ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ បានសហការជាមួយក្រុមប្រឹក្សាពាណិជ្ជកម្មថៃ និងកម្ពុជា (TCBC) របស់ប្រទេសថៃ ដើម្បីជួយសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន រវាងប្រទេសទាំង២ក្នុងអំឡុងពេលដ៏ពិបាក ដោយសារការរីករាលដាលជំងឺកូវីដ ១៩ ដែលធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ធ្លាក់ចុះកាលពីឆ្នាំមុន។
លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីដើមខែមីនានេះ បានជួបជាមួយក្រុមគណៈប្រតិភូនៃក្រុមប្រឹក្សាពាណិជ្ជកម្មថៃ និងកម្ពុជា (TCBC) ដែលដឹកនាំដោយលោកChanitr Charn-chainarong ប្រធានក្រុមប្រឹក្សានេះដើម្បីពិភាក្សាពីការរីកចម្រើនគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម និងការវិនិយោគក្នុងឆ្នាំ ២០២១ នេះ។
លោកបានមានប្រសាសន៍ថា ភាគីទាំង ២ បានពិភាក្សាអំពីផលប៉ះពាល់លើសេដ្ឋកិច្ច ដោយសារតែវិបត្តិជំងឺកូវីដ ១៩ ដែលមានដូចជា សកម្មភាពនៃការធ្វើពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី ការប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង ព្រមទាំងលទ្ធភាពនៃការបើកដំណើរការច្រកព្រំដែន ជប់គគីរ (ខេត្តឧត្តរមានជ័យ) និងសៃតាគូ (ក្នុងខេត្តប៊ុរីរ៉ាំ) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីរបស់ប្រទេសទាំង ២។
លោកថ្លែងថា “ពាណិជ្ជកម្មទ្វេភាគីរបស់យើង ពិតជារងផលប៉ះពាល់នាអំឡុងពេលដ៏ពិបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ ១៩។ ទោះបីជាមានការរឹតបន្តឹងនៅតាមព្រំដែន ក៏យើងមិនហាមឃាត់ការនាំចូល ឬការនាំចេញទំនិញរវាងប្រទេសទាំង ២ នោះទេ”។ លោកបន្តថា “យើងរឹតបន្តឹងតែលើការធ្វើចរាចរណ៍របស់ប្រជាជនប៉ុណ្ណោះ។ ដូច្នេះ ការផ្លាស់ប្តូរទំនិញរបស់យើង នៅតែមានគ្រាន់តែវាធ្លាក់ចុះបរិមាណតិចតួចប៉ុណ្ណោះ”។
ក្រុមប្រឹក្សាពាណិជ្ជកម្មថៃ និងកម្ពុជាបានពិភាក្សាគ្នា ដើម្បីជំរុញការធ្វើពាណិជ្ជកម្មនៅតាមព្រំដែនបន្ថែមទៀត ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន។ យើងក៏បានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២ របស់យើងផងដែរ ហើយយើងក៏បានពិភាក្សាអំពីការចរាចរទំនិញ ដើម្បីឱ្យមានផលិតផលដែលផលិតនៅប្រទេសកម្ពុជា កាន់តែច្រើនចូលទៅប្រទេសថៃ ពិសេសក្នុងផ្សារទំនើបBig C Super Markets និងផ្សារ 7 Eleven»។
ការនាំចេញពីកម្ពុជាទៅថៃមានតម្លៃ១១៤៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ធ្លាក់ ៤៩,៤៩ ភាគរយ ធៀបឆ្នាំ ២០១៩ និងបាននាំចូលតម្លៃ ៦ ០៨៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤,៨០ ភាគរយ៕