ខណ្ឌច្បារអំពៅបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកទីផ្សារអគារខ្ពស់ៗ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុចំណោមខណ្ឌទាំង១៤ នៅទូទាំងរាជធានីភ្នំពេញ ខណ្ឌដែលកំពុងត្រៀមខ្លួនក្នុងទទួលយកទីផ្សារខុនដូ និងអាគារពាណិជ្ជកម្មធំៗបន្ទាប់ពីខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌសែនសុខ និងខណ្ឌទួលគោកនោះ គឺខណ្ឌច្បារអំពៅ ខណៈដែលខណ្ឌជ្រោយចង្វារ បានឈានមួយជំហានមុនរួចទៅហើយ។

ស្របពេលដែលគម្រោងអភិវឌ្ឍន៍ទីក្រុងថ្មីកោះនរា ស្ថិតនៅក្នុងខណ្ឌច្បាររអំពៅកំពុងមានភាពនមមាញឹក ក្នុងការសាងសង់គម្រោងរបស់ខ្លួន គេសង្កេតឃើញមានគម្រោ​ងអភិវឌ្ឍន៍សំណង់អាគារខុនដូខ្ពស់ៗជាច្រើន គម្រោងដែលភាគច្រើនក្រោមការវិនិយោគរួមគ្នារវាងអ្នកនៅក្នុងស្រុក និងអ្នកវិនិយោគមកពីប្រទេសចិនត្រៀមបង្ហាញខ្លួន។

- Video Advertisement -

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia  លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះ ដោយសារតែតម្លៃដី នៅកណ្តាលរាជធានីភ្នំពេញមានកម្រិតខ្ពស់ បានជំរុញឱ្យអ្នកវិនិយោគ និងអភិវឌ្ឍន៍លើគម្រោងអគារពាណិជ្ជកម្ម ខុនដូ ក៏ដូចជា អាផាតម៉ិន បង្វែរគោលដៅរបស់ខ្លួន ទៅតាំងនៅតំបន់ផ្សេងមួយចំនួនទៀត ដែលជាតំបន់ទី២បន្ទាប់ពីកណ្តាលក្រុង។

លោកស្រីបន្តថា “ខណ្ឌដែលពេញនិយម និងមានសក្ដានុពលខ្ពស់ ក្នុងទីផ្សារអាគារខ្ពស់ៗ គឺខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌចំការមន បន្ទាប់មកគឺខណ្ឌទួលគោក”។ លោកស្រីបន្តថា “ប៉ុន្តែដោយសារតែកត្តាតម្លៃដីធ្លីមានកម្រិតខ្ពស់ជាបន្តបន្ទាប់ បានធ្វើឱ្យអ្នកវិនិយោគ និងអភិវឌ្ឍន៍មួយចំនួនបង្វែរគោលដៅរបស់ខ្លួនទៅតំបន់ទី២ដែលមានសក្ដានុពល ដែលក្នុងនោះឃើញមានខណ្ឌជ្រោយចង្វារ កំពុងមានគម្រោងថ្មីៗ រួមជាមួយនឹងសកម្មភាពសាងសង់គួរឱ្យកត់សម្គាល់”។

លោកស្រីបញ្ជាក់ថា “ខណ្ឌជ្រោយចង្វារ គឺមានលក្ខខណ្ឌល្អសមស្របទៅនឹងការរស់នៅ និងតំបន់ពាណិជ្ជកម្មកម្រិតមធ្យម ប៉ុន្តែនៅមិនទាន់អាចក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់ ដូចខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងខណ្ឌដូនពេញនោះទេ ដោ​យសារតែកត្តាហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត។ ឱកាសនៃការអភិវឌ្ឍ ឱ្យដូចនឹងខណ្ឌទាំង៣ខាងលើនេះ គឺត្រូវការពេលវេលាបន្តិចទៀត អាចក្នុងចន្លោះ៣-៥ឆ្នាំទៀត បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបធំៗ ចាប់ផ្តើមបង្ហាញវត្តមានព្រមគ្នា ជាមួយនឹងការសាងសង់ តភ្ជាប់ផ្លូវថ្នល់ ស្ពាន បន្ថែមទៀតដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ ក្រោយពេលបញ្ចប់បញ្ហាកូវីដ។

ដោយឡែកលោកម៉ម សិរីបញ្ញា ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យEASY Property Investment បានលើកឡើងថា បច្ចុប្បន្នគម្រោងអភិវឌ្ឍក្រុងរណបរបស់ក្រុមហ៊ុនOCIC និងគម្រោងក្រុងរណបរបស់ក្រុមហ៊ុន លីយ៉ុងផាត់ នៅក្នុងខណ្ឌជ្រោយចង្វារ កំពុងតែដំណើរសាងសង់ជាបណ្តើរៗ ហើយបន្តិចទៀតតំបន់នេះនឹងក្លាយជាបណ្តុំសំណង់អគារពាណិជ្ជកម្មធំៗ និងខ្ពស់ៗកម្រិតអន្តរជាតិស្រដៀងគ្នាទៅនឹងតបន់កណ្តាលក្រុងដែរ។

លោកបញ្ជាក់ថា  “ខណ្ឌបន្ទាប់ ដែលនឹងមានទីផ្សារអគារខ្ពស់ៗចូលទៅតាំងនៅគឺខណ្ឌច្បារអំពៅ។ ជាក់ស្ដែងបច្ចុប្បន្ន ខណ្ឌមួយនេះកំពុងចាប់ផ្តើមមានវត្តមានគម្រោងអភិវឌ្ឍន៍ធំៗ ជាមួយទុនវិនិយោគរាប់សិបលានដុល្លារ ចូលទៅជាបន្តបន្ទាប់ ពោ​លគឺមានមិនក្រោម១០គម្រោងនោះទេ ដែលភាគច្រើនផ្តោតទៅលើ ប្រភេទខុនដូកម្រិតសមរម្យ និងកម្រិតមធ្យម ហើយវានឹងមានគម្រោងថ្មីៗចូលបន្ថែមទៀត”។

ជាមួយនឹងកំណើននៃគម្រោងអភិវឌ្ឍន៍ សំណង់អាគារពាណិជ្ជកម្ម និងសំណង់ខុនដូ នៅក្នុងខណ្ឌច្បារអំពៅបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀត ដើម្បីបញ្ចៀសបញ្ហាកកស្ទះ ដែលតែងកើតមាន ដូចជា គម្រោងការសាងសង់ស្ពានបន្ថែមឆ្លងកាត់ទន្លេបាសាក់ គម្រោងសាងសង់ស្ពានតភ្ជាប់ពីផ្លូវជាតិលេខ១ មកកាន់ទីក្រុងកោះនរា និងទីក្រុងកោះពេជ្រ ក៏ដូចជាគម្រោងបង្កើតកំពង់ចម្លងផងដែរ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here