អាគារចំនួន៨៩គំរោងនៅក្រុងព្រះសីហនុបានចាប់ផ្តើមដំណើរការសាងសង់ឡើងវិញ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា បច្ចុប្បន្ននេះមានអាគារចំនួន៨៩គំរោងបាន និងកំពុងចាប់ផ្តើមសាងសង់ឡើងវិញបន្ទាប់ពីបានផ្អាកដោយសារវិបត្តិកូវីដ១៩ និងការបិទហ្គេមអនឡាញ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា វិស័យសំណង់ និងអចលនទ្រព្យបានរងផលប៉ះពាល់ដោយ​សារជំងឺកូវីដ១៩ ដែលបានប៉ះពាល់លើសេដ្ឋកិច្ចជាសាកល មិនថាតែខេត្តព្រះសីហនុ ឬប្រទេសកម្ពុជានោះទេ។ លោកបន្តថា វិស័យសំណង់ក្នុងខេត្តព្រះសីហនុ បានរងផលប៉ះពាល់ផងដែរ ដោយបច្ចុប្បន្នមានអាគារក្នុងចំនួនខាងលើបានចាប់ផ្តើមដំណើរការសាងសង់ឡើងវិញ។

លោកបន្តថា បើគិតពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២០នេះ នៅក្រុងព្រះសីហនុមានការសាងសង់អាគារខ្ពស់ៗមានចំនួន៥៧៣គំរោង ក្នុងនោះគំរោងមួយចំនួនធំបានបញ្ចប់ការ​សាងសង់អស់ហើយ។

ខេត្តព្រះសីហនុក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ទទួលបានទុនវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យមានទំហំទឹកប្រាក់រហូតដល់៨០០០លានដុល្លារអាមេរិក។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលនៅក្នុងផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ និងជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលធ្វើឲ្យខេត្តនេះទទួលបានគំរោងវិនិយោគយ៉ាងសម្បើម ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងស្ថាបនា និងកែលំអរផ្លូវថ្មីចំនួន១២ខ្សែបន្ថែមទៀត ដើម្បីជម្រុញការលើកកំពស់មុខមាត់របស់ខេត្តក៏ដូចជាទាក់ទាញការវិនិយោគ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យទៅទស្សនាខេត្តនេះកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here