ដោយ ៖ រ៉ាណេត
កែប ៖ ចាប់តាំងពីដើមឆ្នាំ២០២១កន្លងមកនេះ ម្ចាស់ដីឡូតិ៍ដែលមានទំហំធំៗនៅក្នុងក្រុងកែប ដែលបានទិញទុកចោលមិនមានសកម្មភាព និងមានព្រៃដុះទ្រុពទ្រុលនោះបានចាប់ផ្តើមមកធ្វការអភិវឌ្ឍដីរបស់ខ្លួនជាបណ្តើរវិញហើយបន្ទាប់ពីមានការអំពាវនាវរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបកាលពីពេលថ្មីៗនេះ ។
លោកសោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា បន្ទាប់ពីមានការអំពាវនាវកាលពីន្លងមកនេះ លោកបានសង្កេតឃើញថា ម្ចាស់ដីឡូតិ៍ធំៗដែលទុកចោលមានភាពប្រែប្រួលច្រើនដោយម្ចាស់ដីឡូតិ៍ខ្លះបានមកសម្អាតនូវទីតាំងដីរបស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍន៍ជាលំនៅឋាន និងគម្រោងសំណង់បដិសណ្ឋារកិច្ចជាច្រើនផងដែរ។
លោកសោម ពិសិដ្ឋ បានបញ្ជាក់ថា ដីឡូតិ៍ដែលមិនមានការអភិវឌ្ឍន៍ និងមានស្មៅដុះ ដើមឈើដុះស៊ុបទ្រុពធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពក្រុងកាលពីកន្លងទៅ ពេលនេះមានការប្រែប្រួលហើយ ដោយអ្នកខ្លះបានដាក់ពាក្យស្នើសុំសាងសង់សំណង់លំនៅឋានឯកជន បឹងហ្គាឡូ ផ្ទះសំណាក់ និងសំណង់អាជីវកម្មផ្សេង ប៉ុន្តែទើបតែបានជាង៤០ភាគរយតែប៉ុណ្ណោះ។
លោកបញ្ជាក់ទៀថា “នៅពេលអាជ្ញាធរខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធស្អាត ប៉ុន្តែម្ចាស់ដីមិនមកអភិវឌ្ឍ និងវិនិយោគិននោះក៏មិនបានចូលរួមអភិឌ្ឍន៍ជាមួយរដ្ឋខេត្តក៏ដូចជារដ្ឋាភិបាលនោះដែរ ដូច្នេះហើយត្រូវតែមានការចូលរួមទាំងអស់គ្នា ទើបកិច្ចការនេះវាទៅមុខ និងរីកចម្រើនបានលឿន”។
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រីតាំង ហួរធ្លាប់បានមានប្រសាសន៍ថា ខេត្តកែបជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ហើយក៏កំពុងទាមទារឱ្យមានការរៀបចំ និងអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍បន្ថែមទៀត។ លោកស្រីបានបញ្ជាក់ថា “បើទោះជារាជរដ្ឋាភិបាល សម្រេចមិនឱ្យមានរោងចក្រ និងមណ្ឌលកម្សាន្តដូចជាកាស៊ីណូយ៉ាងណាក៏ដោយ ក៏ខេត្តមួយនេះនៅតែមានសក្ដានុពលផ្នែកអចលនទ្រព្យដដែល ដូចជាសណ្ឋាគារ ផ្ទះសំណាក់ និងបឹងហ្គាឡូជាដើម” ។
ខេត្តកែបមានសក្តានុពលសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងធនធានធម្មជាតិលើគោក ធានធានធម្មជាតិក្នុងសមុទ្រ ឧទ្យានជាតិកែប តំបន់កោះ និងមានឆ្នេរសមុទ្រស្អាតៗជាច្រើនកន្លែង។ ជាមួយគ្នានេះ រដ្ឋាភិបាលបានកំណត់ចក្ខុវស័យរួចហើយថា ខេត្តកែប ជាតំបន់ទេសចរណ៍ សម្រាកលម្អែកំសាន្តប្រណិតកម្រិតខ្ពស់ មានបរិស្ថានល្អ កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ និងមកស្នាក់នៅរយៈពេលយូរ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋគោរពច្បាប់ សុខុមាលភាព សមភាពយេនឌ័រ សីលធម៌រស់នៅថៃ្លថ្នូរ វប្បធម៌រុងរឿង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ខណៈដែលខេត្តកែប ក៏កំពុងរៀបចំឆ្នេរថ្មីៗ ដើម្បីបំរើដល់ការកំសាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕