លៃ ចន្លោះពី៤ ម៉ឺនទៅ៨ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ដែលត្រូវបានលក់ចេញនិងទទួលបានការចាប់អារមុ្មណ៍ពីពលរដ្ឋកម្ពុជា។
លោកពន្យល់ថា “កត្តាដែលជំរុញមានការបញ្ជាទិញពីអតិថិជន ដោយសារពលរដ្ឋកម្ពុជាមានចំណូលមធ្យមកើនឡើង ហើយលក្ខខណ្ឌនៃការទិញ មានភាពងាយស្រួល តាមយៈការបង់រំលោះ តែសម្រាប់តម្លៃចាប់ពី១០ម៉ឺន ទៅ២០ម៉ឺនឡើង ហាក់មិនសូវការពេញនិយមនោះទេ”។
លោកបន្ថែមថា តម្លៃលំនៅឋានដែលមានតម្លៃខ្ពស់ មានតែនៅក្នុងទីក្រុង ហើយពលរដ្ឋយើង អ្នកដែលមានចំណូលធម្យម គឺពួកគាត់មិនមានាលទ្ធភាពទិញនោះទេ។លោកបន្តថា “ដូច្នេះពួកគាត់បានទៅទិញលំនៅឋាន ដែលមានតម្លៃសមរម្យនៅតាមបណ្តាជាយក្រុងភ្នំពេញ។ម្យ៉ាងអ្នកដែលមានចំណូលធម្យម នៅក្នុងប្រទេសកម្ពុជា មានច្រើនជាងអ្នកដែលមានចំណូលខ្ពស់”។
លោកបន្ថែមថា គម្រោងអភិវឌ្ឍន៍លំនៅឋានភាគច្រើន ដែលមានតម្លៃធម្យម បានកើនឡើងនៅតាមជាយក្រុងភាគខាងលិច និងភាគខាងជើងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលវត្ថុកម្ពុជាលលោកច្រឹក សុខនីមបានឱ្យដឹងដែរថា បើទោះកម្ពុជាប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ១៩ តែសម្រាប់ទីផ្សារលំនៅឋានតម្លៃសមរម្យ នៅតែមានសកម្មភាពទិញ-លក់ជាធម្មតា ។
លោកបន្តថា គម្រោងលំនៅឋានដែលមានតម្លៃចាប់ពី៤ម៉ឺន ទៅ១០ម៉ឺនដុល្លារនៅតែមានទីផ្សារខ្ពស់ សម្រាប់អតិថិជននៅក្នុងស្រុក បើធៀបទៅនឹងគម្រោងលំនៅឋានតម្លៃខ្ពស់ តែយ៉ាងណាលោកថា វិស័យអចលនទ្រព្យគ្រប់ប្រភេទ ទាំងតម្លៃធម្យម និងកម្រិតខ្ពស់នឹងមានទីផ្សារឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ត្រូវបានគ្រប់គ្រង និងមានចលនទីផ្សារពីក្រៅប្រទេសចូលមកកម្ពុជាកាន់តែច្រើន៕