ដោយ : ស៊ីវ ម៉េង
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានបង្ហាញសុទិដ្ឋិនិយមអំពីកំនើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ ដែលអាចសម្រេចបានកំនើន៤ភាគរយ ឬអាចកើនឡើងខ្ពស់ជាងនេះ ដោយសារការងើបឡើងវិស័យសំខាន់ៗមួយចំនួន។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុតបានមានប្រសាសន៍ក្នុងវេទិកាសាធារណៈ កាលពីថ្ងៃម្សិលម៉ិញនេះថា នៅឆ្នាំ២០២១នេះកម្ពុជាមានឳកាសទីផ្សារធំ ខុសពីឆ្នាំមុន ដោយសារយើងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនរួចហើយ ដែលជាការបើកទីផ្សារមួយធំណាស់ ដែលអ្នកវិនិយោគនឹងចូលមកច្រើន។
លោកបន្តថា “ជំងឺកូវីដ១៩យើងគ្រប់គ្រងបាន យើងមានស្ថេរភាពសង្គម ស្ថេរភាពសេដ្ឋកិច្ច យើងមានច្បាប់វិនិយោគថ្មី និងច្បាប់ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន និងការកែទម្រង់ដើម្បីបង្កើនភាពប្រកួតប្រជែង ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ”។ លោកបន្តថា “ជាមួយបរិការណ៍ខាងក្រៅ ដែលយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងពេលខាងមុខយើងនឹងមានFTAជាមួយកូរ៉េ ដែលយើងនឹងមានផលល្អជាមួយកូរ៉េ មិនខុសពីចិនទេ”។
លោកវង្សី វិស្សុតបានបន្តថា កម្ពុជាយើងបានចុះកិច្ចព្រមព្រៀមRCEP ដែលរំពឹងប្រទេសទាំងអស់នឹងផ្តល់សច្ចាប័ណ្ណ ហើយយើងនឹងទទួលបន្តEBA ពីចក្រភពអង់គ្លេស និងទីផ្សារអាមេរិកងើបឡើងវិញលឿន ដោយសាររដ្ឋាភិបាលអាមេរិក បញ្ចេញកញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចជិត២ទ្រីលានដុល្លារ។
លោកបន្តថា “ខ្ញុំមើលឃើញថាបរិការណ៍នេះ សេដ្ឋកិច្ចកម្ពុជាអាចកើនឡើងខ្ពស់ហើយបើយើងអាចចាក់វ៉ាក់សាំងបានលឿន គឺយើងអាចសម្រេចបានកំនើនសេដ្ឋកិច្ចខ្ពស់ជាង៤ភាគរយ៕