ដោយ៖ សាវុធ
ភ្នំពេញៈ លោកកេត សោផាន់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានផ្ញើលិខិតមួយទៅលោកស្រី Caroline Monnot និពន្ធនាយកកាសែត Le Monde ដោយបង្ហាញការសោកស្តាយចំពោះអត្ថបទរបស់កាសែតនេះកាលពីថ្ងៃទី១៣ ខែកុម្ភៈ ទាក់ទងនឹងអភិវឌ្ឍន៍រមណីយដ្ឋានឯកជនក្នុងតំបន់អង្គរ។
លិខិតរបស់ឯកអគ្គរដ្ឋទូតកម្ពុជាកាលពីចុងសប្តាហ៍កន្លងមកនេះបានឱ្យដឹងថា យោងតាមអត្ថបទ ដែលចេញផ្សាយដោយកាសែត Le Monde នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយលោកស្រី Florence Évin និងមានចំណងជើងថា “នៅកម្ពុជា ប្រាសាទអង្គររងការគំរាមកំហែងដោយឧទ្យានកំសាន្ដឯកជន” ខ្ញុំសូមឆ្លើយតបវិញតាមសមត្ថភាពរបស់ខ្ញុំ ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសបារាំង។
លោកបានឆ្លើយតបតាមរយៈលិខិតនេះថា “អត្ថបទថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ របស់លោក Florence Évin បានសរសេរថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការបាត់បង់ទីកន្លែង តំបន់អង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃយូណេស្កូ សម្រាប់ប្រាក់ចំណេញពីសួនកម្សាន្តឯកជន។ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ដែលកាសែត Le Monde សរសេរក្នុងអត្តរបស់របស់ខ្លួន ជាមួយការអះអាងមិនពិតបែបនេះ ការភូតកុហក និងការបំភាន់មតិសាធារណៈ”។
លោកឯកអគ្គរដ្ឋទូត បានរំលឹកពីការទទួលខុសត្រូវរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (ICC) ក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ដោយគូសបញ្ជាក់ថា គណៈកម្មាធិការនេះដឹកនាំដោយបារាំង និងជប៉ុន។ ICC ត្រូវបានជូនដំណឹងអំពីរាល់ឯកសារវិនិយោគទាំងនេះហើយ និងក៏មិនមានករណីលើកលែងដែរ។
ICC បានធ្វើការសម្រេចចិត្ត ដូចដែលបានគ្រោងទុកជាយូរមកហើយនៅក្នុងកិច្ចប្រជុំពេញអង្គលើកក្រោយរបស់ខ្លួនលើឯកសារ ដែលកំពុងដំណើរការ។ ជាមួយគ្នានេះដែរ លោកស្រី Évin មានពេលច្រើន ដើម្បីសាកសួរអាជ្ញាធរបារាំង ហើយដូច្នេះអាជ្ញាធរបារាំងគួរអាចឆ្លើយតបនឹងសំនួររបស់លោកស្រី ដើម្បីបកស្រាយចម្ងល់ដល់ប្រជាជនកម្ពុជាផងដែរ។
លោកកេត សុផាន់បានមានប្រសាសន៍ថា “អ្នកអានកាសែតរបស់អ្នក ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះ ការសរសេរនេះ ដោយសារតែរាល់ឯកសារទាំងអស់ដែលពាក់ព័ន្ធទៅនឹងកិច្ចអភិវឌ្ឍពីវិស័យឯកជន សុទ្ធតែត្រូវបានធ្វើឱ្យមានតម្លាភាពពេញលេញដោយអាជ្ញាធរមានសមត្ថកិច្ច រួមទាំងបារាំងផងដែរ”៕