វត្តមានសំណង់អាគារពាណិជ្ជកម្ម និងអាជីវកម្មធំៗជាច្រើនកំពុងលើកមុខមាត់ច្រកព្រំដែនជ្រៃធំខេត្តកណ្តាល

0

ដោយៈ រ៉ាណេត

កណ្តាលៈ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមានដូចជាផ្លូវថ្នល់ និងស្ពាន ដើម្បីសម្រួលដល់ចរាចរណ៍ និងការដឹកជញ្ជូនបម្រើដល់វិស័យពាណិជ្ជកម្ម បច្ចុប្បន្នច្រកព្រំដែនជ្រៃធំកំពុងតែបង្ហាញ ពីវឌ្ឍនភាពរបស់ខ្លួនជាមួយនឹងវត្តមានសំណង់អាគារពាណិជ្ជកម្ម មណ្ឌលកម្សាន្ត និងសំណង់ផ្សេងទៀតបម្រើដល់វិស័យទេសចរណ៍ជាច្រើន។

ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល លោកម៉ៅ ភិរុណ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះ បច្ចុប្បន្នវិស័យសេដ្ឋកិច្ចនៅទូទាំងខេត្តកណ្តាល នៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ។ ដោយឡែកនៅតាមតំបន់ច្រកព្រំដែនសំខាន់ៗ ក៏អាចរក្សាបានសុខសុវ​ត្ថិភាពយ៉ាងមានប្រសិទ្ធភាព។

លោកបន្តថា “សម្រាប់ច្រកព្រំដែនជ្រៃធំ ដែលស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល យើងសង្កេតថាក្រៅពីអាចរក្សាបាននូវសុខសុវត្ថិភាព ពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់វិស័យពាណិជ្ជកម្មក្នុងតំបន់ ដូចជាការដឹកជញ្ជូនក៏នៅតែមានសកម្មភាពរស់រវើកដដែល”។ លោកបន្តថា “នៅច្រកមួយនេះ រដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ ដែលធ្វើយ៉ាងណាអាចបង្កភាពងាយស្រួល ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជួយសម្រួលដល់ការចរាចរណ៍ ដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-វៀតណាមឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត”។

ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពនៃវិស័យសំណង់ នៅច្រកព្រំដែនជ្រៃធំវិញ អាគារធំៗដែលទទួលបានការអនុញ្ញាត ពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីពេលកន្លងទៅមានជាង៥០គម្រោង ដែលក្នុងនោះរួមមាន ដូចជា គម្រោងសាងសង់អគារមជ្ឈមណ្ឌលកម្សាន្ត កាស៊ីណូចំនួន៦ទីតាំង អគារសណ្ឋាគារចំនួន២ គម្រោងផ្សារទំនើបចំនួន១ អគារផ្ទះសំណាក់ចំនួន៤៥ទីតាំង រួមជាមួយអគារសំណង់ផ្សេងៗមួយចំនួន។

លោកនៃ ចារី អភិបាលរងខេត្តកណ្តាល មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដី ទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ សម្រាប់ការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរភាព កាលពីពេលកន្លងទៅនៅសាលាខេត្តកណ្តាលថា តំបន់ព្រំដែនជ្រៃធំ និងផ្លាស់ប្ដូរមុខមាត់ថ្មី ប្រែក្លាយជាបេះដូងរបស់ខេត្តកណ្ដា​ល និងមានការរីកចម្រើនពិតប្រាកដនាពេលអនាគត បន្ទាប់ពីអនុវត្តត្រឹមត្រូវទៅតាមប្លង់គោល។

លោកបានបញ្ជាក់ថា “ទៅថ្ងៃអនាគតតំបន់ជ្រៃធំ និងក្លាយជាទីប្រជុំជន ដែលមានលក្ខណៈស្តង់ដារតាមរយៈការកំណត់តំបន់ប្រើប្រាស់ដីសមស្រប ដូចជា តំបន់លំនៅឋាន កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ រដ្ឋបាល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាបានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យតំបន់ព្រំដែនជ្រៃធំ ផ្លាស់ប្ដូរមុខមាត់ថ្មី ក្លាយជាបេះដូងរបស់ខេត្តកណ្ដាល និងមានការរីកចម្រើនពិតប្រាកដនាពេលអនាគត”។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ KAT Appraisal លោកស្រី ចេវ សុឃុន ធ្លាប់បានប្រាប់តាមរយៈទូរស័ព្ទកាលពីពេលកន្លងទៅនេះថា ទីផ្សារអចលនទ្រព្យនៅតំបន់ជ្រៃធំ ជាពិសេសនៅជិតច្រកព្រំដែន កាលពីមិនទាន់ផ្ទុះជំងឺកូវីដ តម្លៃដី និងអចលនទ្រព្យនានាមានការកើនឡើង ប៉ុន្តែចាប់តាំងមានវិបត្តិជំងឺកូវីដ ទីផ្សារទិញលក់បានជួបសភាពស្ងប់ស្ងាត់ទៅវិញ។

លោកស្រីបន្តថា “ទីផ្សារអចលនទ្រព្យនៅតំបន់ច្រកព្រំដែនជ្រៃធំ អាចមានសកម្មភា​ពឡើងទាល់តែវិបត្តិកូវីដ ត្រូវបានកាត់បន្ថយដែលធ្វើឱ្យសកម្មភាព ធ្វើពាណិជ្ជកម្មនៅតំបន់នេះមានភាពមមាញឹកឡើងវិញ ព្រោះនៅពេលដែលសកម្មភាពពាណិជ្ជកម្ម មានភាពមមាញឹក តម្រូវការប្រើប្រាស់ដីធ្លីអាចនឹងកើនឡើង ហើយតម្លៃដីធ្លីក៏មានកំណើនផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here