អ្នកជំនាញៈ តម្រូវការដីបែបទេសចរណ៍កំពុងមានការកើនឡើង ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩

0

ដោយៈ ប៊ី

ភ្នំពេញៈ តម្រូវការប្រភេទអចលនទ្រព្យបែបទេសចរណ៍នៅតាមបណ្តាខេត្តទេសចរណ៍សក្តានុពល កំពុងមានកើនឡើងនាពេលបច្ចុប្បន្ន ដែលធ្វើឱ្យវិនិយោគិនមួយចំនួនចាប់ផ្តើមផ្លាស់ប្តូរទៅរកការអភិវឌ្ឍរមីយដ្ឋាន ឬកន្លែងកម្សាន្ត ដោយមានការពុះដីឡូតិ៍សម្រាប់សាងសង់លំនៅដ្ឋានលំហែកាយ។

លោកម៉ម សេរីបញ្ញាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Easy Property Investment បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ថា តម្រូវការប្រភេទដីបែបទេសចរណ៍នៅតាមបណ្តាខេត្ត ដែលមានសក្តានុពល កំពុងមានកើនឡើងនាពេលបច្ចុប្បន្ន ខណៈវិនិយោគិននៅបណ្តាខេត្តទាំងនេះចាប់ផ្តើមផ្លាស់ប្តូរឥរិយាបទវិនិយោគ ពីការលក់ដីធំៗ ទៅការអភិវឌ្ឍរមីយដ្ឋាន ឬកន្លែងកម្សាន្ត ដោយមានការពុះដីឡូតិ៍សម្រាប់សាងសង់លំនៅដ្ឋានលំហែកាយ។

- Video Advertisement -

លោកបានថ្លែងថា នៅអ្នកទិញទៅដើរកម្សាន្តតំបន់ទេសចរណ៍មួយចំនួន ពួកគាត់តែងមានក្តីស្រៃចង់បានផ្ទះ និងដីនៅតំបន់នោះតែម្តង ហើយបច្ចុប្បន្ន ពួកគាត់មានលំនៅដ្ឋានរួចហើយនៅទីក្រុងភ្នំពេញ ហើយដោយសារការងារមានភាពស្មុគស្មាញ គាត់ទៅកម្សាន្តនៅតាមបណ្តាខេត្ត គាត់លែងចង់ជួលសណ្ឋាគារ និងផ្ទះសំណាក់ ដោយចង់បានដីខ្លួនឯងជាប្រភេទដីចម្ការ ឬដីនៅតំបន់ទេសចរណ៍។

លោកបានឱ្យដឹងទៀតថា ដូច្នេះបច្ចុប្បន្នមានវិនិយោគិនជាច្រើនបានក្លាយការវិនិយោគរបស់ពួកគាត់ ពីការលក់ទំហំធំទៅជាការអភិវឌ្ឍន៍រីសត (រមីយដ្ឋាន) ដោយមានការពុះឡូតិ៍លក់នៅគម្រោងនោះតែម្តង ហើយអ្នកទិញអាចទិញទំហំដី ក្នុងគម្រោងទាំងនេះ ទៅតាមទំហំដែលគាត់ចង់បាន ដើម្បីសាងសង់លំនៅដ្ឋានបែបលំហែកាយ។

លោកបានបន្តថា “ការវិនិយោគលើគម្រោងដីឡូតិ៍បែបរីសតនេះឃើញថាមានកើនឡើងនៅតាមខេត្តទេសចរណ៍មួយចំនួន ដូចជាខេត្តកំពត កោះកុង និងមណ្ឌលគីរីជាដើម”។

នៅពេលវិនិយោគិនទាំងក្នុង និងក្រៅស្រុកចាប់ផ្តើមគម្រោងដីឡូតិ៍រីសតក្នុងខេត្តទេសចរណ៍ណាមួយ ឧទាហរណ៍ដូចក្នុងខេត្តកំពត ហើយក្នុងខេត្តកំពត យើងមានទេសភាពភ្នំ ទឹក និងចំការជាដើម នឹងផ្តល់ប្រយោជន៍ដល់សហគមន៍ក្នុងតំបន់។

លោកថ្លែងទៀតថា “អ្វីដែលផ្តល់ផលប្រយោជន៍ប្រជាជន គឹយើងអាចជួយដល់សហគមន៍ ដោយបង្កើតការងារ និងចំណូល តាមរយៈការអភិវឌ្ឍន៍បែបចម្រុះនៅក្នុងគម្រោងរីសត”។

ទាក់ទងនឹងវិបត្តិកូវីដ១៩ លោកបានលើកឡើងថា “ក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ពិភពលោកកំពុងជួបប្រទះនឹងបញ្ហា ហើយយើងក៏ជួបនឹងបញ្ហាដូចគ្នា ដោយសារវិបត្តិកូវីដ១៩។ ខ្ញុំអាចនិយាយបានថា វាមានផលប៉ះពាល់ ប៉ុន្តែយើងមិនអាចអង្គុយកាប់បំពង់ រងចាំទឹកភ្លៀងនោះទេ ឬនៅក្នុងរណ្តៅមួយ ដោយមិនប្រឹងវារឡើងនោះទេ ព្រោះបើយើងមិនធ្វើសកម្មភាពអ្វីសោះ យើងនឹងដួលទាំងអស់គ្នា”។

លោកបានថ្លែងទៀតថា “ដូច្នេះយើងត្រូវបានធ្វើយ៉ាងម៉េចឱ្យមានដំណើរចរន្តសាច់ប្រាក់ ហើយយើងឃើញថា អ្នកវិនិយោគមួយចំនួននៅប្រឹងប្រែងធ្វើ និងអ្នកទិញនៅបន្តទិញ ដែលជាឱកាសមួយល្អ ក្នុងការទទួលបានតម្លៃល្អ”។

លោកអំនាវពាវដល់វិនិយោគិនទាំងអស់កុំឱ្យមានការភិតភ័យសម្រាប់ការវិនិយោគនាពេលបច្ចុប្បន្ន និងបន្តអភិវឌ្ឍន៍ និងវិនិយោគទៅតាមគម្រោង និងផែនការរបស់ខ្លួន ប៉ុន្តែត្រូវគោរពតាមការណែនាំរបស់រដ្ឋភិបាល តាមរយៈការដាក់គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

លោកឌឹត ចណ្ណានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានថ្លែងប្រាប់ផងដែរថា បច្ចុប្បន្ន រំហូរនៃអ្នកទេសចរ ដើម្បីស្វែងរកអចលនទ្រព្យ មានការកើនឡើងច្រើន ពិសេសនៅតាមបណ្តាខេត្តទេសចរណ៍សក្តានុពល ដូចជានៅខេត្តកំពត មណ្ឌលគីរី និងរតនគីរីជាដើម។

លោកបានថ្លែងទៀតថា ការវិនិយោគលើអចលនទ្រព្យប្រភេទកើនឡើង ដោយសារតែអ្នកវិនិយោគអាចទិញ ដីនៅតំបន់ទេសចរណ៍ សម្រាប់ការសាងសង់លំនៅដ្ឋានបែបនលំហែកាយផង ក៏ដូចទុកសម្រាប់ផលចំណេញនាខាងមុខផង៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here