ដោយៈ រ៉ាណេត
ភ្នំពេញៈ ទោះជានៅក្នុងបរិការណ៍ ដែលកំពុងជួបនាពេលបច្ចុប្បន្ននេះ ទីផ្សារដីឡូត៍នៅតាមតំបន់ជាយក្រុង និងក្បែរទីប្រជុំជនមួយចំនួនជុំវិញក្រុង នៅតែមានសកម្មភាព ខណៈដែលការទិញឡូត៍ បានផ្តល់ផលចំណេញទាំងអតិថិជន ដែលមានចំណូលមធ្យម ចំណេញទាំងអ្នកលក់ ចំណេញទាំងសេដ្ឋកិច្ចជាតិ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ឧកញ៉ាម៉ន សុខា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗថា ទីផ្សារដីឡូត៍នៅតែមានប្រជាប្រិយភាព ព្រោះអ្នកមានតម្រូវការដីសម្រាប់សាងសង់លំនៅដ្ឋានជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅមានកម្រិតច្រើន ហើយម្ចាស់អភិវឌ្ឍន៍គម្រោងដីឡូត៍ ក៏បានផ្តល់ឱកាសដល់អ្នកដែលមានចំណូលតិច ឬមធ្យម ដែលគ្មានលទ្ធភាពទិញដី ទំហំដោយការបង់ផ្ដាច់នោះ អាចធ្វើការទិញតាមរយៈវិធីសាស្ត្រនៃការបង់រំលោះប្រចាំខែបានយ៉ាងសុវត្ថិភាព។
លោកឧកញ៉ាបានបន្តថា “មិនថាពេលនេះ ឬបន្តទៅមុខ៥-១០ឆ្នាំទៀតនោះទេ ទីផ្សារដីឡូត៍ នៅតែមានប្រជាប្រិយភាពខ្ពស់ ព្រោះអ្នកដែលមានតម្រូវការនៅមានកម្រិតច្រើន ហើយអ្នកអភិវឌ្ឍន៍មិនសូវពិបាកក្នុងការរកទីផ្សារនោះទេ” ។ លោកបន្តថា “លើសពីនេះ តាមរយៈការពុះគម្រោងដីឡូត៍ លក់ជូនដល់អ្នកមានចំណូលតិ និងចំណូលដែលចង់បានដីកម្មសិទ្ធិស្របច្បា ប់សម្រាប់សាងសង់លំនៅដ្ឋាននេះ អ្នកអភិវឌ្ឍន៍បានសប្បាយចិត្តក្នុងការចូលរួមជួយលើកកម្ពស់សង្គមផងដែរ” ។
លោកម៉ន សុខា បានបញ្ជាក់ថា តាមការពិតទីផ្សារដីឡូតិ៍បានចូលរួមជួយសង្គមជាតិដោយប្រយោល ដែលមនុស្សមួយចំនួនមើលមិនឃើញ។ គម្រោងដីឡូត៍ស្របច្បាប់ បានជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលចំណូលតិចគ្មានលទ្ធភាពទិញដីទំហំធំដោយការបង់ផ្តាច់រាប់ម៉ឺនដុល្លារ ឱ្យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងមានដីជាកម្មសិទ្ធិស្របច្បាប់សម្រាប់សាងសង់លំនៅដ្ឋានស្នាក់ ដោយការលក់ក្នុងតម្លៃទាប ជួយសម្រួលដល់លក្ខខណ្ឌនៃការបង់ប្រាក់ ឬបង់រំលោះប្រចាំខែ។
លោកឧកញ៉ាម៉ន សុខាបានបន្តថា “ទោះជាពួកគាត់មិនទិញ សម្រាប់សាងសង់លំនៅដ្ឋាន ដែលជាតម្រូវការជាក់ស្ដែង ប៉ុន្តែក្រោយពេលបង់រំលស់អស់ ពួកគាត់នឹងសល់ជាទ្រព្យ ប្រៀបដូចគាត់សន្សំប្រាក់យ៉ាងដូច្នោះ” ។ លោកបន្ថែមថា “បន្ថែមពីនេះ តម្លៃដីពីមួយឆ្នាំទៅមួយឆ្នាំតែងមានកំណើន ដូច្នេះពួកគាត់ក្រៅពីជាការសន្សំប្រាក់ថែមទាំងអាចទទួលបានចំណេញថែមទៀត” ៕