ដោយ៖ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយរបស់អារ៉ាប់អេមីរ៉ាត បានប្រកាសបើកដំណើរការសាងសង់គម្រោងអចលនទ្រព្យតម្លៃ៨ពាន់លានដឺហាម (dirham ឬរូបិយប័ណ្ណអារ៉ាប់) ស្មើនឹងប្រមាណ២,២ពាន់លានដុល្លារ ដែលជាគម្រោងលំនៅដ្ឋានសហគមន៍មួយនៅក្នុងក្រុងហ្សាចា (Sharjah)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅចុងសប្តាហ៍កន្លងមកនេះ។
ការប្រកាសនេះធ្វើឡើង ខណៈមានចំនួនគម្រោងតិចជាងមុនកំពុងត្រូវបានដាក់ដំណើរការសាងសង់ នៅទីក្រុងឌូបៃ ជាកន្លែងដែលវិស័យអចលនទ្រព្យ ស្ថិតនៅក្នុងស្ថានភាពធ្លាក់ចុះយ៉ាងខ្លាំង ដែលបណ្តាលមកពីការអភិវឌ្ឍហួសប្រមាណ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។
លោក Ahmed al-Khoshaibi នាយកប្រតិបត្តិក្រុមហ៊ុន Arada បានថ្លែងថា គម្រោង Masaar ដែលមានទំហំ១៩លានហ្វីតការ៉េ និងមានលំនៅដ្ឋានចំនួន៤.០០០យូនីត នឹងត្រូវបែងចែកចេញជាច្រើនដំណាក់កាល ដោយនៅដំណាក់កាលដំបូងបញ្ចប់នៅឆ្នាំ២០២៣ ហើយបញ្ចប់បញ្ចប់ទាំងស្រុង នៅឆ្នាំ២០២៨។
មនុស្សប្រមាណ១៥.០០០នាក់ ត្រូវបានរំពឹងថានឹងរស់នៅក្នុងគម្រោងលំនៅដ្ឋានសហគមន៍នេះ ហើយគម្រោងនេះនឹងមានតំបន់លំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម ទីធ្លាបៃតង និងសាលាអន្តរជាតិ។
ទោះយ៉ាងណា លោក Khoshaibi បាននិយាយថា ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ លោករំពឹងថានឹងមានតម្រូវការច្រើន សម្រាប់គម្រោងនេះ ដែលផ្ទះមួយនឹងមានតម្លៃចន្លោះពី១,២លានDirham និង ៣,៧លាន។
លោកបានថ្លែងទៀតថា “នៅពេលមានភាពមិនប្រាកដប្រជា ទីក្រុង Sharjah ត្រូវបានគេស្គាល់ថាជាកន្លែងមានសុវត្ថិភាព សម្រាប់ការវិនិយោគ ព្រោះទីក្រុងនេះត្រូវបានទទួលបានថាមានស្ថេរភាព អ្នកនៅទីនោះ ជាអ្នករស់នៅអចិន្រ្តៃយ៍។ ប្រសិនបើអ្នកក្រឡេកមើលអ្នករស់នៅទីក្រុង Sharjah ភាគច្រើនជាអ្នកជំនាន់ទី២។ វាជាលំនៅដ្ឋានរបស់ពួកគេ”៕