ដោយៈ ប៊ី
ភ្នំពេញៈ ចិន កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយដោះស្រាយជម្លោះជាមួយខ្លួន ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកសមភាព និងផលប្រយោជន៍ទៅវិញទៅមក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងការបរទេសលោក Hua Chunying បាននិយាយថា “ការចែកផ្លូវជាមួយប្រទេសចិនមានន័យថា ការបាត់បង់ឱកាសពាណិជ្ជកម្ម អនាគត និងពិភពលោក ដែលគិតជាទឹកប្រាក់មានតម្លៃរាប់ពាន់លានដុល្លារ ពីវិស័យឧស្សាហកម្មធំៗ របស់ខ្លួនរួមទាំងអាកាសចរណ៍ អេឡិចត្រូនិច និងឧបករណ៍វេជ្ជសាស្ត្រ”។
លោកស្រី Hua ក៏បានធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិកលោក Janet Yellen ថា សហរដ្ឋអាមេរិកនឹងរក្សាពន្ធ ដែលបានដាក់លើទំនិញចិន ដោយអតីតរដ្ឋបាលលោកដូណាល់ ត្រាំ នៅពេលនេះ។
លោកស្រី Hua បាននិយាយថា មានសំឡេងប្រឆាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រឆាំងនឹងសង្គ្រាមពាណិជ្ជកម្ម ដែលបានធ្វើលើប្រទេសចិន ដោយអតីតរដ្ឋបាលអាមេរិក ដោយមានជំនឿថា ការអនុវត្តន៍បែបនេះមិនអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ប្រទេសបានទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងបង្កផលប៉ះពាល់ទៅវិញដល់សហគ្រាស និងអ្នកប្រើប្រាស់របស់អាមេរិក។
លោកស្រីបានថ្លែងទៀតថា “ដូចដែលយើងបានចង្អុលបង្ហាញជាច្រើនដងហើយ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន-អាមេរិកគឺមានអត្ថប្រយោជន៍ទៅវិញទៅមកឆ្ពោះទៅរកលទ្ធផលឈ្នះ ប៉ុន្តែមិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មនេះទេ”។
លោកស្រី Hua បានទទូចដល់ភាគីសហរដ្ឋអាមេរិកឱ្យយកចិត្តទុកដាក់ចំពោះការអំពាវនាវពីសហគមន៍ធុរកិច្ច និងប្រជាជន ដែលមានចក្ខុវិស័យពីក្នុង និងក្រៅប្រទេស កែតម្រូវការធ្វើខុសដែលពាក់ព័ន្ធ និងធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនការសន្ទនា សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថេរភាព និងរឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕