ដោយៈសុខុម
មជ្ឈឹមបូព៌ាៈ អគារខ្ពស់កប់ពពកដ៏ល្បីល្បាញ Burj Khalifa ដែលមានកម្ពស់រហូតដល់ទៅ ៨២៩,៨ ម៉ែត្រនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត បានគ្រងតំណែងជាអគារខ្ពស់បំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន។
ទោះជាយ៉ាងណា មិនយូរទៀតទេ តំណែងជាអគារខ្ពស់បំផុតក្នុងពិភពលោកនឹងបានទៅលើអគារ Jeddah Tower ដែលមានកម្ពស់រហូតដល់ទៅ ១០០០ម៉ែត្រ នៅពេលការសាងសង់បញ្ចប់ជាស្ថាពរ ដែលអាចនឹងរួចរាល់នៅឆ្នាំ២០២១នេះ។
អគារថ្មីនេះត្រូវបានសាងសង់ ក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ សំណង់អគារនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ក្រុងសេដ្ឋកិច្ច Jeddah Economic City នៅលើផ្ទៃដី ៥លានម៉ែត្រការ៉េ ជាមួយនឹងទំហំវិនិយោគរហូតដល់ ទៅជាង២០ពាន់លានដុល្លារអាមេរិក។
អគារដែលមានតម្លៃ ២០ពាន់លានដុល្លារអាមេរិកនេះ នឹងក្លាយជាចំណុចលេចធ្លោបំផុត នៃគម្រោងក្រុងខ្នាតយក្សខាងលើនេះ ហើយតាមការរំពឹងទុកថា វានឹងមិនត្រឹមតែជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្អួតពីកំណើនសេដ្ឋកិច្ច ភាពសម្បូរសប្បាយ និងការលើកមុខមាត់ របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅលើឆាកអន្តរជាតិផងដែរ។
យោងតាមគេហទំព័រ blog.bulldozair.com ឱ្យដឹងថា ការសាងសង់អគារថ្មីនេះបានចាប់ផ្ដើមក្នុងឆ្នាំ២០១១ ។ ប៉ុន្តែដោយសារខាតបង់ផ្នែកហិរញ្ញវត្ថុច្រើនពេក ក្រោយពីតម្លៃប្រេងដាំក្បាលចុះ គម្រោងនេះបានបង្ខំចិត្តផ្អាកជាបណ្ដោះអាសន្ន។
អគារកម្ពស់ ១០០០ម៉ែត្រនេះ នឹង ២៥២ជាន់ជាមួយនឹងផ្ទៃសរុប ២៤៥.០០០ ម៉ែត្រការ៉េ។ នៅក្នុងអគារទាំងមូលនេះ នឹងត្រូវបានបែងចែកជាប្លុកអាផាតម៉ិន ការិយាល័យ និងសណ្ឋាគារមួយដែលមាន ២០០០បន្ទប់ រួមជាមួយនឹងកន្លែងគយគន់ទេសភាពខ្ពស់បំផុតក្នុងពិភពលោក នៅជាន់យ៉អាកាស ដែលមាន ៣០ម៉ែត្របើគិតជាបន្ទាត់ផ្ចិត។
តើស្ថាបត្យកររូបណាជាអ្នកគូសប្លង់អគារនេះ?
ស្ថាបត្យករជនជាតិអាមេរិក លោក Adrian Smith គឺជាគូរប្លង់អគារ Burj Khalifa ហើយលោកក៏ជាអ្នកគូរប្លង់អគារ Jeddah Tower នេះដែរ។ ក្រៅពីរូបលោក ក៏មានក្រុមហ៊ុនជាច្រើនទៀតដែរ ដែលចូលរួមពាក់ព័ន្ធក្នុងគម្រោងនេះ។ ក្រុមហ៊ុនទាំងនោះ រួមមានក្រុមហ៊ុន Rowan Williams Davies & Irwin Inc. ក្រុមហ៊ុន Fisher Marantz Stone ព្រមទាំងក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យផ្សេងមួយចំនួនទៀត។
យោងតាមគេហទំព័រ skyscrapercenter.com ឱ្យដឹងថា ដោយសារគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ ទិន្នន័យនេះគឺផ្អែកតាមព៌ត៌មានគួរឱ្យជឿទុកចិត្តបំផុត ដែលអាចរកបាននាពេលបច្ចុប្បន្ន។
ទិន្នន័យនេះ អាចនឹងមានការកែប្រែ រហូតទាល់តែអគារនេះ ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងមានការបញ្ជាក់ទទួលស្គាល់ ដោយក្រុមប្រឹក្សាទទួលបន្ទុកអគារខ្ពស់ និងលំនៅដ្ឋានក្នុងក្រុង (Council on Tall buildings and Urban Habitat)៕