បង្កើនការប្រុងប្រ័ត្នខ្លួនពីជំងឺកូវីដ១៩ ! ទីតាំងសំខាន់ៗពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈមានចំនួន២៣កន្លែង

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កំណើននៃអ្នកឆ្លងជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលមានចំនួន៩៣នាក់​នៅទូទាំង​ប្រទេស  ដែលក្នុងនោះមាន៣១នាក់ថ្មីបន្ថែមទៀតជា​ករណី​ឆ្លងចូលសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈ និងមានការបិទទីតាំពាក់ព័ន្ធចំនួន២៣កន្លែង។

 

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថា កំណើននៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩​បានបន្តកើនឡើង ជាពិសេសករណីពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍២០កុម្ភៈ មានចំនួន៧៦នាក់ ដែលមានទ្រង់ទ្រាយធំ និងសាំញ៉ាំជាងព្រឹត្តិការណ៍​២៨វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានាបានដាក់ចេញជាបណ្ដើរៗ គឺអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ-១៩ នៅតាមទីតាំងនិមួយៗ (Localized interventions) ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង។

- Video Advertisement -

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ចេញនូវវិធានការសុខាភិបាល។ រហូតមកដល់ថ្ងៃទី២២ ខែកុម្ភៈនេះ ទីតាំងចំនួន២៣កន្លែង ត្រូវបានបិទបន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ចេញចូលទីនោះ។

ទីតាំងទាំងនោះរួមមាន៖ ក្លិប N8 សង្កាត់ទួលស្វាយព្រៃ, Casa By Meridian កោះពេជ្រ, Le Gong Guan Hotel សង្កាត់ផ្សារថ្មីទី៣, City Confort សង្កាត់បឹងព្រលឹត, The Bridge សង្កាត់ទន្លេបាសាក់, The Point Service Apartemt សង្កាត់ផ្សារដើមគរ, Mekong Street សង្កាត់ជ្រោយចង្វារ, Pent House Apartment សង្កាត់ទន្លេបាសាក់, Skyline Dumex សង្កាត់មិត្តភាព, Somet Condoninium សង្កាត់វាលវង់, Residence L Olymic សង្កាត់អូឡាំពិច, Prince Plazza Centre សង្កាត់ទន្លេបាសាក់, Celests Skybar សង្កាត់ទន្លេបាសាក់, Diamond Twin កោះពេជ្រ, Junzun ខារ៉ាអូខេមុខព្រលានយន្តហោះ, ក្លិប Coco សណ្ឋាគារកណ្តាលសួនច្បារ សង្កាត់ចតុមុខ, Juhoa មុខហាងឆ្នេរមាស សង្កាត់ទន្លេបាសាក់, ហាង The World សង្កាត់បឹងត្របែក, ហាង វ័នមែនសិន សង្កាត់បឹងត្របែក, ក្លិប ១៦៨ អតីតនគរសំរិទ្ធ កែងវត្តមហាមន្ត្រី សង្កាត់អូឡាំពិច, Love ក្រោយអ៉ិធូ សង្កាត់បឹងរាំង, វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី និងសាលា SIS សង្កាត់ផ្សារដើមគរ។

ក្រសួងបន្តអំពាវនាវយ៉ាងដូច្នេះថា “បុគ្គលដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬដឹងថាខ្លួន​ជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្ត​រក​មេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ សូមអញ្ជើញមកធ្វើតេស្តយកវត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែនៃ​រាជធានីភ្នំពេញ ហើយដាក់ខ្លួននៅដាច់ដោយឡែកពីក្រុមគ្រួសារធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងធ្វើការតាមដាន​សុខភាព​ជារៀងរាល់ថ្ងៃ”។

ក្រសួងបន្តថា ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកម្ដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬ ពិបាកដកដង្ហើមជាដើម សូមហៅទៅ​លេខទូរសព្ទទាន់ហេតុការណ៍ ១១៥ ឬលេខទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីជួយអន្តរាគមន៍សុខភាព បានទាន់ពេលវេលា៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here