ភ្នាក់ងារ​អចលនទ្រព្យ​ចាប់ផ្ដើម​ជួប​បញ្ហា​ជាថ្មី​ក្នុង​ឆ្នាំ២០២១ ខណៈ​ព្រឹត្តិការណ៍​សហគមន៍​លើក​ទី៣ មាន​សភាព​ធ្ងន់ធ្ងរ

0

ដោយៈ​លក្ខិណា

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ ដែល​ទើបតែ​ងើប​បន្តិច​នៅក្នុង​ឆ្នាំ ២០២១ ក៏បាន​ជួប​បញ្ហា​ឡើងវិញ បន្ទាប់ពី​ជំងឺ​កូ​វីដ១៩ ចាប់ផ្ដើម​រាលដាល​ជាថ្មី នៅក្នុង​សហគមន៍​នៅក្នុង​ព្រឹត្តិការណ៍ ២០កុម្ភៈ២០២១ ។

លោក​សុខ គែន ភ្នាក់ងារ​អ​ល​ចលនទ្រព្យ​ប្រចាំខេត្ត​កំពត​បាន​និយាយថា ក្នុង​ឆ្នាំ ២០២១ វិស័យ​អចលនទ្រព្យ​ឃើញថា​មាន​ពន្លឺ​បន្តិច​ឡើងវិញ ហើយ​សកម្មភាព​នៃ​ការវិនិយោគ​នានា ក៏​ហាក់​កម្រើក​បន្តិច​ដែរ តែ​ពេល​លឺដំណឹង​ថា​កូ​វីដ១៩ រីក​រាលដាល​ជាថ្មី វិស័យ​អចលនទ្រព្យ​ក៏​នឹង​ប៉ះពាល់​ជាថ្មី​ដែរ ។

លោក​បន្តថា “កាលពី​ឆ្នាំ២០២០កន្លងទៅ វិបត្តិ​កូ​វីដ១៩ បានធ្វើឱ្យ​វិស័យ​អចលនទ្រព្យ​និង​វិស័យ​ផ្សេងទៀត ទទួលរង​គ្រោះ​ម្ដង​ហើយ និង​បាន​ហែល​ឆ្លង​ក្នុង​ឆ្នាំ​នោះ ដោយ​លំបាក​ផងដែរ” ។ លោក​បន្តថា “ចូលដល់​ឆ្នាំ២០២១ ដោយ​រំពឹងថា​វ៉ាក់សាំង​កូ​វីដ១៩ចូល​មកដល់​កម្ពុជា​ហើយ វិនិយោគិន​រំពឹងថា​នឹង​អាច​ទប់ស្កាត់ បាន​មួយចំនួន​ពី​ការ​រាលដាល តែ​មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​ជំងឺ​នេះ​ចា់បផ្ដើម​រាលដាល​ខ្លាំងជាមុនៗ នៅ​កម្ពុជា ក្នុងពេល​វ៉ាក់សាំង​កំពុង​ធ្វើ​យុទ្ធនា​ការចាក់​ជូន​ពលរដ្ឋ​បណ្ដើរ” ។

អ្វី​ដែលជា​រំពឹង​របស់​វិនិយោគិន ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ២០២១នេះ អាច​នឹង​ខកចិត្ត​បន្តិច ក្រោយ​ការ​រាល​ត្បា​ត​នេះ ដោយ​អាជីវកម្ម​មួយចំនួន​បាន​ផ្អាក​ឡើងវិញ ដូចជា​ក្លឹប កម្សាន្ត កន្លែង​ពាក់ព័ន្ធ​ជាច្រើន​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍២០កុម្ភៈ។

ជាមួយគ្នានេះ​លោក​សំ សុខ​នឿន​ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បានឱ្យដឹងថា ព្រឹត្តិការណ៍​ឆ្លង​សហគមន៍២០ កុម្ភៈ គឺជា​ព្រឹត្តិការណ៍​មិន​នឹកស្មាន​ដល់​មួយ តែ​ក្នុងនាម​វិនិយោគិន​មួយរូប រំពឹង​លើ​រដ្ឋាភិបាល​ដែល​អាច​ទប់ស្កាត់ ការចម្លង​មេរោគ​នេះ​មិន​ឲ្យ​រីក​ធំ​នៅ​កម្ពុជា។

លោក​បន្តថា សម្រាប់​ព្រឹត្តិការណ៍​សហគមន៍​នេះ លោក​គិតថា​វា​នឹង​ប៉ះពាល់​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយសារតែ​យើង​មាន​វ៉ាក់សាំង និង​ចាក់​ជូន​ពលរដ្ឋបណ្ដើរៗ នឹង​ចាក់​ជូន​ពលរដ្ឋ​កាន់តែច្រើន ដែល​ធ្វើឱ្យ​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស​ទុកចិត្ត​មកលើ​កម្ពុជា ហើយនឹង​ចូលមក​វិនិយោគ​នៅក្នុង​ប្រទេស​ជា​បន្តបន្ទាប់។

លោក​ថា “ទោះបី​មានការ​ឆ្លង​ក្នុង​សហគមន៍ យើង​មើលឃើញថា​ការទិញ​លក់​អចលនទ្រព្យ​នៅតែមាន​ដំណើរការ​ធម្មតា ហើយ​សម្រាប់​វិនិយោគិន គួរតែ​បន្ត​គម្រោង​របស់ខ្លួន​ដដែល ខណៈ​រដ្ឋាភិបាល​លោក​ក៏​ខំប្រឹង​ទប់ស្កាត់​មិនឱ្យ​ឆ្លង​កាន់តែ​ធំ​នោះដែរ។

ព្រឹត្តិការណ៍​ឆ្លង​សហគមន៍២០កុម្ភៈ ២០២១នេះ​ត្រឹមតែ​ពេល​តែ​ពីរ​បី​ថ្ងៃ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជិត៨០នាក់​ទៅ ហើយ​ភាគច្រើន​ជា​ជនបរទេស( ចិន) និង​មាន​ការបិទ​ទីតាំង​អាជីវកម្ម​មួយចំនួន​នៅ​ភ្នំពេញ និង​ខេត្តកណ្ដាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here