ក្រុមហ៊ុន Las Vegas Sands Corp នឹង​លក់​កាស៊ីណូ​របស់ខ្លួន​ក្នុងតម្លៃ ៦,២៥ពាន់​លាន​ដុល្លារ

0

ដោយ សុខុម

ញូវយ៉កៈ  ក្រុមហ៊ុន​រី​សត និង​កាស៊ីណូ​ដំ​ដាប់​ខ្ពស់ Las Vegas Sands Corp ដ៏​ធំ​មួយ​បាន​លក់​ក្នុងតម្លៃ ៦,២៥ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN ចុះផ្សាយ​កាលពី​ថ្ងៃទី៣ មីនា។

ក្រុមហ៊ុន​គ្រប់គ្រង​មូលធន Apollo Global Management និង​ក្រុមហ៊ុន​អចលនទ្រព្យ Vici Properties កំពុង​ចាប់​ដៃគូ​សហការ ដើម្បី​ទិញយក​សណ្ឋាគារ​ប្រណីត និង​រី​សត​កាស៊ីណូ The Venetian Las Vegas ដែលមាន ៧.០០០បន្ទប់ នៅតាម​បណ្ដា​យ​កំណាត់​មហាវិថី Las Vegas Strip ជិត​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត Sands Expo and Convention Center។

ក្រុមហ៊ុន Apollo នឹង​ចេញ​លុយ ២,២៥ពាន់​លាន​ដុល្លារ ទិញយក​ក្រុមហ៊ុន​ប្រតិបត្តិការ​របស់​Venetian ហើយ​ក្រុមហ៊ុន Vici នឹង​ចំណាយលុយ ៤ពាន់​លាន​ដុល្លារ ដើម្បី​ទិញយក​ដី និង​ទ្រព្យសកម្មផ្សេង។

ក្រុមហ៊ុន Apollo និយាយថា ការទិញ​នេះ​គឺជា​ការប្រថុយប្រថាន​ដ៏​ធំ ខណៈ​ចំនួន​ភ្ញៀវទេសចរ និង​អាជីវកម្ម​សន្និបាត​នៅ​ឡាស​វេ​ហ្គាស បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

ក្រុមហ៊ុន​នេះ​បាន​បន្ថែមទៀតថា “ការវិនិយោគ​នេះ ក៏​ឆ្លុះបញ្ចាំង​ផងដែរ​ពី​ការជឿជាក់​យ៉ាង​មុតមាំ​របស់​យើង​ថា សេដ្ឋកិច្ច​នៅ​ឡាស វេ​ហ្គាស នឹង​ងើប​ឡើងវិញ​ខ្លាំង ខណៈ​វ៉ាក់សាំង​ជំរុញ​ឱ្យ​វិស័យ​កម្សាន្ដ និង​ទេសចរណ៍​បើក​ដំណើរ​ឡើងវិញ នៅ​សហរដ្ឋអាមេរិក និង​ទូទាំង​ពិភពលោក” ។

ក្រុមហ៊ុន Las Vegas Sands បាន​បង្រួម​ឈ្មោះ​របស់ខ្លួន​មក​នៅត្រឹម Sands ដោយសារ​ត្រូវ​ផ្លាស់​ចេញពី​ក្រុង​ឡាស វេ​ហ្គាស។ ក្រុមហ៊ុន​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ការផ្លាស់ប្តូរ​នេះ​គឺ “សប្បាយ​លាយ​ក្រៀមក្រំ” ហើយនឹង​ជួយ​ឱ្យ​ខ្លួន​ងាក​មក   ផ្តោតលើ​ទីផ្សារ ដែល​កំពុង​រីកចម្រើន​លឿន​ដូចជា​តំបន់​អាស៊ី​ជាដើម។

លោក Robert Goldstein នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Sands បាន​លើកឡើងថា “Venetian បាន​ផ្លាស់ប្តូរ​មុខមាត់ នៃ​ការអភិវឌ្ឍ​កាស៊ីណូ​នាពេល​អនាគត ហើយនឹង​ពង្រឹង​កេរដំណែល​របស់លោក Sheldon Adelson ក្នុងនាម​ជា​បុគ្គល​ម្នាក់ ក្នុងចំណោម​បុគ្គល​មាន​ឥទ្ធិពល​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ឧស្សាហកម្ម​ល្បែង និង​បដិសណ្ឋារកិច្ច។ សណ្ឋាគារ​ប្រណីត និង​រី​សត​កាស៊ីណូ Venetian បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ១៩៩៩ ដែល​ជួយ​ជំរុញ​ឱ្យ Sands ក្លាយជា​ក្រុមហ៊ុន​កាស៊ីណូ​ធំ​បំផុត​ក្នុង​ពិភពលោក។

សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា កាលពី​នៅមាន​ជីវិត លោក Sheldon Adelson ធ្លាប់បាន​ពិចារណា​លក់​កាស៊ីណូ របស់លោក​នៅ​ឡាស វេ​ហ្គាស​ផងដែរ មុនពេល​លោក​ទទួលមរណភាព នៅ​ថ្ងៃទី១១ ខែមករា ដើមឆ្នាំ២០២១ នេះ​ក្នុង​វ័យ៨៧ ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here