ក្រុមហ៊ុនNagaនឹងបន្តវាយតម្លៃគម្រោងអភិវឌ្ឍន៍រមណីយដ្ឋាននៅតំបន់អង្គរដោយគោរពតាមគោលការណ៍ម្ចាស់ផ្ទះ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ប្រធានក្រុមហ៊ុន NagaCorp Ltd បានឱ្យដឹងថា ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់គោរពប្រទេសម្ចាស់ផ្ទះ និងបរិស្ថាន នៅកន្លែងដែលក្រុមហ៊ុនដំណើរការ និងប្រតិបត្តិការអាជីវកម្ម នៅពេលពិចារណាវិនិយោគលើគ្រោងវិនិយោគថ្មីរបស់ក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយរបស់គេទំព័រ GGRAsia កាលពីម្សិលមិញ។

លោក Tim McNally បានឆ្លើយតបនឹងសំនួរទាក់ទងនឹងគម្រោងរមណីយដ្ឋានមិនល្បែងស៊ីសង ដែលត្រូវបានស្នើឡើងនៅជិតប្រាសាទអង្គរវត្តនៅកម្ពុជា ថា “ការខិតខំរបស់យើងក្នុងការលើកកម្ពស់វប្បធម៌ ក៏ដូចជាប្រទេសកម្ពុជា ទៅជាគោលដៅទេសចរណ៍ នឹងតែងតែពាក់ព័ន្ធនឹងការគោរព និងការពិចារណាលើការអភិវឌ្ឍទូទៅរបស់ប្រទេសកម្ពុជា”។

- Video Advertisement -

ក្រុមហ៊ុនចុះបញ្ជីនៅហុងកុង ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនកាស៊ីណូ NagaWorld ក្នុងរាជធានីភ្នំពេញបានស្នើអភិវឌ្ឍរមណីយដ្ឋានមិនមែនមានល្បែងស៊ីសង ដែលមានទឹកប្រាក់ ៣៥០ លានដុល្លារអាមេរិកប្រហែលកន្លះគីឡូម៉ែត្រ (ប្រហែលមួយភាគបីនៃម៉ាយ) ពីទីក្រុងអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធកន្លងមក អង្គការយូណេស្កូ ដែលជាអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនកំពុងតាមដានផែនការ និងដាក់ក្នុងពិភាក្សាអំពីឧទ្យានកម្សាន្តទំហំ៧៥ ហិកតានៅជិតតំបន់បេតិកភណ្ឌពិភពលោកអង្គរនៅកម្ពុជា។

អង្គការយូណេស្កូបានបញ្ជាក់ថា “យោបល់បច្ចេកទេសរបស់អ្នកជំនាញ ទាក់ទងនឹងអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព គឺមិនអំណោយផលទេ ចំពោះគម្រោងរបស់ក្រុមហ៊ុន NagaCorp ក្បែរតំបន់បេតិកភ័ណ្ឌនេះ។

ដោយមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើសេចក្តីថ្លែងការណ៍របស់យូណេស្កូ ប្រធានក្រុមហ៊ុន Nagacorp បាននិយាយថា “យើងពិតជាស្តាប់ ដោយយកចិត្តទុកដាក់នូវមតិផ្សេងៗ ដែលមានទំនួលខុសត្រូវ ហើយពិចារណាលើទស្សនៈផ្សេងៗ ដែលទាក់ទងនឹងគម្រោងភិវឌ្ឍន៍របស់យើង”។

ក្រុមហ៊ុនកាស៊ីណូមួយនេះបានឱ្យដឹងថា ការសាងសង់រមណីយដ្ឋានថ្មី ដែលត្រូវបានគេហៅថាជា បឹងធម្មជាតិអច្ឆរិយៈ នឹងត្រូវបានសាងសង់ជាដំណាក់កាល ដោយគម្រោងទីមួយគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៥។ គម្រោងអភិវឌ្ឍន៍នេះនឹងមានសណ្ឋាគារ ឧទ្យានទឹកកម្សាន្ត កន្លែងប្រជុំការ សន្និសីទ និងការតាំងពិព័រណ៍ (MICE) និងFood Streets ជាដើម។

នៅក្នុងការឆ្លើយតប លោក McNally បានកត់សម្គាល់បន្ថែមទៀតថា “យើងនឹងបន្តវាយតម្លៃរាល់ព័ត៌មានពាក់ព័ន្ធទាំងអស់ ដែលទទួលបានជាផ្នែកនៃដំណើរការទាំងមូលក្នុងការអភិវឌ្ឍណាមួយ។ អ្នកអាចដឹងប្រាកដថា គម្រោងណាមួយ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Naga នៅកម្ពុជា ប្រាកដជាមានការពិភាក្សា និងធាតុចូល ក៏ដូចជាការសម្របសម្រួលជាមួយរដ្ឋាភិបាលកម្ពុជា”៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here