ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងអូសទាញការវិនិយោគវិស័យសំណង់

0

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ បាន និងកែប្រែមុខមាត់យ៉ាងប្រសើរជាមួយនឹងសន្ទុះនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យឧស្សាហកម្មចំរុះយ៉ាង សម្បូរបែប ជាពិសេស គម្រោងសាងសង់សំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពស់ខ្ពស់ៗ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃមធ្យម ដែលកំពុងតែមានសកម្មភាព។

ជាមួយនឹងគម្រោងអភិវឌ្ឍន៍ធំៗជាច្រើននៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើឱ្យបណ្តាអ្នកវិនិយោគផ្នែកវិស័យអចលនទ្រព្យទាំងក្នុង និងក្រៅស្រុក ចាប់ផ្តើមសកម្មភាពបោះទុនវិនិយោគទៅលើវិស័យសំណង់ ជាពិសេសក្រោយពេលដែលរដ្ឋាភិបាលបង្ហាញពីគម្រោងបង្កើតតំបន់ឧស្សាហកម្មនៅតាមបណ្តាយផ្លូវជាតិលេខ៤ ឆ្ពោះទៅក្រុងព្រះសីហនុ ។

អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ បាន និងកំពុងតែមានសកម្មភាពអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្ត ក៏ដូចជាកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់មានភាពល្អប្រសើរជាងមុន។

លោកបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូល វិស័យឧស្សាហកម្មបាន និងកំពុងតែដើរឈានមុខគេ ដោយចំនួនរោងចក្រ សហគ្រាសតូចធំសរុបច្រើនជាង ២៧០គម្រោង ដែលបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋទូទៅជាង១២ម៉ឺននាក់ ខណៈខេត្តនេះមានប្រជាជនសរុបមានចំនួនជាង៨៧ម៉ឺននាក់ ហើយនៅគម្រោងប្រមាណ ១០០ទៀត ដែលភាគច្រើនជាការវិនិយោគរបស់ក្រុមហ៊ុនចិន កំពុងតែរៀបចំឯកសារស្នើសុំដំណើរការក្នុងពេលខាងមុខនេះ ខណៈដែលគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងច្បារកំពុងបន្តដំណើរការដ្ឋានដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក វ៉ី សំណាង បានបញ្ជាក់ថា “ក្រៅពីគម្រោងទាំងនេះ នៅមានគម្រោងធំៗជាច្រើនទៀតដែលកំពុងដំណើរការនីតិវិធី ដូចជាគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងគម្រោងបង្កើតទីក្រុងវៃឆ្លាតលើដីទំហំ ១០០ហិកតា រួមជាមួយការសាងសង់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា លើដីទំហំ១២៦ហិកតា ក្នុងទឹកប្រាក់វិនិយោគប្រមាណ១០លានដុល្លារ ស្ថិតក្នុងស្រុកភ្នំស្រួច ដែលរហូតមកដល់ពេលនេះសាងសង់បានប្រមាណ២០ភាគរយ”។

ងាកមកចាប់អារម្មណ៍ជាមួយនឹងការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានវិញត្រូវបានគេកត់សម្គាល់ឃើញថា មានសកម្មភាពគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសនៅក្នុងក្រុងច្បារមន ដែលជាប្រភេទលំនៅដ្ឋានតម្លៃមធ្យមក្នុងចន្លោះចាប់ពី៥-១២ម៉ឺនដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here