ក្រុមហ៊ុនOCICបោះទុនប្រមាណ៨០លានដុល្លារវិនិយោគគំរោងThe Financial Street

0

ដោយ:ស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុនOCICបានសម្រេចបោះទុន ប្រមាណ៨០លានដុល្លារអាមេរិក ដើម្បីវិនិយោគគំរោងThe Financial Streetជាគំរោងមួយ ដែលមានទស្សនទាននៃការអភិវឌ្ឍថ្មី។

ប្រធានគ្រប់គ្រងគំរោងOlympia City លោកម៉េង ចំរើននៃក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៣ កុម្ភៈនេះថា គំរោងនេះនឹងសាងសង់បញ្ចប់រយៈពេល៣ឆ្នាំ ដែលអាចបញ្ចប់នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ខាងមុខនេះ ដោយបច្ចុប្បន្ននេះ ក្រុមការងាតបច្ចេកទេសកំពុងខួងគ្រឹះ ដើម្បីដំណើរការសាងសង់គំរោងនេះ។

លោកបន្តថា “គំរោងនេះមានចំណុចពិសេសជាច្រើន ដោយផ្ទះមានទំហំ៨ម៉ែត្រ គុណនឹង២៨ម៉ែត្រ ដែលមានចំណតយានយន្តធំទូលាយនៅខាងមុខ មានជាន់សំរាប់ចំណតយានយន្តក្រោមដី និងមានជណ្តើរយន្តផ្ទាល់ខ្លួនសំរាប់ផ្ទះនិមួយៗ”។ លោកបន្តថា កាលពីមុនទីតាំងនេះ ជាដីទំនេរ ប៉ុន្តែដោយសារក្រុមហ៊ុនមើលឃើញ នូវទស្សនទាននៃការអភិវឌ្ឍថ្មី តាមនិន្នាការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ទើបយើងរៀបចំគម្រោងនេះឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជន”។

ជាមួយគ្នានេះ លោកលឹម គៀនអានប្រធានផ្នែកលក់នៃគំរោងOlympia Cityបានមានប្រសាសន៍ថា ផ្ទះក្នុងគំរោងនេះលក់ក្នុងតម្លៃជាង៣លានដុល្លារអាមេរិក ដោយបច្ចុប្បន្ននេះ យើងមិនទាន់ប្រកាសលក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែយើងទទួលយកការកក់ប្រាក់ជំហានដំបូងពីអតិថិជនបណ្តើរៗហើយ។ លោកបន្តថា អាគារនេះមានផ្លូវមុខទទឹង១៦ម៉ែត្រ ដោយតភ្ជាប់ពីមហាវិថីព្រះមុនីរ៉េត មកកាន់ផ្លូវ១៦១ ទល់មុខវត្តសំពៅមាស។

លោកបន្តថា “គំរោងនេះមានលក្ខណៈពិសេស ដោយមានផ្លូវខាងមុខ១៦ម៉ែត្រ ទំហំអាគារជាង២០០០ម៉ែត្រការ៉េ ដែលជាតម្លៃមួយដ៏សមរម្យ គួបផ្សំជាមួយទីតាំងគំរោងមានភាពជាប់គ្នានឹងផ្សារទំនើបOlympia Mall និងមជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់់នៅជាប់នឹងគំរោងនេះ”។លោកបន្តថា អ្នកវិនិយោគអាចទិញសម្រាប់រស់នៅ ប្រកបអាជីវកម្មជាការិយាល័យក្រុមហ៊ុន គ្លីនីក ឬអាជីវកម្មដទៃទៀតបាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here