ក្រសួងសុខាភិបាលប្រកាសថា មេរោគកូវីដបំប្លែងខ្លួនថ្មីដែលមានភាពកាចសាហាវកើតមាននៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រភេទមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីដែលមានប្រភពមកពីចក្រភពអង់គ្លេសបានកើតមាននៅក្នុងប្រទេសកម្ពុជាហើយ ជាពិសេសពាក់​ព័ន្ធទៅ​ព្រឹត្តិការណ៍​២០កុម្ភៈដែលក្នុងចំណោម២៥នាក់ដែលពិនិត្យ និងធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី២២ម្សិលមិញនេះមានចំនួន៣នាក់ផ្ទុកមេរោគកូវីដបំប្លែងខ្លួនថ្មី​ដែល​ជា​ការបន្ថែមនូវក្ដីព្រួបារម្ភកាន់តែខ្លាំង។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៥នាក់ទៀត ក្នុងនោះមាន២៣នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» សំខាន់នោះក្រសួងបញ្ជាក់ថា រកឃើញវីរុសបម្លែងថ្មី៣ករណី។

ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសមួយទៀតដោយបញ្ជាក់ថា មេរោគកូវីដ១៩ ដែលចម្លងនៅក្នុង​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កន្លងទៅនេះ គឺជាមេរោគកូវីដ១៩ បំប្លែងខ្លួន ដែលជាមេរោគកាចសាហាវ និងចម្លងឆាប់រហ័សជាងធម្មតា ដែលកន្លងមក​ដឹងថាមានប្រភពពីប្រទេសអង់គ្លេស។

ការរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួន ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ត្រូវបានពិនិត្យ និងពិសោធន៍ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ជាមួយនឹងការរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ក្នុងសហគមន៍កម្ពុជានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ១៩។

ជាមួយនឹងការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២២ ខែកុម្ភ ឆ្នាំ២០២១ ក៏បានថ្លែងសារបន្ទាប់ទៅដល់ជនរួមជាតិផងដែរថា ខ្ញុំសូមអំពាវនាវអ្នកពាក់ព័ន្ឋទាំងឡាយ សូមចូលរួមសហការ អ្នករត់តាក់ស៊ី កង់បី ឬPassappដែលបានពាក់ព័ន្ឋកន្លែងទាំងនោះ សូមមកយកសំណាករួចហើយរៀបចំធ្វើ់ចត្តាឡីស័ក្ត។ សម្តេចបន្តថា “ខ្ញុំព្រះករុណាសូមអំពាវនាវដល់ប្រជាពលរដ្ឋ បើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ ដើម្បីជៀសវាងការឆ្លង ដែលយើងមើលមិនឃើញ”។

សម្តេចបន្តថា ស្ថានភាពពេលនេះ គឺមានការខុសប្លែកពីព្រឹត្តិការណ៍៣ វិច្ឆិកា និង២៨ វិច្ឆិកា ព្រោះយើងឃើញពន្លឺខ្លះ ប៉ុន្តែនៅទីងងឹតខ្លះ ដែលយើងមើលមិនឃើញ ហើយនៅតាមស្ថាប័ននានា បើពន្យាបានសូមពន្យាការប្រជុំ បើធ្វើមិនបានទេសូមធ្វើតាមអនឡាញ។ សម្តេចតេជោបានស្នើប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត បើគ្មានការចាំបាច់កុំចូលមកកាន់រាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here