ដោយ ៖ រ៉ាណេត
សៀមរាប ៖ គម្រោងសាងសង់ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៣៨ខ្សែនៅទូទាំងក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបាន១៧.៥ភាគរយហើយ ដោយអាចនឹងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុកនៅត្រឹមដំណាច់ឆ្នាំ២០២១ខាងមុខនេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មការអន្តរក្រសួង រួមជាមួយជានឹងរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានចុះពិនិត្យគម្រោងស្ថាបនាផ្លូវ ក្នុងខេត្តសៀមរាប ដើម្បីប្រសិទ្ធិភាព និងទទួលបានគុណភាពតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដោយមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធនៃគណៈកម្មការអន្តរក្រសួង ដែលជាលទ្ធផលនៃការសាងសង់សម្រេចបានប្រមាណ១៧.៥ភាគរយហើយ។
ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ខ្សែនេះ មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០ លានដុល្លារអាមេរិក និងថវិកាប្រមាណជាង៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ នេះ។
គម្រោងនេះ អនុវត្តដោយអង្គភាពសាងសង់ចំនួន០៨រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃ នាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋានសាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ៧) នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។
គម្រោងនេះមានការរៀបចំលើគ្រប់ទិដ្ឋភាព ក្នុងនោះរួមមាន៖ ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ។
ក្រៅពីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែហើយនោះ ក៏នៅមានការស្ដារ កែលម្អធ្វើឱ្យប្រសើរឡើងដងស្ទឹងសៀមរាបប្រវែងជាង ៨គីឡូម៉ែត្រ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ឱ្យស័ក្កិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ដ និងធម្មជាតិ ក៏ដូចជាដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕