តើ​ស្ថាបត្យកម្ម​សំណង់​រចនាបទ​ខ្មែរ​មាន​ការវិវត្ត និង​រីកចម្រើន​យ៉ាងដូចម្តេច?

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ ស្ថាបត្យកម្ម​ខ្មែរ គឺមាន​ការវិវត្ត​និង​រីកចម្រើន​ឥតឈប់ឈរ ពី​សម័យមួយ​ទៅ​សម័យមួយ អាស្រ័យ​លើ​បរិបទ​សេដ្ឋកិច្ច សង្គម លក្ខ​ខ័​ណ្ឌ​អាកាសធាតុ និង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ។

លោក​បណ្ឌិតសភា​ចា​រ្យ ស៊ុំ ឈុំ​ប៊ុន នាយក​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អាស៊ី​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង​សិក្ខាសាលា​ស្តីពី​ការវិវត្តន៍ នៃ​សំណង់​ស្ថាបត្យកម្ម​ប្រាសាទខ្មែរ​ថា ស្ថាបត្យករ​ខ្មែរ គឺមាន​ទេពកោសល្យ​ខ្ពង់ខ្ពស់​បំផុត ក្រៅពី​ទេពកោសល្យ​ខាង​ការ​ផ្សែផ្សំ ធ្វើ​សំយោគ​ពី​សិល្បៈ​បរទេស និង សិល្បៈ​ខ្មែរ ជំនាន់​មុន​ស្ថាបត្យករ​ខ្មែរ បាន​បង្កើត​ចេញ​នូវ​សិល្បៈ​ថ្មី​មួយទៀត ដែលមាន​ទម្រង់​ជា​សិល្បៈ​ខ្មែរ ស្របតាម​ទស្សនៈ​ខ្មែរ​សុទ្ធសាធ។

- Video Advertisement -

លោក​បន្តថា ជាការ​ពិត​ក្នុង​បរិបទ​សាកលភាវូបនីយកម្ម សំណង់​និង​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ទំនើប ចាប់តាំងពី​សម័យ​អាណានិគមនិយម​បារាំង សម័យ​សង្គមរាស្ត្រនិយម រហូតមកដល់​សម័យ​បច្ចុប្បន្ន ខ្មែរ​តែងតែ​ផ្សារភ្ជាប់​ទៅនឹង​ស្ថាបត្យកម្ម និង ក្បាច់រចនា​បែប​បុរាណ​ខ្មែរ ដែល​បាន​បន្សល់​ទុកជា​មរតក​ដ៏​វិសេសវិសាល តាំងពី​សម័យ​ចក្រភព​អង្គរ បង្កើតបានជា​តម្លៃ​ដ៏​ពិសិដ្ឋ​របស់​ប្រជា​ជាតិខ្មែរ ដែល​ពុំ​អាច​កាត់ថ្លៃ​បាន។

ជាមួយគ្នានេះ លោក​ព្រឹទ្ធាចារ្យ​ឡោ សាន វីរៈ​សិល្បករ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​គូសបញ្ជាក់​អំពី​ទេពកោសល្យ​ដ៏​វិសេសវិសាល របស់​បុព្វបុរស​ខ្មែរ នៅក្នុង​វិស័យ​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ និង​ការវិវត្ត និង​រីកចម្រើន​ឥតឈប់ឈរ​នៃ​ស្ថាបត្យកម្ម​ខ្មែរ ពី​សម័យមួយ​ទៅ​សម័យមួយ ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​ទេពកោសល្យ ដ៏​ខ្ពង់ខ្ពស់​របស់​ស្ថាបត្យករ​ខ្មែរ​បុរាណ។

លោក​បណ្ឌិត​បន្តថា “ក្រៅពី​ទេពកោសល្យ​ខាង​ការ​ផ្សែផ្សំ ធ្វើ​សំយោគ​ពី​សិល្បៈ​បរទេស និង​សិល្បៈ​ខ្មែរ​ជំនាន់មុនៗ ស្ថាបត្យករ​ខ្មែរ​បាន​បង្កើត​ចេញ​នូវ​សិល្បៈ​ថ្មី​មួយទៀត​ដែលមាន​ទម្រង់​ជា​សិល្បៈ​ខ្មែរ ស្របតាម​ទស្សនៈ​ខ្មែរ​សុទ្ធសាធ​ទៀតផង” ។

លោក​ព្រឹទ្ធាចារ្យ​ឡោ សាន បាន​គូស​បញ្ជាក់បន្ថែម ដោយបាន​លើកឡើង​ជា​ឧទាហរណ៍​ថា នៅ​សម័យ​ភ្នំ​ដា ខ្មែរ​បាន​លុង​ភ្នំ​ធ្វើជា​ប្រាសាទ​តាម​ទម្រង់ នៃ​សិល្បៈ​ឥណ្ឌា តែ​ក្រោយមក​ស្ថាបត្យករ​ខ្មែរ បាន​ច្នៃប្រឌិត​ពី​ជំនឿ​គោរព​នៅលើ​ទី​ខ្ពស់ ដូចជា​ភ្នំ​ធម្មជាតិ​មក​ជំនួស ដោយ​ការកសាង​ប្រាសាទភ្នំ​នៅលើ​ដី​រាប​ទៅវិញ ជាក់ស្តែង​ការសាងសង់​ប្រាសាទ​នៅ​សម័យ​ឧដុង្គ។

ជាការ​ពិតណាស់ ទស្សន​គោរព​ទី​ខ្ពស់​នេះ​ខ្មែរ​មាន​រួចមកហើយ តាំងពី​បុរេប្រវត្តិ​មកម្ល៉េះ ហើយ​លុះដល់​ពេលដែល​ឥណ្ឌា​ចូលមក​ដល់​ស្រុក​ខ្មែរ ក៏​ជំ​រុញឱ្យ​ទស្សនៈ​ទាំងពីរ​ដែល​ស្របគ្នា​នេះ រឹត​តែមាន​ឥទ្ធិពល​ខ្លាំង​ឡើង​ថែមទៀត ហើយ​វប្បធម៌​ដែល​ខ្មែរ​បាន​បង្កើត គឺជា​ការច្នៃប្រឌិត​ទាញយក​អរិយធម៌​បរទេស ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​អាច​ច្របាច់​បញ្ចូល​គ្នា​បាន មក​ធ្វើការ​កែច្នៃ​និង​បង្កើត​ថ្មី ឱ្យ​លក្ខណៈ​ជា​ព្រលឹង​នៃ​វប្បធម៌​ខ្មែរ​តាមបែប​ខ្មែរ។

រាជបណ្ឌិតសភា​នៃ​កម្ពុជា បាន​សិក្ខាសាលា​នេះ​បាន​ផ្សព្វផ្សាយ ជា​អត្ថបទ​ពិគ្រោះ​យោបល់ និង​បានជា​អនុសាសន៍ រួមវិភាគទាន​ដ៏​មានតម្លៃ សម្រាប់​ជា​ប្រយោជន៍ ទៅដល់​ស្ថាបត្យករ ខ្មែរ​ឱ្យមាន​ទេពកោសល្យ ការច្នៃប្រឌិត​ខ្ពស់​មាន​ទេព កោសល្យ​ខាង​ការ​ផ្សែផ្សំ​ធ្វើ​សំយោគ​ពី​សិល្បៈ​បរទេស និង​សិល្បៈ​ខ្មែរ​ជំនាន់មុនៗ ដើម្បី​បង្កើត​ចេញ​នូវ​សិល្បៈ​ថ្មី​មួយ ដែលមាន​ទម្រង់​ជា​សិល្បៈ​ខ្មែរ ជា​ប្រទីប​បំភ្លឺ​ផ្លូវ​សង្គម​កម្ពុជា ឱ្យមាន​ការអភិវឌ្ឍ​ឥតឈប់ឈរ ប្រកបដោយ​វឌ្ឍនភាព​រីកចម្រើន និង​សេចក្ដី​រុងរឿង​ជា​និរន្តរ៍៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here