ខេត្តមណ្ឌលគិរីរៀបចំផែនការអភិវឌ្ឍសេដ្ឋកិច្ចបែបបៃតងក្នុងផែនការរៀបចំដែនដីរយៈពេល២០ឆ្នាំ

0

ដោយៈ ប៊ី

មណ្ឌលគិរីៈ ក្រុមប្រឹក្សាខេត្តកាលពីថ្មីៗនេះ បានឯកភាពទទួលយកផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី ហើយនេះជាកំណត់សំគាល់ប្រវត្តិសាស្រ្តមួយ ដែលខេត្តមណ្ឌ​លគិរី មានផែនការរៀបចំដែនដីរបស់ខ្លួនជាលើកដំបូង។ នេះបើតាមសេចក្តីប្រកាសព័ត៌​មានរបស់អង្គការ WWF កម្ពុជា ដែលគេហទំព័រ Propertyarea.asia ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ០២១។

ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរីបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ ដែលមានវត្តមានចូលរួមពីតំណាងមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមា​ជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី  ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) អង្គការ WWFកម្ពុជា និងក្រុមអ្នកជំនាញបច្ចេកទេស កសាងផែនការរៀបចំដែនដីផងដែរ។

លោកបណ្ឌិតម៉េង ប៊ុណ្ណារិទ្ធអគ្គនាយករងនៃអគ្គនាយកដ្ឋានរៀបចំដែនដី នគរូបនីយកម្ម និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិបានមានប្រសាសន៍ថា ផែនការរៀបចំដែនដីនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ខេត្តមណ្ឌលគិរី ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅក្នុងយុគសម័យ នៃភាវូបនីយកម្មថ្នាក់តំបន់ និងសកលភាវូបនីយកម្មប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ឲ្យនូវទិសដៅជាយុទ្ធសាស្ត្រ ដើម្បីកំណត់ទម្រង់នៃការអភិវឌ្ឍដែនដីខេត្ត ក្នុងរយៈពេល២០ឆ្នាំខាងមុខ។

លោកបណ្ឌិតបន្ថែមថា“ដូចបានធ្វើសេចក្តីសន្និដ្ឋានរួម នៅក្នុងសិក្ខាសាលាពិគ្រោះយល់ចុងក្រោយកាលពីម្សិលមិញ ខ្ញុំទទួលស្គាល់ថាផែនការរៀបចំដែនដី បានគិតគូរពិចារណារាល់កង្វល់របស់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងដំណើរការកសាងផែនការ ដូច្នេះហើយភាពសម្បូរបែបនៃសម្បត្តិធម្មជាតិ និងវប្បធម៌មូលដ្ឋាន គឺជាចំណុចកណ្តាលនៃផែនការនេះ”។ លោកបន្តថា “ខ្ញុំសង្ឃឹមថា រដ្ឋបាលខេត្តនិងរដ្ឋបាលចំណុះខេត្ត នឹងប្រើផែនការរៀបចំដែនដីនេះជាឧបករណ៍នាំផ្លូវ សម្រាប់ដំណើរការអភិវឌ្ឍនាពេលអនាគតរបស់ខេត្ត”។

ផែនការរៀបចំដែនដី គឺជាឯកសារយុទ្ធសាស្ត្រគោលនយោបាយសំខាន់មួយ ដែលផ្តល់នូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍរយៈពេលវែង សម្រាប់រយៈពេល២០ឆ្នាំខាងមុខ (២០២១-២០៤០) ក៍ដូចជាផ្តល់ទិសដៅជាក់លាក់ សម្រាប់ការអភិវឌ្ឍដែនដីខេត្ត ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍ ប្រកបដោយនិរន្តភាព ដែលផ្សារភ្ជាប់នឹងការអភិរក្ស។ ផែន​ការរៀបចំដែនដី ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់សហគមន៍មូលដ្ឋាន បញ្ហាប្រឈមនៃការអភិវឌ្ឍ និងការប្រែប្រួលនៃប្រព័ន្ធបរិស្ថាន វប្បធម៌ និងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្ត។

ជាមួយគ្នានេះ លោកស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត មានប្រសាសន៍បន្ថែមថា “ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី មានទិសដៅផ្តល់ឥទ្ធិពល លើការសម្រេចចិត្តនិងកសាងភាពជាម្ចាស់រួមគ្នា លើការអភិវឌ្ឍប្រកបដោយតុល្យភាព រវាងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការទទួលបាននូវសេវាសាធារណៈប្រក​បដោយសមធម៌”។

លោកស្រី ហាញ ង្វៀន(Hanh Nguyen) នាយកបេសកកម្មស្តីទី របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានថ្លែងថា ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិសង្ឃឹមថា ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី នឹងត្រូវបានប្រើជាឧបករណ៍យុទ្ធសាស្ត្រមួយ ដើម្បីតម្រង់ទិសដៅជាអាទិភាព សម្រាប់ការអភិវឌ្ឍ និងការអភិរក្សខេត្តដ៏ស្រស់ស្អាតមួយនេះ តាមរយៈការដោះស្រាយតម្រូវការបច្ចុប្បន្ន និងការធានាបាននូវការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយនិរន្តភាពរយៈពេលវែង និងមានការបំភាយឧស្ម័នកម្រិតទាប។

ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី គឺជាផែនទីបង្ហាញផ្លូវសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាពនិងមានការទទួលខុសត្រូវ និងតុល្យភាពនៃការបែងចែក ប្រើប្រាស់ដីធ្លី ធនធានធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនិងសង្គម ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ខេត្ត និងគោលការណ៍ច្បាប់ ការចូលរួម និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីគ្រប់ស្ថានប័ននិងភាគីពាក់ព័ន្ធទាំងអស់។

លោកសេង ទៀកនាយកអង្គការ WWF កម្ពុជា បានថ្លែងថា “នវានុវត្តន៍ចម្បងៗបំផុតនៅក្នុងវិធីសាស្រ្ត គ្រប់គ្រងតំបន់ទេសភាព គឺការទទួលស្គាល់នូវតម្រូវការ ដើម្បីដោះស្រាយអន្តរកម្មដ៏សាំញ៉ាំ នៃវិសាលភាពការប្រើប្រាស់ដែនដី រួមទាំងការយល់ដឹងអំពីស្ថាប័ននិងអាកប្បកិរិយារបស់មនុស្សក្នុងនៅទីនោះផងដែរ”។

លោកបន្ថែមទៀតថា “អង្គការ WWF កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការរៀបចំផែនការប្រើប្រាស់ដីធ្លី ប្រកបដោយនិរន្តភាព ដើម្បីថែរក្សាការពារជីវៈចម្រុះសម្បូរបែបនៅក្នុងខេត្តមណ្ឌលគិរី។

ការបង្កើតផែនការរៀបចំដែនដីនេះ ជាដំណើរការ ដែលមានការចូលរួមពីពហុភាគីនិងត្រូវបានផ្តួចផ្តើមឡើង នៅខែមករា ឆ្នាំ២០១៧ ដោយមានការបង្កើតឡើងនូវរចនាសម្ព័ន្ធអភិបាលកិច្ច ក្រោមការគាំទ្រថវិកាពីសហភាពអ៊ឺរ៉ុប (EU)។ ការបង្កើតផែនការរៀបចំដែនដី ត្រូវបានចាប់ផ្តើម នៅខែតុលា ឆ្នាំ២០១៨ ក្រោមការគាំទ្រថវិកាពីគម្រោងគាំទ្រដែនជម្រកសត្វព្រៃរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) តាមរយៈអង្គការ WWF កម្ពុជា។ ដំណើរការកសាងផែនការរៀបចំដែនដី បានអនុវត្តដោយក្រុមអ្នកជំនាញបចេ្ចកទេស រួមមានក្រុមការងារស្នូល រៀបចំផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី ក្រុមទីប្រឹក្សាបច្ចេកទេស ដែលជ្រើសរើសដោយអង្គការ WWF កម្ពុជា និងបុគ្គលិកជំនាញរបស់ អង្គការ WWF កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here