សម្តេចតេជោ ដាក់ចេញវិធានការបន្ទាន់បិតចរាចរណ៍មនុស្សចេញចូលខេត្តព្រះសីហនុ

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានវិធានការបន្ទាន់តាមរយៈការផ្ញើសារជាសំឡេងនៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ដោយបញ្ជាឱ្យអាជ្ញាធរខេត្តព្រះសីហនុត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងបិតចរាចរណ៍មនុស្សចេញចូលក្នុងខេត្តព្រះសីហនុជាបន្ទាន់ ប៉ុន្តែមិនបិទការដឹកជញ្ជូនទំនិញសម្រាប់នាំចេញ នាំចូលក្នុងប្រទេសនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា៖ « តាមវិធីនៃការគ្រប់គ្រងដែលយើងបានកំណត់នៅតាមទីតាំងនានា គឺយើងបានបិទរួចមក ហើយ ប៉ុន្តែអ្នកដទៃទៀតដែលមិនទាន់បានពិនិត្យ គួរតែត្រូវមានការរារាំងកុំឱ្យធ្វើដំណើរ។ យើងមិនអាចបិទបានទាំងស្រុង យើងមិនអាចបិទក្រុងហ្នឹងបានទេ ដោយសារតែវាពាក់ព័ន្ធនឹងការនាំចេញនាំចូលទំនិញ។ ប៉ុន្តែចំពោះមនុស្សអាចនឹងមានការតម្រូវឱ្យមានការខិតខំ (ចលនាមនុស្សកុំឱ្យចេញ) ដើម្បីនឹងទប់ស្កាត់នៃការរីករាលដាលចម្លងទៅកាន់ខេត្តផ្សេង។ ចឹងគឺសុំឱ្យគេស្នាក់ខេត្តព្រះសីហនុ កុំឱ្យចេញមកក្រៅ ទៅកែប កំពត ឬទៅតាមផ្លូវជាតិលេខ៤ »។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទាក់ទងនឹងវិធានការទី២ ដែលជាការជំរុញការចាក់វ៉ាក់សាំង ហើយបន្តចាក់វ៉ាក់សាំងសម្រាប់អ្នកអាយុក្រោម៥៩ ឆ្នាំ និងថែម AstraZeneca សម្រាប់អ្នកអាយុ៦០ឆ្នាំឡើង សម្រាប់ប្រជាពលរដ្ឋផង សម្រាប់មន្ត្រីរាជការ និងរាប់ទាំងជនចូលនិវត្តន៍ផងដែរ ដោយវ៉ាក់សាំង ទាំង Sinopharm និង AstraZeneca នឹងត្រូវបញ្ជូនទៅទីនោះនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ។

សម្ដេចតេជោមានប្រសាសន៍បន្ថែមថា៖ «ជំរុញបង្កើនការចាក់វ៉ាក់សាំង ហើយត្រូវគ្រប់គ្រងឱ្យបាននូវស្ថានការណ៍ទាំងឡាយដែលបាន និងកំពុងវិវឌ្ឍអាក្រក់នៅទីនោះ។ ឥឡូវនេះបញ្ហាសំខាន់ គឺកុំឱ្យរីកចេញពីខេត្តព្រះសីហនុ ចេញទៅខេត្តផ្សេង ដោយត្រូវរកវីធីដោះស្រាយបញ្ហា តាមរយៈការរៀបចំរបៀបណា ដើម្បីកុំឱ្យក្រៅពីរថយន្តដឹកទំនិញ មានរថយន្តអ្នកធ្វើដំណើរចេញពីខេត្តព្រះសីហនុ»។

សម្ដេចតេជោបានបញញជាក់ថា៖ «ឥឡូវរកវិធីដើម្បីខ្ទប់មាត់ច្រក ហើយហាមឃាត់រថយន្ត សំខាន់ពលរដ្ឋចិនមួយចំនួនដែលធ្វើការនៅទីនោះ ដែលយើងត្រូវគ្រប់គ្រង។ អ្នកធ្វើចត្តាឡីស័កយើងអាចគ្រប់គ្រងបានហើយ ប៉ុន្តែក្រែងមានអ្នកទាំងហ្នឹងដែលយើងមិនទាន់បានពិនិត្យ អ៊ីចឹងសុំធ្វើកិច្ចការងារហ្នឹងឱ្យបានហ្មត់ចត់ដើម្បីជៀសវាងការចម្លងទៅកន្លែងផ្សេង ប៉ុន្តែកុំឱ្យប៉ះពាល់ទៅលើការដឹកទំនិញនាំចេញនាំចូល ជារឿងចាំបាច់ ដែលអ្នកទាំងនេះមិនពាក់ព័ន្ធនឹងការចម្លងទេ»។

ជាមួយនឹងការដាក់ឱ្យអនុវត្តនូវវិធានបន្ទាន់ខាងលើនេះ សម្ដេចតេជោក៏បានផ្ដាំទៅសមត្ថកិច្ចពាក់ព័ន្ធឱ្យពិនិត្យមើលទាក់ទងនឹងករណីកើនឡើងនៃអ្នកវិជ្ជមានកូវីដ-19 នៅខេត្តព្រះសីហនុ ដែលមិនអាចបិទក្រុងព្រះសីហនុទាំងស្រុងនោះទេ ដោយគប្បីយកវិធានការបន្ទាន់ចំនួន2សម្រាប់អនុវត្តបន្ថែម គឺ៖ទី1- គឺបិទចរាចរណ៍មនុស្សចេញពីខេត្តព្រះសីហនុ និងចេញទៅកាន់ខេត្តផ្សេងៗ ហើយទី2- គឺការជំរុញការចាក់វ៉ាក់សាំងដែលនឹងត្រូវបញ្ជូនទៅនឹងព្រឹកថ្ងៃទី4 ខែមីនា ឆ្នាំ2021នេះ។

គិតត្រឹមព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣១នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» មានចំនួន ២៨នាក់ និង៣នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស។ អ្នកឆ្លងក្នុងសហគមន៍ទាំង២៨នាក់ ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយមានជនជាតិចិន ១៧នាក់, ជនជាតិខ្មែរ ១០នាក់ និងជនជាតិវៀតណាមម្នាក់។ សម្រាប់អ្នកដំណើរមកពីក្រៅប្រទេស ឆ្លងកូវីដ១៩ ទាំង៣នាក់វិញ គឺជាជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជានៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

នៅព្រឹកថ្ងៃទី៤ ខែមីនានេះផងដែរ ក្រសួងសុខាភិបាលក៏បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ផងដែរ ដែលជាអ្នកប៉ះពាល់ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» គឺកុមារជនជាតិខ្មែរ អាយុ១១ឆ្នាំ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបុរសជនជាតិចិន នៅខណ្ឌចំការមន។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ដដែលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here