សភាពាណិជ្ជកម្ម​កម្ពុជា​នឹងដាក់​ការិយាល័យ​តំណាង​នៅ​ប្រទេស​កាណាដា​មុនគេ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅពេលឆាប់ៗខាងមុខនេះ សភាពាណិជ្ជកម្ម​កម្ពុជា នឹងដាក់​ការិយាល័យ​តំណាង​នៅតាម​បណ្តា​ប្រទេស និង​រដ្ឋ​នានា​នៅ​ប៉ែក​អឺរ៉ុប ជាពិសេស​នៅ​តំបន់​ដែលមាន​សមាគម​អ្នកវិនិយោគ​កម្ពុជា ដែល​អាចមាន​ប្រសិទ្ធភាព ក្នុងការ​ទាក់ទាញ​វិនិយោគិន​អន្តរជាតិ​មកកាន់​កម្ពុជា​បន្ថែមទៀត។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា​លឹម ហេង​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​កាលពីពេលថ្មីៗនេះ​ថា គម្រោង និង​ផែនការ​នៃ​ការដាក់​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម នៅតាម​បណ្តា​ប្រទេស និង​រដ្ឋ​មួយចំនួន​នៅ​ប៉ែក​ខាង​អឺរ៉ុប​គឺមាន​ជា​យូរ​មកហើយ ហើយក៏​នឹង​ត្រៀម​ដាក់​លើកដំបូង នៅក្នុង​ប្រទេស​កាណាដា ព្រោះ​ប្រទេស​កាណាដា​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើន។

លោក​ឧកញ៉ា បាន​មានប្រសាសន៍​បន្តថា “ជា​ជំ​ហ៊ាន​ដំបូង​យើង​បង្កើត​នៅ​ប្រទេស​កាណាដា ហើយនឹង​ពង្រាយ​នៅតាម​បណ្តា​រដ្ឋផ្សេងៗទៀត ដែលមាន​ពាណិជ្ជករ​ខ្មែរ​នៅ​ទីនោះ​ធ្វើជា​អ្នកតំណាង” ។ លោក​បន្ថែមថា “ក្រោយ​ពីនេះ​ទៀត យើង​នឹងដាក់​នៅតាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​ដែលមាន​សេដ្ឋកិច្ចធំៗ ដូចជា​សហរដ្ឋអាមេរិក បារាំង និង​បណ្តា​ប្រទេស​ផ្សេងទៀត​ដែល​ស្ថិតនៅ​អឺរ៉ុប” ។

តាមរយៈ​គម្រោង និង​ផែនការ​នៃ​ការពង្រីក​វិសាលភាព របស់​សភាពាណិជ្ជកម្ម​កម្ពុជា​នេះ ក្រៅពី​អាចធ្វើ​ការផ្សព្វផ្សាយ​ពី​សក្ដានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ថែមទាំង​មានលទ្ធភាព​ខ្ពស់ ក្នុង​ទាក់ទាញ​វិនិយោគិន​អន្តរជាតិ ដែលមាន​ឥទ្ធិពលធំៗមក​ធ្វើជា​ដៃគូ​ជាមួយ​កម្ពុជា​យើង​បាន​ផងដែរ។

ពាក់ព័ន្ធ​ទៅនឹង​ការពង្រីក​វិសាលភាព និង​បង្កើត​ការិយាល័យ នៅតាម​បណ្តា​ប្រទេស និង​រដ្ឋ​នានា​នៅ​ប៉ែក​អឺរ៉ុប​នេះ លោក​ឧកញ៉ា​លឹម ហេង ក៏បាន​បញ្ជាក់ប្រាប់​ផងដែរ​ថា “យើង​ជឿជាក់ថា នឹង​ទទួលបាន​វិនិយោគិន​អន្តរជាតិ ចូលមក​កាន់​កម្ពុជា​កា​ន់​តែ​ច្រើន ជាពិសេស​បន្ទាប់ពី​ចាប់ផ្ដើម​អនុវត្តន៍ នូវ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន” ។

លោក​បន្តថា គ្រប់​ការធ្វើ​ជំនួញ​រកស៊ី​ទាំងអស់ សុទ្ធតែ​ក្នុង​គោលបំណង​ទទួលយក​ផលចំណេញ​ទាំងអស់ ដូច្នេះ ស្ថិតនៅក្រោម​កិច្ចព្រមព្រៀង​ពិសេស​មួយ​នេះ តាមរយៈ​កម្ពុជា​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន ដល់​ពួកគេ​ក្រោម​ការនាំចេញ​ផលិតផល ពី​កម្ពុជា​អាច​រួច​ផុតពី​របាំង​ពន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here