សម្ដេចតេជោបញ្ជូនវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាននៅខេត្តក្រុងចំនួន៣ជាបន្ទាន់

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅចាក់ជូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាននៅតាមបណ្តាខេត្តក្រុងចំនួន៣ជាអាទិភាព រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលកំពុងប្រឈមនឹងការរីករាលដាលនៅក្នុងសហគមន៍ក្នុងលក្ខខណ្ឌបន្ទាន់។

នៅក្នុងអង្គសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យកាល់ម៉ែត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខេត្តទាំង៣ដែលបានលើកឡើងខាងលើនេះ គឺមានអាទិភាពក្នុងការទទួលបានវ៉ាក់សាំង សម្រាប់ចាក់ការពារឆ្លងជំងឺ ដោ​យសារតែស្ថានភាពកំពុងប្រឈមខ្លាំងគួរឱ្យព្រួយបារម្ភ។

- Video Advertisement -

សម្ដេចបានបញ្ជាក់ថា “នៅព្រឹកថ្ងៃនេះ ខ្ញុំបានបញ្ជូនវ៉ាក់សាំងទាំង២ប្រភេទទៅកា​ន់ខេត្តព្រះសីហនុ ទាំងប្រភេទស៊ីណូហ្វាម និងប្រភេទអាស្ត្រាហ្សេនីកា”។ លោកបន្តថា “សម្រាប់អ្នកដែលចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម គឺអនុញ្ញាតពីអាយុ៥៩ឆ្នាំចុះក្រោម ហើយប្រភេទវ៉ាក់សាំង អាស្ត្រាហ្សេនីកា គឺសម្រាប់មនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ”។

សម្ដេចតេជោហ៊ុន សែនបានបន្តថា “នៅក្នុងជំហានដំបូងនេះ តាមការប៉ាន់ស្មានគឺអាចចាក់បានប្រមាណចាប់ពី១០-១៣ម៉ឺននាក់ ក្នុងលក្ខខណ្ឌបន្ទាន់ ហើយផ្តោតសំខាន់ទៅលើមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋទូទៅ។ មន្ត្រីមូលដ្ឋានដូចជាមន្ត្រីភូមិ ឃុំ ស្រុក និងខេត្ត គឺមានមិនច្រើននោះទេ ដូច្នេះប្រជាពលរដ្ឋក៏ទទួលបានច្រើនក្នុងដំណាក់ដំបូងនេះ ហើយជាបន្តបន្ទាប់ យើងនឹងបន្តចាក់នៅទូទាំងប្រទេស ឱ្យគ្រប់តាមផែនការដែលបានគ្រោងទុក”។

ជាមួយនឹងការប្រកាសពីការចាក់វ៉ាក់សាំងជូនមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋខ្មែរនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសផងដែរថា នឹងចាក់វ៉ាក់សាំងជូនដល់បណ្តាជនបរទេសនានាដែលកំពុងរស់នៅ និងប្រកបមុខរបរ បំពេញការងារផ្សេងៗដោយឥតគិតថ្លៃផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣១នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» មានចំនួន២៨នាក់ និង៣នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស។ អ្នកឆ្លងក្នុងសហគមន៍ទាំង២៨នាក់ ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយមានជនជាតិចិន១៧នាក់ ជនជាតិខ្មែរ១០នាក់ និងជនជាតិវៀតណាមម្នាក់។ សម្រាប់អ្នកដំណើរមកពីក្រៅប្រទេស ឆ្លងកូវីដ១៩ ទាំង៣នាក់វិញ គឺជាជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជានៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

នៅព្រឹកថ្ងៃទី៤ ខែមីនានេះផងដែរ ក្រសួងសុខាភិបាលក៏បានប្រកាសពីការព្យាបា​លជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ផងដែរ ដែលជាអ្នកប៉ះពាល់ក្នុង “ព្រឹត្តិ​ការណ៍សហគមន៍២០កុម្ភៈ» គឺកុមារជនជាតិខ្មែរអាយុ១១ឆ្នាំ នៅសង្កាត់គោកឃ្លាង ខណ្ឌ​សែនសុខ និងបុរសជនជាតិចិន នៅខណ្ឌចំការមន”។

គិតត្រឹមម៉ោង៧,០០នាទីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ដដែលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤២៥នាក់៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here