លោកបណ្ឌិតសុក ស៊ីផាន់ណាៈអ្នកជំនួញកម្ពុជាត្រូវតែមានមហិច្ឆតាធំដូចបណ្តាប្រទេសមហាអំណាច

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ថ្វីត្បិតកម្ពុជាគឺជាប្រទេសដែលតូច មានចំនួនប្រជាជនតិច និងជាប្រទេស ទើបតែចាកចេញពីភាពក្រីក្រយ៉ាងលឿនក្នុងរយៈពេលខ្លី ប៉ុន្តែប្រទេសនេះត្រូវតែមានមហិច្ឆតាបន្ថែមទៀត ដើម្បីអាចប្រែក្លាយទៅជាប្រទេស ដែលអភិវឌ្ឍដូចបណ្តាប្រទេសជិតខាង។ នេះបើតាមប្រសាសន៍លើកឡើងរបស់លោកបណ្ឌិតសុក ស៊ីផាន់ណាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។

មានប្រសាសន៍នៅក្នុងពិធីប្រារព្វខួប១០ឆ្នាំរបស់CEO Master Club កាលពីឆ្នាំមុនលោកបណ្ឌិតសុក ស៊ីផាន់ណាបានមានប្រសាន៍ថា ដើម្បីជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ និងអាចរក្សាបាននូវអត្រាកំណើនជាប់ជាប្រចាំ គឺចាំបាច់ណាស់ត្រូវមានការចូលរួមពីវិស័យឯកជន ព្រមទាំងបង្កើតមហិច្ឆតាឱ្យធំដូចបណ្តាប្រទេសជឿនលឿន និងមហាអំណាចសេដ្ឋកិច្ចដទៃទៀត។

លោកបណ្ឌិតបានបន្តទៀតថា “ប្រទេសមួយដែលរីកចម្រើនទៅបាន គឺទាល់តែមានចក្ខុវិស័យមួយច្បាស់លាស់ ហើយព្យាយាមបន្តអនុវត្តន៍ឱ្យមានប្រសិទ្ធភាព”។ លោកបានបន្តទៀតថា “កាលពី១០ឆ្នាំមុន កាលពីខ្ញុំទើបត្រឡប់មកពីប្រទេសស្វីស ខ្ញុំយល់ថាប្រទេសកម្ពុជា  ប្រៀបដូចជាកូនក្មេងតូចមួយ ដែលទើបតែចេះវារតែប៉ុណ្ណោះ បើប្រៀបទៅនឹងសេដ្ឋកិច្ចរបស់ប្រទេសជិតខាង ប៉ុន្តែពេលនេះវាដល់ពេលដែលយើងត្រូវតែមានមហិច្ឆតា ដែលអាចរត់ចេញទៅប្រណាំងជាមួយប្រទេសដទៃទៀត”។

លោកបានបន្តថា “ប្រទេសកម្ពុជា មានប្រជាជនត្រឹមប្រមាណ១៦លាននាក់ ប៉ុន្តែយើងមានវាសនាមួយត្រង់ថា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសហគមន៍អាស៊ាន ដែលមានប្រជាជនសរុបជាង៦៥០លាននាក់ ដែលជាទីផ្សារមួយដ៏ធំ និងអាចផ្តល់ឱកាសដល់កម្ពុជាក្នុងទាញយកផលប្រយោជន៍បានយ៉ាងប្រសើរ”។លោកបន្តថា “ចង់ឬមិនចង់ គឺយើងត្រូវតែចាប់ផ្ដើមធ្វើ ដោយចាប់ផ្តើមចេញពីការប្រកួតប្រជែងនៅក្នុងស្រុកជាមុនសិន”។

លោកបណ្ឌិតបានបន្ថែមថា “ក្រោយពេលជោគជ័យនៅក្នុងស្រុក ត្រូវបន្តមហិច្ឆតាចេញទៅក្រៅស្រុក ដោយផ្តើមពីការប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង និងបន្តចេញទៅប្រទេសដែលស្ថិតនៅក្នុងតំបន់នានាក្នុងសាកលលោក”។

ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជារូបនេះបានបន្តថា បន្ទាប់ពី១០ឆ្នាំកន្លងផុតទៅនោះ កម្ពុជាមិនមែនជាកូនក្មេងតូច ដែលទើបតែចេះដើរទៀតនោះទេ ប៉ុន្តែជាពេលវេលាដែលកម្ពុជាចាប់ផ្តើមពង្រឹងសមត្ថភាព និងធ្វើការប្រកួតប្រជែងនៅលើទីផ្សារអាស៊ានយ៉ាងពេញទំហឹង ជាមួយនឹងក្បួនខ្នាតត្រឹមត្រូវ រាល់ផលិតផលត្រូវមានស្តង់ដារកម្រិតអន្តរជាតិ ដូចជាភូគាមអនាម័យ ស្ដង់ការវិចខ្ជប់ និងស្ដង់ដារនៃការផលិត ដែលចាំបាច់ត្រូវតែមានអ្នកជំនាញ។

លោកបន្តថា “ការធ្វើជំនួញជាមួយអន្តរជាតិមិនត្រូវបានគិត និងយកចិត្តទុកដាក់ទៅលើមនោសញ្ចេតនានោះទេ ប៉ុន្តែត្រូវប្រាកដថារាល់ផលិតផល ដែលត្រូវបាននាំយកទៅកាន់ទីផ្សារមានគុណភាព តាមការកំណត់ត្រឹមត្រូវ ទើបអាចទទួលបានចំណែកទីផ្សារ ដែលស្របទៅនឹងមហិច្ឆតាដូចការគ្រោងទុក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here