ដោយៈលក្ខិណា
ភ្នំពេញៈ ទោះបីជាកម្ពុជា កំពុងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សហគមន៍លើកទី៣ក្ដី ដែលទំហំនៃការឆ្លងនេះមានទ្រង់ទ្រាយធំជាងមុនក្ដី តែអ្នកជំនាញអចលនវត្ថុកម្ពុជាមួយចំនួន នៅតែមានសុទិដ្ឋិនិយម ចំពោះការទប់ស្កាត់របស់រាជរដ្ឋាភិបាល និងជំរុញឱ្យម្ចាស់គម្រោងវិនិយោគអចលនទ្រព្យ ដែលមានបំណងសាងសង់គម្រោងនានាបន្តអនុវត្តន៍គម្រោងនេះទៅមុខបន្ត។
លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍ឱ្យដឹងនាព្រឹកថ្ងៃទី២៣ កុម្ភៈនេះថា ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ជាថ្មីនៅក្នុប្រទេសកម្ពុជា នាពេលនេះ គឺជារឿងមិននឹកស្មានមួយ ក៏ប៉ុន្តែលោកជំរុញឱ្យវិនិយោគិននានាក្នុងវិស័យនេះ គួរតែបន្តគម្រោងអភិវឌ្ឍន៍របស់ខ្លួនបន្ត ដោយសារតែកូវីដសហគមន៍នេះ នឹងត្រូវទប់ស្កាត់បាន។
លោកបន្តថា ជាបទពិសោធន៍កន្លងមក កម្ពុជាបានទប់ស្កាត់ការរីករាលនិងគ្រប់គ្រងបានល្អ លើការឆ្លងរាលដាលនៃជំងឺនេះ ហើយសម្រាប់ការឆ្លងសហគមន៍លើកនេះ លោកក៏ជឿថាអាចទប់ស្កាត់បានដូចគ្នា ជាមួយនឹងវត្តមានវ៉ាក់សាំងនៃកូវីដ១៩ ដែលកំពុងចាក់ជូនពលរដ្ឋបណ្ដើរៗផងដែរ ។
លោកសំ សុខនឿនបានបន្តថា សម្រាប់ពេលនេះ ប្រជាពលរដ្ឋទាំងសូមស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកាន់តែធំ ដើម្បីឱ្យការឆ្លងសហគមន៍នេះ បានបញ្ចប់នៅពេលឆាប់ៗ និងអាចស្ដារសេដ្ឋកិច្ចកម្ពុជាបានប្រសើរឡើងវិញ ។
ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យវិនិយោគិនមួយចំនួនផ្អាក គម្រោងសាងសង់របស់ខ្លួនជាបន្តបន្ទាប់ នៅក្នុងឆ្នាំ២០២០ ហើយនៅឆ្នាំ២០២១នេះ មានវិនិយោគិនមួយចំនួន បានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ដែលបានគ្រោងទុកពីយូរមកហើយ តែទើបតែបានមួយរយៈខ្លី វិបត្តិជំងឺកូវីដ១៩ក៏ចាប់ផ្ដើមកក្រើកឡើងវិញ នៅក្នុងសហគមន៍២០កុម្ភៈ ដែលធ្វើឱ្យមានអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍ ប្រមាណ១០០នាក់ត្រឹមតែរយៈពេលពីរបីថ្ងៃប៉ុណ្ណោះ ។
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែមបានប្រកាសបិទទីតាំងអាជីវកម្ម និងទីតាំងពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈនេះ ជាបន្តបន្ទាប់ និងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធមកធ្វើតេស្តនិងធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងកាន់តែធំក្នុងសហគមន៍ ។ យ៉ាងណាក្ដីសម្ដេចតេជោហ៊ុនសែន មិនមានបំណងក្នុងការដាក់ប្រទេស ឬដាក់តំបន់ណាក្នុងគ្រាអាសន្ននៅឡើយ ព្រោះវាអាចបណ្ដាលប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ៕