ជប៉ុនបានផ្តល់ឥណទានសម្បទាន២៣៨លានដុល្លារដល់កម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍វិស័យអាទិភាព

0

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ រដ្ឋាភិបាលប៉ុន បានផ្តល់ជំនួយឥណទានសម្បទាន ប្រមាណ២៣៨លានដុល្លារ សម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍ នៅក្នុងវិស័យសំខាន់ៗ ដែលជាអាទិភាពរបស់កម្ពុជា ក៏ដូចជាការចូលរួមលើកកម្ពស់ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានមានប្រសាសន៍នៅក្នុងកិច្ចទទួលជួបពិភាក្សាការងារជាមួយលោកស្រី KAMEI Haruko ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជាថា ជប៉ុនគឺជាមិត្តដ៏ជិតស្និទ្ធ និងជាដៃគូអភិវឌ្ឍន៍ប្រទេសដ៏សំខាន់របស់កម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រក្នុងការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដល់កម្ពុជា។ លោកបានមានប្រសាសន៍ថា ប្រទេសជប៉ុន គឺជាដៃគូយុទ្ធសាស្រ្ត និងជាដៃគូសហប្រត្តិការទ្វេភាគីធំជាងគេមួយ ដែលបានផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជា។

ការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន គឺចំគោលដៅលើគ្រប់វិស័យ រួមមាន៖ សុខាភិបាល អប់រំ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ ស្ពាន កំពង់ផែស្វយ័ត អន្តរជាតិប្រព័ន្ធធារាសាស្រ្ត បណ្តាញថាមពលអគ្គិសនី និងការផ្គត់ផ្គង់ទឹកស្អាតជាដើម ។ល។ ជាក់ស្តែងក្នុងឆ្នាំ២០២០ កន្លងទៅនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ឥណទានសម្បទាន មានទឹកប្រាក់ចំនួន២៥ពាន់លានយ៉េនជប៉ុន (ត្រូវជាប្រមាណ ២៣៨ លានដុល្លារអាមេរិក) ចូលរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍នានាជួយគាំ ទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ លើបញ្ហាសុខភាព សង្គម និងសេដ្ឋកិច្ចកម្ពុជា សំដៅរក្សាលំនឹងសេដ្ឋកិច្ច-សង្គម ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

ជាថ្មីម្តងទៀតលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ពិសេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំកម្ពុជា ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ឆ្លើយតបចំទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងសង្ឃឹមថា JICA នឹងបន្តជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច-សង្គមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុនឲ្យកាន់តែទូលំទូលា​យ និងស្អិតរមួតថែមទៀត ។

លោកស្រី KAMEI Haruko ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញភារកិច្ចនៅកម្ពុជា និងបានសម្តែងនូវការកោតសរសើរ ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ជាពិសេ​ស ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here