តើ​ធនាគារពិភពលោក​និយាយ​អ្វីខ្លះ​អំពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា​នៅក្នុង​ឆ្នាំនេះ?

0

ដោយៈ សាវុធ

ភ្នំពេញៈ ខណៈដែល​សេដ្ឋកិច្ច​របស់​កម្ពុជា បន្ត​រងគ្រោះ​ដោយសារ​ឥទ្ធិពល នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ មាន​សញ្ញា​ជាច្រើន​បង្ហាញថា សកម្មភាព​សេដ្ឋកិច្ច​កំពុង​ចាប់ផ្តើម​កម្រើក​ឡើងវិញ​ហើយ។

សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹង​រួញ​ទំហំ​ប្រមាណ​ជាដក២ភាគរយ ក្នុង​ឆ្នាំ២០២០ ប៉ុន្តែ​ត្រូវបាន​រំពឹងទុក​ថា នឹង​ងើប​ឡើងវិញ​ហើយ​លូតលាស់ បាន​ប្រហែល​ជិត៤ភាគរយ​ក្នុង​ឆ្នាំ២០២១នេះ។ នេះ​បើ​យោងតាម​ការព្យាករណ៍រ​បស់​ធនាគារពិភពលោក (World Bank) ។

ដោយ​វិធាន​ការរក្សា​សុវត្ថិភាព​សង្គម មាន​សភាព​ធូរស្រាល​បន្តិច សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក កំពុងតែ​វិល​ទៅរក​ប្រក្រតីភាព​បន្តិចម្តងៗវិញ។ អន្តរាគមន៍​ក្នុង​កម្រិត ដែល​មិន​ធ្លាប់មាន​របស់​រដ្ឋាភិបាល បាន​ជួយ​មួយផ្នែក​ក្នុងការ​ទ្រទ្រង់ ដល់​ផ្នែក​ទទួលទាន​ប្រើប្រាស់​ឱ្យនៅ​ស្ថិតស្ថេរ ហើយ​អតិផរណា​ក៏​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ជាប់​ផងដែរ។

យោងតាម​របាយការណ៍​នេះ លំហូរ​ចូល​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ទៅក្នុង​គម្រោង​ក្រៅ​ឧស្សាហកម្ម​កាត់ដេរ និង​នៅ​វិស័យ​កសិកម្ម នៅតែ​បន្ត​កើនឡើង ទំនងជា​ដោយសារ​ភាព​ទាក់ទាញ​របស់​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា កំពុង​ធ្វើ​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់។

ទោះបីជា​ការនាំចេញ​សរុប នៃ​ផលិតផល​កមន្តសាល បាន​រង​ការប៉ះទង្គិច​ពី​ការ​រាតត្បាត​ជំងឺ​នេះ​ក៏ដោយ ក៏​កំណើន​នៅតែ​បន្ត​មាន ក្នុងការ​នាំចេញ​ផលិតផល​រោងចក្រ​ដទៃទៀត មានដូចជា កង់ គ្រឿង​បង្គុំ​អគ្គិសនី និង​គ្រឿងបន្លាស់​រថយន្ត និង​គ្រឿងផ្សំ​នានា ហើយ​ការនាំចេញ​អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​នៅមាន​សន្ទុះ​ខ្លាំងក្លា។

ជាមួយគ្នានេះ ទេសចរណ៍​ក្នុងស្រុក​បាន​ជួយ​មួយផ្នែក ក្នុងការ​ធ្វើឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​និង​ការធ្វើដំណើរ កម្រើក​ឡើងវិញ។

រដ្ឋាភិបាល​បានធ្វើ​អន្តរាគមន៍ ក្នុង​ទំហំ​មួយ​មិន​ធ្លាប់មាន​ពីមុនមក ដោយ​ចំណាយ​ថវិកា​ប្រមាណ៥ភាគរយ​នៃ​ផ.ស.ស ទៅ​ជួយ​គាំពារ​ដល់​ក្រុម​ប្រជាជន ដែល​រង​ការប៉ះពាល់​ពី​ការ​រាតត្បាត​ជំងឺ ក្នុងនោះ​ក៏មាន​ផងដែរ នូវ​ការចំណាយ​ពាក់ព័ន្ធ​ផ្នែក​សុខាភិបាល ជំនួយ​ទ្រទ្រង់​ចំណូល​គ្រួសារ ការចាក់​បន្ថែម​ទុន​ទៅក្នុង​សេដ្ឋកិច្ច ការធានា​លើក​ម្ចី ការចំណាយ​លើ​ការអភិវឌ្ឍ និង​ការអនុគ្រោះ​ពន្ធ។

យោងតាម​ការស្ទង់មតិ​តាម​ទូរស័ព្ទ ដែល​ធនាគារពិភពលោក​បានធ្វើ​ពីរដង​រយៈ​កន្លង​ទៅបាន​ឱ្យដឹងថា៖

– ចំនួន​អ្នកផ្តល់​ចម្លើយ ដែល​កំពុង​ធ្វើ​អាជីវកម្ម​ក្នុងពេល​ស្ទង់​មតិ មានការ​ធ្លាក់ចុះ​ពី៨២ភាគរយ នៅមុន​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ១៩ មក​នៅត្រឹម៧១ភាគ​ក្នុង​ខែឧសភា ឆ្នាំ២០២០ ហើយ​តួលេខ​នេះ ហាក់ដូចជា​នៅ​ដដែល​ក្នុង​ខែសីហា ឆ្នាំ២០២០ ។

– ការ​រាតត្បាត​ជំងឺ​នេះ នៅតែ​បន្ត​ជះ​ផល​អវិជ្ជមាន ទៅលើ​សកម្មភាព​ធុរកិច្ច ដែល​មិនមែនជា​ការដាំដុះ ប៉ុន្តែ​ក្នុង​សភាព​មួយ ដែល​មិនសូវ​ធ្ងន់ធ្ងរ​ណាស់ណា​ទេ បើ​ប្រៀបធៀប​ទៅនឹង​ពេលដែល​វិបត្តិ​នេះ​បាន​ផ្ទុះឡើងភ្លាម។

– ការបាត់បង់​ចំណូល​នៅតែមាន​ទំហំធំធេង​នៅឡើយ បើទោះជា​ការធ្លាក់ចុះ​ចំណូល​គ្រួសារ​ថយ​ល្បឿន​បន្តិច​វិញ ក្រោយពី​រដ្ឋាភិបាល​បាន​ដាក់ចេញ​កម្មវិធី​ថ្មី​មួយ សម្រាប់​ផ្ទេរ​សាច់ប្រាក់​ទៅ​ជួយ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ។ ការស្ទង់មតិ​បានបង្ហាញ​ថា ជិត៩០ភាគរយ​នៃ​ក្រុមគ្រួសារ ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ថា “ជា​អ្នកក្រ” បាន​រាយការណ៍​ថា បានទទួល​ប្រាក់​សង្គ្រោះ​នៅក្នុង​ខែសីហា និង​កញ្ញា។

– ហានិភ័យ​ដែល​កម្ពុជា​ត្រូវ​ប្រឈម​រួមមាន ការផ្ទុះ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ១៩ក្នុង​សហគមន៍, ការអូសបន្លាយ​នៃ​ការធ្លាក់ចុះ​ភ្ញៀវ​ទេសចរណ៍ ដោយសារតែ​ការឆ្លង​រាតត្បាត​ជា​សាកល​នៅ​រ៉ាំរ៉ៃ ការ​ក្រ​មកដល់​របស់​ថ្នាំ​វ៉ាក់សាំង សម្រាប់​ចាក់ឱ្យ​ពលរដ្ឋ​ទូទៅ និង​ការ​កើន​ភាព​តានតឹង ក្នុង​ផ្នែក​ពាណិជ្ជកម្ម​និង​នយោបាយ​គាំពារ ទូទាំង​សាកលលោក។

ក្នុង​គោលបំណង​ជួយ​កម្ពុជា ឱ្យ​ឆាប់​រើខ្លួន​ចេញពី​ការ​រាតត្បាត​ជំងឺ​នេះ ជា​អនុសាសន៍ របាយការណ៍​បានស្នើ​ឱ្យ៖

– បង្កើន​ការវិនិយោគ​សាធារណៈ​ស​ម្រា​ប់​ជួយ​ដល់​ជន​ក្រី​ក្រី និង​សម្រាប់​ជំរុញ​កំនើន រួមមាន​ទាំង​កម្មវិធី​បង្កើត​ការងារ​ជា​ថ្នូរ យកប្រាក់​កម្រៃ​ប្រចាំថ្ងៃ (cash-for-work projects) ផង ព្រមទាំង​លើកកម្ពស់​វិស័យ​អតិពលកម្ម​នានា ដើម្បី​បង្កើត​ការងារ​ក្នុងឱកាស​ដែលមាន​ការ​រើប​ឡើងវិញ​ឆាប់រហ័ស ក្នុង​តម្រូវការ​ទំនិញប្រើប្រាស់​ក្នុងស្រុក។

– សម្រួល​ការពង្រីក​ការវិនិយោគ​ក្នុងស្រុក និង​ពី​បរទេស ដែល​កើតចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ក្នុង​តំបន់​ក្នុងពេលថ្មីៗនេះ រួមមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)។

– រៀបចំ​បង្កើតឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ​មួយ សម្រាប់​វ៉ាក់សាំង​កូ​វី​ឌ១៩ ក៏ដូចជា​ការតាមដាន​ឱ្យបាន​ដិតដល់​ផងដែរ នូវ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច ដែល​អាច​បង្កដោយ​កំណើន​អូសបន្លាយ​យូរពេក របស់​វិស័យ​សំណង់ និង​អចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here