ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ តម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថានៅតែរក្សាតម្លៃថេរ ទាំងដីធ្លី និងលំនៅឋាន បើទោះបីជាឆ្នាំ២០២០ និង២០២១នេះកម្ពុជានៅតែបន្តជួបវិបត្តិដោយសារតែកូវីដ១៩ និងមានលក្ខណៈទ្រង់ទ្រាយធំក៏ដោយ។
លោកលឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៥ មិនានេះថា ទោះបីជាកម្ពុជាយើងជួបវិបត្តិដោយសារតែកូវីដ១៩ក្នុងឆ្នាំ ២០២១នេះបន្តទៀតក្ដី តែតម្លៃដីធ្លី និងលំនៅឋាន ក្នុងខេត្តជាប់មាត់សមុទ្រដូចជាកំពត និងកែបជាទូទៅមិនមានការធ្លាក់ចុះនោះទេ គឺនៅរក្សាតម្លៃដដែល។ ដោយឡែក សម្រាប់ដីធ្លីមួយចំនួនដែលពលរដ្ឋ ប្រញ៉ាប់លុយដោះស្រាយជីវភាពនិងបញ្ហាហិរញ្ញវត្ថុ ក៏បានលក់ចេញក្រោមតម្លៃទីផ្សារបន្តិច។
លោកបន្តថា “ដីដែលល្អ ដីដែលមានសក្ដានុពល នៅតែលក់នៅក្នុងតម្លៃទីផ្សារ ដោយអត់មានការចុះថ្លៃនោះទេ ហើយទោះបីស្ថិតនៅក្នុងដំណាក់កាលនេះក្ដី ក៏មានភ្ញៀវជាច្រើនបានមកស្វែងរកដីធ្លីនៅកំពតនិងកែប និងមានការទិញលក់ជាហូរហែផងដែរ មិនស្ងប់ស្ងាត់នោះឡើយ”។លោកថា “អ្នកមានលុយ គឺមានឱកាសនៅក្នុងដំណាក់នេះ គឺឱកាសក្នុងការរកទីតាំងដីតំបន់ល្អៗ និងមានតម្លៃទាបជាងទីផ្សារផងដែរ បើសិនជាទិញប៉ះចំម្ចាស់ដីដែលមានបញ្ហាហិរញ្ញវត្ថុ”។
ចំណែកលោកងិន ភីរម្យ ជាភ្នាក់ងារអចលនទ្រព្យម្នាក់នៅខេត្តកែបក៏បានឱ្យដឹងផងដែរថាការទិញលក់ដីធ្លីតូចធំនៅតែមាន ជាក់ស្ដែងក្រុមលោកបានទទួលភ្ញៀវមកមើលដីនិងសម្រេចចិត្តទិញភ្លាមៗ ដោយរំពឹងថានឹងអភិវឌ្ឍជាគម្រោងសម្រាប់ វិស័យទេសចរណ៍នៅពេលអនាគត ជាពិសេសក្រោយចប់វិបត្តិកូវីដ១៩ ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានលើកឡើងថា ជាទូទៅតម្លៃអចលនទ្រព្យមិនមានការចុះថ្លៃទេ នៅក្នុងពេលដែលកម្ពុជាមានវិបត្តិដោយសារជំងឺកូវីដ១៩ តែអចលនទ្រព្យមួយចំនួនក៏មានការថមថយ ដោយសារតែម្ចាស់អចលនទ្រព្យត្រូវការលក់បន្ទាន់ ដូច្នេះហើយទើបមានការធ្លាក់ចុះនៃតម្លៃ តែក៏មិនមែនធ្លាក់ចុះខ្លាំងនោះដែរ ៕