ក្រុមហ៊ុនលំដាប់យក្សHuawei នៅតែទទួលបានប្រាក់ចំណេញ ទោះបីរងទណ្ឌកម្មពីសហរដ្ឋអាមេរិក

0

ដោយៈ សុខុម

សៀងហៃៈ ប្រធានផ្លាស់វេននៃក្រុមហ៊ុន Huawei បានបញ្ជាក់កាលពីថ្ងៃអង្គារ ទី២២ ខែកុម្ភៈកន្លងមកថា ក្រុមហ៊ុននេះនៅតែទទួលបានកំណើនប្រាក់ចំណេញ ក្នុងឆ្នាំ២០២០ ស្របតាមការរំពឹងទុករបស់ខ្លួន ថ្វីបើទទួលរងទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់    រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនយ៉ាងណាក្ដី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមហ៊ុនបច្ចេកវិទ្យារបស់មហាយក្សចិនមួយនេះ ត្រូវបានអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ ចុះក្នុងបញ្ជីខ្មៅក្នុងឆ្នាំ២០១៩ ហើយត្រូវបានហាមឃាត់ដាច់ខាត មិនឱ្យទទួលបានបច្ចេកវិទ្យាសំខាន់ៗ របស់សហរដ្ឋអាមេរិកឡើយ ជាហេតុធ្វើឱ្យប៉ះពាល់ពាល់យ៉ាងខ្លាំង ដល់សមត្ថភាពរបស់ក្រុមហ៊ុននេះ ក្នុងការឌីហ្សាញបន្ទះឈីបផ្ទាល់ខ្លួន និងពិបាកទទួលបានការផ្គត់ផ្គង់គ្រឿងបង្គុំ។

មូលហេតុដែលសហរដ្ឋអាមេរិក ដាក់បម្រាមបែបនេះ ដោយសាររកឃើញថា ក្រុមហ៊ុនមួយនេះ បានលួចយកព័ត៌មានសម្ងាត់ពាណិជ្ជកម្ម និងយោធារបស់ខ្លួន ជាអ្វីដែលក្រុមហ៊ុននេះបានច្រានចោលទាំងស្រុង។

ក្នុងពិព័រណ៍ពិភពទូរស័ព្ទក្រុងសៀងហៃ Mobile World Congress Shanghai លោក Ken Hu ជាប្រធានផ្លាស់វេនបានលើកឡើងថា “ក្រុមហ៊ុន Huawei បានប្រឈមការលំបាកខ្លាំងកាលពីឆ្នាំមុន។ ប៉ុន្តែពេលនេះ ប្រតិបត្តិការមានស្ថិរភាពវិញហើយ ស្របតាមគោលការណ៍ណែនាំរបស់យើង ដោយទទួលបានកំណើនប្រាក់ចំណូល និងប្រាក់ចំណេញតិចតួច”។

កាលពីដើមខែនេះ លោក Ren Zhengfei ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុននេះបានថ្លែងថា លោកសង្ឃឹមថា រដ្ឋការរបស់លោកចូ បៃឌិន នឹង “រក្សាគោលនយោបាយបើកចំហ” ចំពោះបណ្ដាក្រុមហ៊ុនអាមេរិក ដែលធ្វើរកស៊ីជាមួយក្រុមហ៊ុនHuawei។

មន្ត្រីមួយរូបមកពីក្រសួងព័ត៌មាន និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន បានបង្ហើបឱ្យដឹងកាលពីថ្ងៃអង្គារ ទី២២ កុម្ភៈ ថា រហូតមកទល់ពេលនេះ មហាយក្សចិនបានបោះទុនរហូតដល់ទៅជាង២៦០ពាន់លានយ័ន (៤០,២៧ ពាន់លានដុល្លារអាមេរិក) នៅក្នុងការសាងសង់ប្រព័ន្ធបណ្ដាញ5G៕

LEAVE A REPLY

Please enter your comment!
Please enter your name here